សង្គ្រាមអ៊ុយក្រែន ៖ ខណៈសល់ប៉ុន្មានថ្ងៃទៀតដល់ខួបលើកទី៤ នៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ប្រធានាធិបតីប្រទេសនោះ លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី អះអាងនៅថ្ងៃទី២០ កុម្ភៈ ថា កងទ័ពអ៊ុយក្រែនរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វាយដណ្ដើមយកបានពីកងទ័ពរុស្ស៊ីវិញ នូវដែនដីជាច្រើននាភាគខាងត្បូងប្រទេស ។ លោកហ្សេឡេនស្គីលើកឡើងថា មកដល់ថ្ងៃនេះ ដែនដីទំហំ៣០០គីឡូម៉ែត្រក្រឡា បានត្រូវរំដោះក្នុងការវាយបកដែលកំពុងប្រព្រឹត្តទៅ។

ការចរចាគ្នាដោយផ្ទាល់នាពេលថ្មីៗនេះរវាងរុស្ស៊ី និងអ៊ុយក្រែន ក្រោមការធ្វើអាជ្ញាកណ្ដាលរបស់អាមេរិក ត្រូវជាប់គាំងលើបញ្ហាវាសនាដុនបាស់ ជាតំបន់ឧស្សាហកម្មដ៏ធំនាភាគខាងកើតប្រទេស បច្ចុប្បន្នកាន់កាប់ស្ទើរទាំងស្រុងដោយរុស្ស៊ី ហើយដែលក្រុងគៀវបដិសេធមិនព្រមបោះបង់។ ប្រធានាធិបតីអ៊ុយក្រែនអះអាងទៀតថា អាមេរិកក៏ដូចរុស្ស៊ីដែរនិយាយថា ប្រសិនបើចង់ឲ្យសង្គ្រាមចប់ឆាប់ នោះអ៊ុយក្រែនត្រូវចាកចេញពីដុនបាស់ ។ លោកវាយតម្លៃថាក្រុងវ៉ាស៊ីនតោន បានគាបសង្កត់ថែមទៀតលើអ៊ុយក្រែន ដែលកំពុងស្ថិតក្នុងជំហរដ៏លំបាកបំផុត។
លោកថាអាមេរិកសម្លឹងឃើញរឿងបោះបង់ចោលដុសបាស់ថា ជាដំណោះស្រាយបញ្ហា ចំណែកសម្រាប់រុស្ស៊ីវិញ គឺការដណ្ដើមយកដុនបាស់ឲ្យបានឆាប់បំផុត។ ប្រធានាធិបតីអ៊ុយក្រែននិយាយថា ចង់បានដំបូងគេការធានាសន្តិសុខពីសំណាក់សហរដ្ឋអាមេរិក ដោយលោកថា បន្ទាប់មកយើងអាចនិយាយពីការសម្របសម្រួលនានាជាមួយរុស្ស៊ីដោយចាប់ចេញដំណើរពីជំហរខ្លាំងមួយ។
ម្យ៉ាងទៀតកងទ័ពអ៊ុយក្រែនកាលពីថ្ងៃទី២១កុម្ផៈ បានវាយប្រហារទីតាំងឧស្សាហកម្មរុស្ស៊ីមួយកន្លែង។ តាមអ៊ុយក្រែននិងបណ្ដាទូរទស្សន៍ក្រៅផ្លូវការរុស្ស៊ីទាំងឡាយថា នោះជារោងចក្រផលិតមិស៊ីលសំខាន់មួយរបស់រដ្ឋ។
ការវាយប្រហារនោះកើតមាននៅសាធារណរដ្ឋអ៊ូដមួរធី បណ្ដាលឲ្យមនុស្ស១១នាក់រងរបួស ក្នុងនោះ៣នាក់ត្រូវបញ្ជូនទៅមន្ទីរពទ្យ។ ប្រមុខតំបន់នោះនិយាយថា ទីតាំងឧស្សាហកម្មនេះរងការវាយប្រហារដោយដ្រូនអ៊ុយក្រែន ហើយក្រៅពីធ្វើឲ្យមនុស្សមួយចំនួនរងរបួស ក៏បង្កការខូចខាតច្រើនដែរ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនប្រកាសថា កងទ័ពខ្លួនបានវាយប្រហារ លើរោងចក្រមីស៊ីលសំខាន់មួយនៅជិតទីក្រុងវ៉ូតគីនស្ក៍ ដោយប្រើបណ្ដាមីសីុលបណ្ដែតFP-5 FLAMINGO ផលិតដោយអ៊ុយក្រែនខ្លួនឯង មិនមែនវាយប្រហារដោយដ្រូនឡើយ។
ប្លុកឧស្សាហកម្មយោធានោះ ស្ថិតនៅចម្ងាយដល់១៤០០គីឡូម៉ែត្រពីអ៊ុយក្រែន រងការប៉ះពាល់ដោយការវាយប្រហារនេះ បណ្ដាលឲ្យមានភ្លើងឆាបឆេះ។ រោងចក្រវ៉ូតគីនស្ក៍នោះផលិតមីសីុលបាលីស្ទិកISKANDER ដែលជារឿយៗប្រើប្រាស់ ក្នុងការវាយប្រហារប្រឆាំងអ៊ុយក្រែន ព្រមទាំងមីស៊ីលបាលីស្ទិករំលងទ្វីបអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ មីស៊ីលសម្រាប់នាវាមុជទឹក ព្រមទាំងមីស៊ីលលឿនជាងសំឡេងKINZHAL ។ ម្យ៉ាងវិញទៀតនាយប់ថ្ងៃទី២១មក២២កុម្ភៈ សេនា ធិការដ្ឋានកងទ័ពអ៊ុយក្រែនគូសបញ្ចាក់ថា កងទ័ពខ្លួនក៏វាយប្រហារដែររោងចក្រចម្រាញ់ឧស្ម័ន ក្នុងតំបន់សាម៉ារ៉ារុស្សុីបណ្ដាលឲ្យមានភ្លើងឆាបឆេះ។
ប្រទេសហុងគ្រីជាសមាជិកសហភាពអឹរ៉ុបថ្លែងថា ខ្លួននឹងរាំងខ្ទប់ប្រាក់កម្ចីបន្ទាន់៩០ពាន់់លានអឹរ៉ូសម្រាប់អ៊ុយក្រែន ដោយចោទប្រកាន់ប្រទេសដែលខ្ទេចខ្ទំដោយសង្គ្រាមនោះថា ជាអ្នកធ្វើឲ្យខូចខាតដល់បំពង់បង្ហូរប្រេងកាតពីរុស្ស៊ី ដែលបែបនេះជាការបង្កើនថែមទៀត ការប្រឈមមុខគ្នា ខណៈជិតដល់ការបោះឆ្នោតសភាក្នុងប្រទេសនោះនាខែមេសាខាងមុខនេះ៕
ចែករំលែកព័តមាននេះ