ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ​ជូន​ក្រុម​កីឡាករ​គុន​ខ្មែរ​អន្តរជាតិ​ មក​ពី២០​ប្រទេស ទស្សនកិច្ច​កម្សាន្ត​នៅ​​ឆ្នេរ​ឋានសួគ៌​ ​ក្រុង​កោះ​រ៉ុ​ង

7 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ពិសេស​មួយ ជូន​ដល់​ប្រតិភូ និង​ក្រុម​កីឡាករ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី​៦ ដែល​អញ្ជើញ​មក​ពី…

ខេត្ត​ព្រះ​សីហ​នុ ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ពិសេស​មួយ ជូន​ដល់​ប្រតិភូ និង​ក្រុម​កីឡាករ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី​៦ ដែល​អញ្ជើញ​មក​ពី ២០​ប្រទេស​ ជុំវិញ​ពិភពលោក ដើម្បី​ទៅ​សម្រាក​កម្សាន្ត និង​ទស្សនា​សម្រស់​ធម្មជាតិ​ដ៏​វិសេសវិសាល ​នៃ​ក្រុង​កោះ​រ៉ុ​ង ​ខេត្ត​ព្រះ​សីហ​នុ នេះបើតាមប្រភពពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ ​។

បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៅ​ឆ្នេរ​ខ្សាច់​សក្បុស ដំណើរ​កម្សាន្ត​រយៈពេល​មួយ​ថ្ងៃ​ពេញ​នេះ បាន​នាំ​ក្រុម​កីឡាករ​អន្តរជាតិ​ទៅ​កាន់ «​ឆ្នេរ​ឋានសួគ៌​» (Long Beach) ដែល​ជា​មរកត​ដ៏​មាន​តម្លៃ​បំផុត ​នៃ​ក្រុង​កោះ​រ៉ុ​ង​។ ​ទី​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឆ្នេរ​ខ្សាច់​សក្បុស​ មាន​ប្រវែង​វែង​អន្លាយ ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ និង​មាន​ខ្យល់អាកាស​បរិសុទ្ធ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​សម្រាក​កម្សាន្ត​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ។

ដំណើរ​កម្សាន្ត​នេះ​ មិន​ត្រឹមតែ​ជា​ការ​ផ្ដល់​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​ពិភពលោក​ នូវ​សម្រស់​ធម្មជាតិ​ពិត​ៗ​ នៃ​កោះ​រ៉ុ​ង ដែល​ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក បង្ហាញ​ពី​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​របស់​រដ្ឋបាល​ខេត្ត និង​ប្រជាជន​កម្ពុជា ទៅ​កាន់​ភ្ញៀវ​អន្តរជាតិ ​។

ជំរុញ​ឱ្យ​ក្រុមកីឡា​ករទាំង ២០​ប្រទេស ក្នុង​ការ​នាំ​យក​ព័ត៌មាន និង​រូបភាព​ស្អាត​ៗ​ពី​កម្ពុជា​ ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ ​។

ក្រុម​កីឡាករ​អន្តរជាតិ​ បាន​បង្ហាញ​ក្ដី​រំភើប​យ៉ាង​ខ្លាំង ចំពោះ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល និង​សន្តិសុខ​សណ្តាប់ធ្នាប់​ដ៏​ល្អ​ប្រសើរ​នៅ​ក្នុង​ក្រុង​កោះ​រ៉ុ​ង​។ ពួក​គេ​បាន​ចាត់​ទុក​កម្ពុជា​ថា ជា​ប្រទេស​ ដែល​មាន​សក្ដានុពល​ខ្ពស់ មិន​ត្រឹមតែ​លើ​វិស័យ​កីឡា​គុន​ខ្មែរ​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​វិស័យ​ទេសចរណ៍​សមុទ្រ​ទៀត​ផង ​។

គួរ​បញ្ជាក់​ថា ការ​រៀបចំ​ដំណើរ​កម្សាន្ត​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ដឹកនាំ​របស់លោក ម៉ាង ស៊ី​ណេ​ត ក្នុង​ការ​ជំរុញ​ឱ្យ​ខេត្ត​តំបន់ឆ្នេរ​មួយ​នេះ ក្លាយជា​មជ្ឈមណ្ឌល ​នៃ​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ជា​បន្តបន្ទាប់​ ។

កោះ​រ៉ុ​ង​ គឺជា​ឋានសួគ៌​ក្រោម​មេឃ ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​ជា​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​។ ​ភ្ញៀវ​អាច​មក​សម្រាកលម្ហែ ​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​បំផុត ទទួលទាន​ម្ហូបអាហារ​សមុទ្រ​ស្រស់​ៗ​ដ៏​មាន​រស់ជាតិ និង​ចូលរួម​សកម្មភាព​កម្សាន្ត​ជា​ច្រើន ​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ ។

កោះ​រ៉ុ​ង​មាន​ផ្ទៃក្រឡា​ប្រមាណ ៧៨គីឡូ​ម៉ែត្រការ៉េ (​ជា​កោះធំ​ជាងគេ​ទី​ពីរ ​នៅ​កម្ពុជា​)​។ ​កោះ​នេះ​មាន​ភូមិ​ចំនួន ៤ គឺ ភូមិ​កោះ​តូច ភូមិ​ដើម​ថ្កូវ ភូមិ​ព្រែក​ស្វាយ និង​ភូមិ​សុខសាន្ត ​។

សម្រស់​ឆ្នេរ​ខ្សាច់ កោះ​រ៉ុ​ង ​ល្បីល្បាញ​ដោយសារ​មាន​តំបន់​ធម្មជាតិ​ដ៏​ទាក់ទាញ​ដូច​ជា​ទេសភាព​ធម្មជាតិ​ស្រស់​ត្រកាល​និង​មាន​ខ្យល់អាកាស​បរិសុទ្ធ ទឹកជ្រោះ ឧទ្យាន​ព្រៃកោងកាង​ដ៏​ស្រស់​ស្អាត ឆ្នេរ​ខ្សាច់​សក្បុស និង​ទឹកសមុទ្រ​ថ្លា​ឆ្វេង និង​មាន​ឧទ្យាន​បាត សមុទ្រ​សម្បូរ​ដោយ​ជីវៈចម្រុះ​ដ៏​ទាក់ទាញ មាន​ឆ្នេរ​ល្បី​ៗ​ជា​ច្រើន ដូច​ជា ៖ ឆ្នេរ​កោះ​រ៉ុ​ង ( Koh Rong Beach/4K Beach) មាន​ខ្សាច់​សក្បុស និង​ស្ងប់ស្ងាត់ ល្អ​សម្រាប់​ការ​ហែល​លេង​ ។ ឆ្នេរ​សុខសាន្ត (Sok San Beach) មាន​ប្រវែង​វែង​ជាងគេ (​ប្រហែល ៧ គីឡូម៉ែត្រ​) មាន​ភាព​ស្ងប់ស្ងាត់ និង​ប្រណីត​ ។ ឆ្នេរ​កោះ​តូច (Koh Touch): ជា​ឆ្នេរ​សហគមនាគមន៍​មូលដ្ឋាន មាន​សកម្មភាព​អាជីវកម្ម​រស់​រវើក សម្បូរ​ទៅ​ដោយ​បារ ភោជនីយដ្ឋាន និង​សកម្មភាព​សប្បាយ​ៗ​នៅ​ពេល​យប់​ ។ នៅ​ពេល​យប់​ងងឹត អ្នក​អាច​មើលឃើញ​ពន្លឺភ្លើង​តូច​ៗ​នៅ​ក្នុង​ទឹកសមុទ្រ (Phytoplankton) ដែល​ជា​ចំណុច​ទាក់ទាញ​បំផុត​ ។

កោះ​រ៉ុ​ង​ មាន​ចម្ងាយ​ពី​ក្រុងព្រះសីហនុ ប្រហែល ២៥ ទៅ ៣០ គីឡូម៉ែត្រ ពី​កំពង់​ផែ​ក្រុងព្រះសីហនុ​។ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​តាម​កាណូត​ល្បឿន​លឿន (Speed Boat) ​ដោយ​ចំណាយពេល​ប្រហែល ៣៥-៤៥ នាទី ឬ ១ ម៉ោង (​អាស្រ័យ​លើ​អាកាសធាតុ និង ចំងាយ​កោះ​)​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ