ខេត្តសៀមរាប ៖ បន្ទាប់ពីមានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ករណីមានបុរសម្នាក់ឡើងលើដំបូលផ្ទះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងជំនាញនិងកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ចុះអន្តរាគមន៍ដល់ទីកន្លែង និងបានឃាត់ខ្លួនបុរសម្នាក់នេះបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា បុរសម្នាក់នោះឈ្មោះ ពៅ សុធារុន អាយុ២៧ឆ្នាំ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តធ្វើតេស្តទឹកមូត្រ រកឃើញមានសារធាតុញៀន ដែលសន្និដ្ឋានបានថា បុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនរហូតធ្វើឱ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបឡើងលើដំបូលផ្ទះពលរដ្ឋធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ។

ជនសង្ស័យខាងលើ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត សម្រេចឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនខ្លួនទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ រួចរាល់ហើយ ។
សូមបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថខេត្ត បានដាស់តឿនជាសាធារណៈដល់ប្អួនៗ ក្មួយៗ សូមនិយាយថា «ទេ ! ចំពោះ«គ្រឿងញៀន» ព្រោះការសេពគ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ៕


ចែករំលែកព័តមាននេះ