ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី ២១ កុម្ភៈ នៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ នាប៉ុន្មានម៉ោងក្រោយពីជនសង្ស័យរូបនេះ បានលួចយកម៉ូតូមន្ត្រីសាលាស្រុកសង្កែម្នាក់ ដែលជាអុ្នកភូមិផងរបងជាមួយគ្នា។
របាយការណ៏មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាំ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពុងព្រះ ស្រុកសង្កែ។ រីឯជនរងគ្រោះឈ្មោះ ឈៀក ឈុន ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីសាលាស្រុកសង្កែ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា។
ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជងាវុធហត្ថស្រុកសង្កែ ធ្វើការស្រាវជ្រាវរហូតកំណត់បាននូវមុខសញ្ញា និង ឈានដល់ការឃាត់ខ្លួនជនបាននៅចំណុចខាងលើ ហើយថែមទាំងដកហូតបានម៉ូតូ ដែលជាវត្ថុតាងមកវិញផងដែរ។
បើតាមសមត្ថកិច្ច ដែលបានស្រង់សម្ដីជនរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ មាំ ធារ៉ា ដែលគ្មានមុខរបរពិតប្រាកដរូបនេះ បានចូលលួចយកម៉ូតូរបស់់គាត់ នៅម៉ោង៧ព្រឹកថ្ងៃទី ២១ កុម្ភៈ រួចជិះគេចខ្លួនបាត់។
ក្រោយដឹងថា បាត់ម៉ូតូ គាត់ក៏បានប្ដឹងទៅសមត្ថកិច្ចភ្លាមៗដែរ ដើម្បីជួយអន្តរាគមន៏ជួយតាមចាប់មុខសញ្ញាជនសង្ស័យ លុះនៅរសៀលថ្ងៃដដែល ទើបសមត្ថកិច្ចតាមរកឃើញ និង ឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នា។
មន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ថា នៅពេលត្រូវឃាត់ខ្លួនភ្លាមៗ កម្លាំងសមត្ថកិច្ចមិនត្រិមតែដកហូតបានម៉ូតូទេ ថែមទាំងឆែកឆេរកឃើញថ្នាំញៀន (ម៉ាទឹកកក)ចំនួន០១កញ្ចប់តូចទៀតផង ដែលជននេះលាក់ទុកជាប់ខ្លួន។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយ៕



ចែករំលែកព័តមាននេះ