ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​គ្រោង​នាំ​យក​ឱកាស​ការងារ ៨៦ ០១៧កន្លែង​ សម្រាប់​អតីត​ពលករ និង​ពលរដ្ឋ​ក្នុង​ខេត្ដក្រចេះ និង​កំពង់ធំ​ ចុង​ស​ប្តា​ហ៍​នេះ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​នាំ​យក​ឱកាស​ការងារ ៨៦,០១៧ កន្លែង​សម្រាប់​អតីត​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ យុវជន និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ខេត្ដក្រចេះ និង​កំពង់ធំ…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​នាំ​យក​ឱកាស​ការងារ ៨៦,០១៧ កន្លែង​សម្រាប់​អតីត​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ យុវជន និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ខេត្ដក្រចេះ និង​កំពង់ធំ នៅ​ថ្ងៃ​ទី​១៤-១៥ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ដើម្បី​ទទួល​បានការ​ងារ​ធ្វើ​ភ្លាម​ៗ​។

នេះ​បើ​តាម លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា តាម​រយៈ​វេទិកា​ការងារ​នេះ បងប្អូន​អតីត​ពលករ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ និង​ខេត្តកំពង់ធំ ដែល​កំពុង​ស្វែងរក​ការងារ អាច​អញ្ជើញ​មក​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ជាមួយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ធំ​ៗ ដែល​ចុះ​ទៅ​ផ្ទាល់​នៅ​ទីតាំង​ចំនួន ៤ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៣​រសៀល​។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកុម្ភៈ វេទិកា​នឹង​រៀបចំ​ឡើង​ក្នុង​បរិវេណ​សាលាស្រុក​ស្នួល ស្ថិត​ក្នុងស្រុក​ស្នួល ខេត្ដក្រចេះ និង​បរិវេណ​សាលាស្រុក​ប្រាសាទ​បល្ល័ង្ក ស្ថិត​ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។ ចំណែក​ថ្ងៃអាទិត្យ ទី​១៥ ខែកុម្ភៈ នឹង​រៀបចំ​ឡើង​ក្នុង​បរិវេណ​សាលាស្រុក​ឆ្លូង ស្ថិត​ក្នុងស្រុក​ឆ្លូង ខេត្ដក្រចេះ និង​នៅ​ក្នុង​បរិវេណ​សាលាស្រុក​ស្ទោង ស្ថិត​ក្នុងស្រុក​ស្ទោង ខេត្ដកំពង់ធំ​។

បើ​តាម​លោក ស៊ុន មេ​សា បងប្អូន​អតីត​ពលករ​ដែល​ចូលរួម​នឹង​ទទួល​បានការ​ដឹក​ជញ្ជូន​ចូលរួម​កម្មវិធី អាហារ និង​ភេសជ្ជៈ ដោយ​ឥត​គិតថ្លៃ ព្រមទាំង​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥត​គិតថ្លៃ និង​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ផង​ដែរ​៕ អត្ថបទសហការ