ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ​ចែករំលែក​បទ​ពិសោធ​ អំពី​ការ​ត្រួតពិនិត្យ​អនុលោម​ ភាព​ច្បាប់ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្សនិងបរិស្ថាន, លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ, និង​កិច្ច​សន្ទនា​សង្គម

4 ម៉ោង មុន

ទីក្រុង​ប៉ា​រី​ស​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​៖ «​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ច្បាប់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​បរិស្ថាន…

ទីក្រុង​ប៉ា​រី​ស​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​៖ «​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ច្បាប់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​បរិស្ថាន ជា​ច​លករ​សម្រាប់​ការ​ចាក​ចេញ ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ​ប្រកបដោយ​ចីរភាព ការ​អនុវត្ត​លក្ខខណ្ឌ​សុវត្ថិភាព​និង​សុខភាព​ការងារ និង​កិច្ច​សន្ទនា​សង្គម​» នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ នាទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្នុង​វេទិកា​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​(OECD) ស្តី​ពី​ការ​ត្រួតពិនិត្យ​អនុលោម​ភាព ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង ​។

ក្នុង​កិច្ច​ពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចែករំលែក​នូវ​បទ​ពិសោធ​របស់​កម្ពុជា ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ ប្រកបដោយ​និរន្តរភាព ​នៃ​វិស័យ​កាត់ដេរ ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ (GFT) ដែល​ជា​វិស័យ​ស្នូល​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើន​ឱកាស​ការងារ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នានា ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​ច្បាប់ ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ ។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ការងារ​នេះ​សម្រេច​ទៅ​បាន ​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​សង្គម និង​ដៃគូ​អភិវឌ្ឍន៍ ដូច​ជា​អង្គការ ILO និង​ទីភ្នាក់ងារ GIZ ជាដើម​។ ក្នុង​ន័យ​នេះ កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ ​ដែល​បាន​អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ (ILO-BFC) ដែល​បច្ចុប្បន្ន​ត្រូវ​បាន​យក​ធ្វើ​ជា​គំរូ​ នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត ​។ បន្ថែម​លើ​នេះ កម្ពុជា​បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​អធិការកិច្ច​ការងារ​, ពង្រឹង​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​, រក្សា​និរន្តរភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​, លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ពង្រឹង​ការ​គ្រប់គ្រង​បរិយាកាស​ការងារ ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

ជា​ចុង​ក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ច្បាប់​នេះ មិនមែន​ជា “​បន្ទុក​” នោះ​ទេ ប៉ុន្តែ​គឺជា “​កាលានុវត្តភាព​ថ្មី​” ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​លើកកម្ពស់​ ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​ធ្វើ​សមាហរណកម្ម​ខ្លួន​កាន់តែ​ស៊ីជម្រៅ ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ ៕ អត្ថបទសហការ