ខេត្តកំពង់ស្ពឺ៖ បុរសជាជាងភ្លើងប្រចាំរោងចក្រយីហោ ហ្គ្រីន ហៅវែរ អ៉ិនដាសស្ទ្រី ខេមបូឌា ឯ.ក ត្រូវបានជាងម៉ាស៊ីនប្រទះឃើញដេកស្លាប់ ខណៈដែលជនរងគ្រោះកំពុងបំពេញការងារហើយ ឆ្លងចរន្តភ្លើងឆក់ស្លាប់តែម្តង។
ហេតុការណ៍ប្រទះឃើញជាងភ្លើងត្រូវឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចកន្លែងបន្ទប់ដាក់ទូរចែកចាយអគ្គិសនីនៅក្នុងរោងចក្រយីហោ ហ្គ្រីន ហៅវែរ អ៉ិនដាសស្ទ្រី ខេមបូឌា ឯ.ក ស្ថិតនៅក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះជាជាងភ្លើងឆក់ស្លាប់នោះ នៅវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឈ្មោះ សឿង អ៉ីម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាងជួសជុលម៉ាស៊ីន នៅក្នុងរោងចក្រ ហ្គ្រីន ហៅវែរ អ៉ិនដាសស្ទ្រី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រទះឃើញឈ្មោះ សៀង វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង រស់នៅក្នុងភូមិផ្ដៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាងភ្លើងក្នុងរោងចក្រខាងលើ បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ នៅក្នុងបន្ទប់ ដាក់ទូរចែកចាយអគ្គិសនីនៅក្នុងរោងចក្រ។
នគរបាលស្រុកសំរោងទងបានបន្តថា បើតាម ឈ្មោះ សឿង អុីម ជាងជួសជុលម៉ាស៊ីន បានបំភ្លឺថា ជនរងគ្រោះខាងលើបានបំពេញការងារ ដើរពិនិត្យនិងកាច់កុងតាក់បើកភ្លើងក៏បានឆក់ស្លាប់ភ្លាមៗតែម្តង ហើយក៏បានរាយការណ៍ជូនរដ្ឋបាល និងសមត្ថកិច្ចជំនាញចុះពិនិត្យ។
នគរបាលស្រុកសំរោងទងបានបន្តទៀតថាករណីនេះ កម្លាំងនគរបាលជំនាញស្រុកសំរោងទងសហការជាមួយកម្លាំងការិយាល័យវិទ្យាសាស្ត្របច្ចេកទេសនិងកោសល្យវិច្ច័យខេត្តកំពង់ស្ពឺ មេឃុំ មេប៉ុស្ត៍ មេភូមិ រួមជាមួយក្រុមគ្រួសារសព បានពិនិត្យលើរាងកាយសពមានស្នាមឆក់ត្រង់ចំណុចគល់ចិញ្ចើម។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយពិនិត្យធ្វើកោសល្យវិច្ច័យរួចរាល់សពជនរងគ្រោះខាងលើនគរបាលជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ