ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ដង្ហែ​តុក្កតា​យក្ស​ឆ្នាំ​នេះ​ ​ទាក់​​ទាញ​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់

36 វិនាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប និង​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ បាន​ឈរ​តាម​ដងស្ទឹង​សៀមរាប​យ៉ាងច្រើន​កុះករ ព្រមទាំង​បាន​ចូលរួម​ដង្ហែ និង​ទស្សនា​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​តុក្កតា​យក្ស​ឆ្មាំ​២០២៦ នា​រាត្រី​ថ្ងៃ​ទី​២១…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប និង​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ បាន​ឈរ​តាម​ដងស្ទឹង​សៀមរាប​យ៉ាងច្រើន​កុះករ ព្រមទាំង​បាន​ចូលរួម​ដង្ហែ និង​ទស្សនា​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​តុក្កតា​យក្ស​ឆ្មាំ​២០២៦ នា​រាត្រី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​ដងផ្លូវ​ចេញ ពី​វត្ត​ដំណាក់​ឆ្ពោះទៅ​សួនច្បារ ជិត​ព្រះរាជ​ដំណាក់​ក្រុង​សៀមរាប​។

​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ក្បួន​ដង្ហែ​ព្រៃ​» ដើម្បី​អបអរសាទរ​សត្វព្រៃ​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា ចាប់ពី​ប្រភេទ​សត្វ​ល្បី​ៗ រហូត ដល់​សត្វ​កម្រ និង​ជិត​ផុត​ពូជ​។ សម្រាប់​ឆ្នាំ ២០២៦​នេះ​មាន​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​តុក្កតា​នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​មាន ១- រមាំង ២- ព្រាប ស ៣- ភេ​រោម​ច្រមុះ ៤-​ដំរី​អាស៊ី ៥- ទោច​ថ្ពាល់​លឿង ៦- អំពិលអំពែក ៧- តុកកែ​ខ្លួន​បង្កង់​ភ្នំក្រវាញ និង​៨- កេងកង​ធំ​) ។

ក្បួន​ដង្ហែ​ដ៏​រស់​រវើក​ដែល​រូប​តុក្កតា​យក្ស​ដែល​ច្នៃ​ឡើង​យ៉ាង​សម្រិត សម្រាំង នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ទីនោះ​រយៈពេល ៣​ថ្ងៃ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សាធារណជន​បាន​ទស្សនា និង​ថតរូប​ទុកជា​អនុស្សា​វរីយ៍​។

លោក អ៊ុ​ន សាវ៉ា​ន់ អ្នក​គ្រប់គ្រង​ទូទៅ​នៃ​គម្រោង​តុក្កតា​យក្ស បាន​បញ្ជាក់​ថា គម្រោង​នេះ​មិន​ត្រឹមតែ​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បណ្តុះ​ស្មារតី​កុមារ​ឱ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​ស្រឡាញ់​វប្បធម៌ បរិស្ថាន និង​យល់​ដឹង​ពី​តម្លៃ​សិល្បៈ​។

លោក​ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ យើង​រៀបចំ​ឡើង​យ៉ាង​ហ្មត់ចត់ ដោយ​ប្រើ​គ្រឿងផ្សំ​ពី​ធម្មជាតិ និង​សម្ភារៈ​សាមញ្ញ​ៗ​ដូច​ជា ឬ​ស្សី រំ​ពាក់ ក្រដាស និង​កាវ រួម​ជាមួយ​ការ​រចនា​ពន្លឺ​យ៉ាង​ប្រណីត ដើម្បី​ឱ្យ​រូប​សត្វ​នីមួយ​ៗ​លេច​ត្រដែត​នា​ពេល​រាត្រី​។

ព្រឹត្តិការណ៍​ដង្ហែ​តុក្កតា​យក្ស បាន​រួមចំណែក​មួយ ដ៏​សំខាន់​ក្នុង​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​សម្រាក​កម្សាន្ត​នៅ​ខេត្តសៀមរាប​កាន់តែ​ច្រើន ព្រោះ​វា​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​សិល្បៈ​សហគមន៍ និង​ការ​រួមចំណែក​យ៉ាង សកម្ម ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សត្វព្រៃ​កម្ពុជា​ទៅ​កាន់​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ