រាជធានីភ្នំពេញ ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់ត្រពាំងក្រសាំង ដែលមានឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតចំនួន ៧៨គ្រួសារ ។ នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង និងសប្បុរសជន ជាច្រើនរូបទៀត ។

នៅក្នុងឱកាសនោះ ឯកឧត្តម ងុយ រិទ្ធ បានលើកឡើងនូវវីរភាពរបស់វីរកងទ័ពរបស់កម្ពុជា ដែលបានលះគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពាន ពីប្រទេសជិតខាង ។

ឯកឧត្ដម មានប្រសាសន៍បន្តថា សម្រាប់កម្លាំងជួរក្រោយ នៅតែបន្តគាំទ្រវីរកងទ័ពជួរមុខ ហើយការចុះជួបសំណេះសំណាលនាពេលនេះ ក៏ដើម្បីពាំនាំនូវការនឹករលឹកពីសំណាក់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំពោះបងប្អូនគ្រួសារវីរកងទ័ព ដែលនៅក្នុងសង្កាត់ត្រពាំងក្រសាំង ក៏ដូចជានឹករលឹក ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្ដមរដ្ឋមន្ត្រី ។

បន្ទាប់ពីជួបសំណេះសំណាលរួច ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំងបាននាំយកអំណោយរបស់សប្បុរសជនចែកជូនគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតផងដែរ ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ