ខេត្តបាត់ដំបង៖ ក្នុងស្មារតីជំរុញការងារជូនប្រជាពលរដ្ឋក្នុងស្រុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកសំឡូត ខេត្តបាត់ដំបង ដោយបាននាំយកឱកាសការងារសរុបចំនួនជាង ៣ពាន់ កន្លែង ពីបណ្តារោងចក្រ សហគ្រាស និងសិប្បកម្មចំនួន៨ ដើម្បីផ្តល់ជូនដោយផ្ទាល់ដល់ អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើទាំងអស់ ។

វេទិកាការងារដែលរៀបចំឡើង ជារៀងរាល់ចុងសប្តាហ៍ នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលកំពុងផ្តល់ឱកាសការងារក្នុងស្រុកសរុបចំនួន ៨៦ ០១៧ កន្លែងនៅទូទាំងប្រទេស ជូនដល់បងប្អូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការជ្រើសរើសការងារក្នុងស្រុកគឺជាសញ្ញាវិជ្ជមាន ក្នុងការកសាងជីវភាពឱ្យបានប្រសើរ ជាជាងការប្រឈមនឹងបញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងការបាត់បង់ឱកាសរស់នៅជួបជុំគ្រួសារ ។

ឯកឧត្តម បន្តថា ក្រៅពីទទួលបានការងារធ្វើ បងប្អូនកម្មករនិយោជិត នឹងក្លាយជាសមាជិក ប.ស.ស. ដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗ ជាច្រើនដូចជា ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនចំណាយប្រាក់ ការការពារ និងទទួលបានតាវកាលិក នៅពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងទទួលបានប្រាក់សោធននិវត្តន៍ សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរា ដូចមន្ត្រីរាជការផងដែរ ។ បន្ថែមលើនេះ ក្រសួងបានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ។

សូមបញ្ជាក់ថា បណ្ដារោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន៨ រួមមាន ១. សិប្បកម្មសានពៅ
២. រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌី ៣. រោងចក្រ ហ្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក. ៤. រោងចក្រ អាយឌាលហ្វើនឈ័រ ឯ.ក. ៥. រោងចក្រ អ ហូម ហ្វើនីស៊ីង ឯ.ក. ៦. ក្រុមហ៊ុន ថាកូ អាហ្គ្រី ៧. ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និង ៨. ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ (ជ្រើសរើសទៅប្រទេសជប៉ុន) ៕ អត្ថបទសហការ













ចែករំលែកព័តមាននេះ