ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​ បញ្ជូន​ទៅ​តុលាការ ករណីវាយ​សម្លាប់​សង្សារ ខឹងនាង​ជេរ​រឿងដើរ​ផឹកស៊ី​យប់​ជ្រៅ​បាន​ចូល​ផ្ទះ​

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ ពាក់​ពន្ធ​ករណី​ឃាតកម្ម វាយ និង​រិ​តក​សម្លាប់​ជន​រង​គ្រោះជា​សង្សា​រ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ ពាក់​ពន្ធ​ករណី​ឃាតកម្ម វាយ និង​រិ​តក​សម្លាប់​ជន​រង​គ្រោះជា​សង្សា​រ ជនជាតិ​ប៉ា​គី​ស្ថាន​ដូច​គ្នា ខឹង​ជន​រង គ្រោះ​ជេរ​ប្រមាថ​ដោយ​ប្រើ​ពាក្យ​ថា​ “​អា​ចុយ​ម្រា​យ អា​ឆ្កែ​”​ ដើរ​លេង​ផឹកស៊ី​ រហូត​យប់​ជ្រៅ​ បាន​ចូល​ផ្ទះ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ពន្ធ​អំពើ​ឃាតកម្ម​ខាងលើ​នេះ បន្ទាប់​ពី​សមត្ថ​កិច្ច​ជំនាញ បាន​បើក​ការ​ស៊ើបអង្កេតស្រាវជ្រាវ អស់​រយៈ​ជិត​មួយ​ខែ​កន្លង​មក ។

លោក​វរសេនីយ៍ឯក អេ​ង សោភា នាយ​កា​រិ​យ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ៣១ ខែមករា ឆ្នាំ​២០២៦ ម៉ោង​ប្រហែល​១៨ និង​៣០នាទី នៅ​ចំណុច​បន្ទប់​ឡៅតឿ​ “​ផ្ទះ​លេខ​៥៥F​ ផ្លូវ​លេខ​៦៨K ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ​បាន​កើត​មាន​អំពើ​ឃាតកម្ម​មួយ ដោយ​ឃា​ករ ​”​យក​ខ្សែកាប​ទូរទស្សន៍​រឹត​ក​” ​សម្លាប់​ជន​រង​គ្រោះ ហើយ​ជន​ជា​ឃាតករ​បាន​គេចខ្លួន​បាត់ ។
ជន​រង​គ្រោះ ឈ្មោះ KANWAL SHAMMSA ភេទ​ស្រី អាយុ ២៨ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ ។

នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​មានការ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ ញ៉ុ​ង រស់​មេត្តា ស្នងការ​រង​ទទួល​ការងារ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រូប​លោក​ផ្ទាល់ ជា​នាយ​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ចុះ​ទៅ​សហការ​ជាមួយអធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​កា​កាប​ទី​២ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​តែ​ម្តង ។

ជនសង្ស័យ​ឈ្មោះ HASSAN TAIM00R ភេទ​ប្រុស អាយុ​៣៣ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន មុខរបរ​មិន​ពិត​ប្រា​ដក កាន់​លិខិតឆ្លងដែន​លេខ HJ. (​ពុំ​មាន​ជាប់​ខ្លួន​) ទីលំនៅ​ផ្ទះ​កើតហេតុ ។

លោក​វរសេនីយ៍ឯក អេ​ង សោភា បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ៖ កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​៩​យប់ ខ្លួន​បាន​ទៅ​ផឹកស៊ី ​ជាមួយ​មិត្ត​ភក្តិ ​នៅ​បារ​មាត់ទន្លេ ក្នុង​សង្កាត់​ផ្សា​រក​ណ្ដ​ល​ទី​១ ខណ្ឌ​ដូនពេញ ​រាជ​ធានី​ភ្នំពេញ​ ​។ ពេល​ផឹកស៊ី​ហើយ ​វេលា​ម៉ោង​ប្រហែល​០១​រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦ ខ្លួន​ក៏បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ លុះ​ពេល​មក​ដល់​ផ្ទះ​សង្សា​ររបស់​ខ្លួន​(​ជន​រង​គ្រោះ​) បាន​សួរ​ថា ៖ ទៅ​ផឹកស៊ី​ អី​ក៏​យូរ​ម្លេះ ? ខ្លួន​ក៏​ឆ្លើយ​ថា ធ្វើ​ម៉េច​មនុស្ស​ប្រុស​ដើរ​លេង​ផឹកស៊ី​ជ្រុល​ម៉ោង​បន្តិច​ហើយ ។ បន្ទាប់​មក ​ស្ត្រី​ជាស​ង្សា​រ បាន​ជេរ​ខ្លួន​ថា កូន​អា​ឆ្កែ ពេល​នោះ​ខ្លួន​ក៏​ខឹង​ខ្លាំង ​ស្ទុះ​ទៅ​ទះកំភ្លៀង​ សង្សា​រ ៤​ដៃ បណ្ដាល​ឲ្យ​សន្លប់​បាត់បង់​ស្មារតី ប៉ុន្តែ​ប្រហែល​១០នាទី ក្រោយមក​សង្សា​រ បានដឹង​ខ្លួន​វិញ ។ ក្រោយពេល​នាង​ដឹងខ្លួន​ ក(បាន​ជេរ​បន្ត​ទៀត​ថា “​អា​ចុយ​ម្រា​យ អា​ឆ្កៃ​” ដោយ​ឮ​ពាក្យ​សម្តី​ជេរ​ដៀល​ប្រមាថ ​យ៉ាង​ដូច្នេះ ខ្លួន​មាន​កំហឹង​កាន់តែ​ខ្លាំង ទើប​សម្រេចចិត្ត​ទាញ​ផ្ដាច់​ខ្សែ​អុ​ប​ទិច (​ខ្សែកាប​ទូរ​ទស្សន៍​) មក​ទាក់​ក​សង្សាររ​ហូត​ដល់​ស្លាប់ ។

ជនសង្ស័យ​សារភាព​ទៀត​ថា បន្ទាប់​ពី​ខ្លួន​បាន​ធ្វើ​សកម្មភាព​រិ​តក​សម្លាប់​សង្សារ​ហើយ ខ្លួន​បាន​ហៅ​មិត្ត​ភក្តិ ​ឈ្មោះ DAVID ប្រពន្ធ​ឈ្មោះ BATOOL NADLA និង​ឈ្មោះ MUSIAQ AJAS ឲ្យ​ហៅ​រថយន្ដ​តាក់ស៊ី​ ម៉ាក​ព្រុស ដឹក​សង្សា​រទៅ​មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ តែ​មិន​អាច​សង្គ្រោះ​បាន ដោយ​ជន​រង​គ្រោះ ​បាន​បាត់បង់​អាយុជីវិត​ទៅ​ហើយ បន្ទាប់​មក​មិត្ត​ភក្តិ​របស់​ខ្លួន​ បាន​ទុក​សាកសព​ចោល​នៅ​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ​ខ្លួន និង​បក្ខពួក​បាន​ចាក​ចេញពីផ្ទះ​ជួល រ​ហូត​ដល់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​ស្ថានទូត​ប៉ា​គី​ស្ថាន សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ តែ​ម្តង ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ