រាជធានីភ្នំពេញ ៖ ជនសង្ស័យ ៥នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ និងខ្មែរ ៣នាក់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់ពីបទ.ហិង្សាដោយចេតនា និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តនៅចំណុចបុរីវិមានភ្នំពេញ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ២១៧ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ។
បើយោងតាមការចោទប្រកាន់លើមាត្រា ២១៧ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ជនត្រូវចោទប្រឈមជាប់ពន្ធនាគារជាច្រើនឆ្នាំ និងពិន័យជាប្រាក់រាប់លានរៀល ។
ជនសង្ស័យទាំង៥នាក់ មាន ៖
១.ឈ្មោះ សួន ចាន់ថារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខររបរ ជាអ្នកបើកបររថយន្ត ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២.ឈ្មោះ ជា វណ្ណធុជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
៣.ឈ្មោះ មាស ឈន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៤.ឈ្មោះ ថាង ផឹង (TANG PENG) ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនអគ្គិសនី ស្នាក់នៅអគារពាណិជ្ជកម្មយីហោជាន់សឺធានខុង ម្តុំកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៥.ឈ្មោះ ផឹង ស៊ានសួយ (PENG XIANGSHUI) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនអគ្គិសនី ស្នាក់នៅក្នុងអគារពាណិជ្ជកម្មយីហោជាន់សឺធានខុង ម្តុំកោះពេជ្រ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនសង្ស័យចំនួន ៥នាក់ ជនរងគ្រោះម្នាក់ និងសាក្សី ៤នាក់ ពីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ពាក់ពន្ធករណី ប្រើអំពើហិង្សាដោយចេតនា ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីចាត់ការតាមនីតិវិធីបន្ត ។
របាយការបញ្ជាក់ថា អង្គហេតុខាងលើ ដំបូងឡើយភាគីជនរងគ្រោះជាជនជាតិចំនួន៥នាក់ បានធ្វើដំណើរមកពីខេត្តព្រះសីហនុ មកស្នាក់នៅបណ្តោះអាសន្ន ទីតាំងក្នុងបុរីវិមានភ្នំពេញ ផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀមចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសចិនវិញ ។ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រហែលវេលាម៉ោង១៦ និង៣០នាទីរសៀល ស្រាប់តែមានជនសង្ស័យ ១ក្រុមមានគ្នាប្រមាណ១០នាក់ (ជនជាតិខ្មែរ៤នាក់ ជាអ្នកបើកបររថយន្ត និងជនជាតិចិន៦នាក់) ជិះរថយន្តចំនួន៣គ្រឿង បានទៅឈប់ក្បែរទីតាំងជនរងគ្រោះស្នាក់នៅ ហើយស្រែកឡូឡា ដែលជនរងគ្រោះមិនបានស្គាល់ក្រុមទាំងអស់នោះទេ ។ ខណៈឃើញសកម្មភាពក្រុមជនសង្ស័យធ្វើយ៉ាងដូច្នោះ ភាគីខាងជនរងគ្រោះមានការភ័យខ្លាច ហើយក៏បាននាំគ្នារៀបចំសម្ភារៈដើរចេញពីទីតាំងបុរីខាងលើ ដើម្បីទៅរកកន្លែងសុវត្តិភាព ពេលនោះ ស្រាប់តែជនសង្ស័យបើករថយន្តស្ទាក់ចាប់ឈ្មោះ លីង ជីងហ័ង LIN JINGHUANG វាយដំជាំភ្នែក និងរុញបញ្ចូលក្នុងរថយន្តដឹកជនរងគ្រោះយកទៅបង្ខាំងទុកនៅក្នុងអគ្គារពាណិជ្ជកម្មយី ហោ ជាន់សឺធានខុង ជាន់ទី៨ និងបង្ខំឲ្យជនរងគ្រោះផ្តិតមេដៃលើឯកសារមិនដឹងជាឯកសារអ្វី និងបានថតវីដេអូជនរងគ្រោះជាមួយកញ្ចប់ម្សៅ និងគម្រាមជនរងគ្រោះថា បើមិនធ្វើតាមពួកគេទេ ពួកគេនឹងផ្ញើរូបជនរងគ្រោះកាន់កញ្ចប់ម្សៅនោះ ទៅឲ្យស្ថានទូតចិន ដោយចោទថា ជាមេជួញដូរគ្រឿងញៀន និងគំរាមមិនឲ្យប្តឹងសមត្ថកិច្ចទៀតផង ។ បន្ទាប់ជនសង្ស័យបាននាំជនរងគ្រោះមកជាន់ក្រោមផ្ទាល់ដី គោលបំណងឲ្យទូរសព្ទទាក់ទៅមិត្ត ភក្តិ ឬសាច់ញាតិ ដើម្បីរកប្រាក់មកដោះខ្លួនឲ្យផុតពីការធ្វើទារុណ កម្មរបស់ក្រុមគេ ។ ដោយសារមានការភ័យខ្លាច ជនរងគ្រោះបានឆ្លៀតឱកាសរត់ចេញពីក្រុមជនសង្គមងងឹត បើទោះបីជួបឧបសគ្គយ៉ាងណាក្តី ទីបំផុតគឺបានទៅរកសមត្ថកិច្ចឲ្យជួយ ។
នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតសម្ភាររួមមាន ៖
រថយន្តចំនួន ០២គ្រឿង ១,ម៉ាក TOYOTA HILUX REVO ពាក់ផ្លាកលេខ ភ្នំពេញ 2CI-1670 ពណ៌ខ្មៅ ចំនួន ០១គ្រឿង និង ២,ម៉ាក TOYOTA GRANVIA ពាក់ផ្លាកលេខ ភ្នំពេញ 2BS-0888 ។
ជនសង្ស័យទាំង៥នាក់ គឺជនជាតិចិន២ បានសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេចាប់ជនរងគ្រោះដោយប្រើអំពើហិង្សា វាយដំធ្វើទារុណកម្ម រុញបញ្ចូលក្នុងរថយន្ត ដឹកយកទៅបង្ខាំងទុក ដើម្បីទារប្រាក់ តាមការពឹងពាក់ពីបក្ខពួកម្នាក់ទៀត ដែលជាអ្នកបញ្ជា ។ រីឯជនសង្ស័យ ៣នាក់ ជនជាតិខ្មែរ ជាតៃកុងឡានជនជាតិចិន គឺសម្រាប់ចិនប្រើឲ្យធ្វើអីធ្វើតាមគេទាំងអស់ព្រោះស៊ីប្រាក់ខែចិន ៕


ចែករំលែកព័តមាននេះ