រាជធានីភ្នំពេញ៖ ក្មេងប្រុសជំទង់ម្នាក់រួមជាមួយមិត្តភក្ដិ២នាក់ទៀត បានជិះ ម៉ូតូ១ឌុបគ្នាទៅលេងបុណ្យភូមិ ប៉ុន្តជាអកុសលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ដោយសារតែមានម៉ូតូ១គ្រឿងទៀតជិះគ្នា២នាក់ឆ្លងផ្លូវទាក់ចង្កូតគ្នា បណ្ដាលឲ្យដួលនៅកណ្ដាលថ្នល់ ។ ពេលនោះក៏មានរថយន្តដឹកទូកុងតឺន័រគ្រឿង បើកបរក្នុងទិសដៅស្របគ្នាទៅដល់ ក៏បានបុកនិងកិនថែមបណ្ដាលឲ្យក្មេងប្រុសទំទង់រូបនោះបែកក្បាលស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័មនៅក្រោមរថយន្ត ចំណែកមិត្តភក្ដិទាំង២នាក់ រួមទាំងភាគីអ្នកជិះម៉ូតូឆ្លងផ្លូវ២នាក់ទៀតរងរបួសធ្ងន់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខខ្លោងទ្វារវត្តអរុណវតី ស្ថិតនៅក្នុងភូមិអូរដឹម សង្កសត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្មេងប្រុសជំទង់ដែលស្លាប់ខាងលើនោះឈ្មោះដុំ ឆេងកា អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលស្ថិតនៅតាមមហាវិថីចោមចៅ (ផ្លូវវ៉េងស្រេង) សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ ។
មិត្តភក្ដិប្រុសស្រីដែលជាអ្នករួមការងារជាមួយក្មេងប្រុសជំទង់រូបនោះបាននិយាយថា នៅមុនពេលកើតហេតុក្មេងប្រុសជំទង់ខាងលើរួមជាមួយមិត្តភក្ដិ២នាក់ទៀតបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1MH 3189 ឌុបគ្នា ។ ដោយបានធ្វើដំណើរចេញពីបន្ទប់ជួលនៅម្ដុំផ្លូវតាមបណ្ដោយវ៉េងស្រេង ដើម្បីទៅលេងបុណ្យភូមិនៅសង្កាត់កំបូល ខណ្ឌកំបូល ហើយពេលទៅដល់ចំណុចកើតហេតុ ក៏ស្រាប់តែជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់និងរបួសបែបនេះតែម្ដង ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅវេលាម៉ោងខាងលើ គាត់បានឃើញក្មេងប្រុសរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងខាងលើធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាកFUSO ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E – 6131 ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Kk -4611 ជិះគ្នា២នាក់បើកបរឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូងចេញពីខ្លោងទ្វារវត្តអរុណវតី ទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះ ខាងលើ បណ្ដាលឲ្យដួលទាំងអស់គ្នា នៅលើផ្លូវ ។
សាក្សីដដែលបានប្រាប់បន្តទៀតថា ពេលនោះរថយន្តកុងតឺន័រខាងលើបានទៅដល់ក៏បុកនិងកិនក្មេងប្រុសរងគ្រោះថែម បណ្ដាលឲ្យបែកក្បាល បែកសាច់ហូរឈាមទាំងថ្លុកស្លាប់ក្រោមរថយន្តយ៉ាងអាណោចអធ័ម រីឯម៉ូតូជាប់ពីមុខរថយន្ត ។ ចំណែកអ្នករួមដំណើរ២នាក់ទៀតបានរងរបួសធ្ងន់ ហើយភាគីម្ខាងទៀតដែលជាអ្នកជិះម៉ូតូឆ្លងផ្លូបបុរសម្នាក់និងស្ត្រីម្នាក់ ក៏បានរងរបួសធ្ងន់ដែរ និងម៉ូតូពួកគេបានដួលនៅមុខរថយន្តនោះផងដែរ បន្ទាប់មកអ្នកបើកបររថយន្តកុងតឺន័របានចុះរត់គេចខ្លួនចោលរថយន្តបាត់ស្រមោល ។
ក្រោយកេីតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ហើយនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានសហការជាមួយនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង រួចនាំយកម៉ូតូទាំង២គ្រឿងនិងរថយន្តកុងតឺន័រទៅរក្សាទុករង់ចាំការដោះស្រាយនាពេលក្រោយ ព្រមទាំងប្រគល់សពជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕







ចែករំលែកព័តមាននេះ