ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ពលករ និង​ពលរដ្ឋ​ខ្មែរ ​ជិត ៤​ពាន់​នាក់​បាន​ចូលរួម និង​ទទួល​បានការ​ងារ ​ក្នុង​វេទិកា​ការងារ​នៅ ​ខេត្ត​ប៉ៃលិន​និង​បាតដំបង

6 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ យុវជន និង​អ្នក​ស្វែងរក​ការងារ​សរុប​ជិត ៤​ពាន់​នាក់​បាន​ចូលរួម និង​ទទួល​បាន​ឱកាស​ការងារ​ពី​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ប៉ៃលិន…

រាជធានី​ភ្នំពេញ​ ៖ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ យុវជន និង​អ្នក​ស្វែងរក​ការងារ​សរុប​ជិត ៤​ពាន់​នាក់​បាន​ចូលរួម និង​ទទួល​បាន​ឱកាស​ការងារ​ពី​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​៧-៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​ខ្មែរ​ជួយ​រក​ការងារ និង​ផ្ដល់​ការងារ​ឱ្យ​ខ្មែរ​” ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ នេះ​ថា វេទិកា​ការងារ​នេះ​បាន​រៀបចំ​ឡើង​នៅ​ទីតាំង ៤​កន្លែង រួម​មានស្រុក​សាលា​ក្រៅ​និង​ក្រុង​ទេពនិមិត្ត ខេត្ត​ប៉ៃលិន និង ស្រុក​សំឡូត​និង​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការងារ​ដែល​មាននៅ​ក្នុងស្រុក​យ៉ាង​សម្បូរ​បែប​ជូន​ដល់​អតីត​ពលករ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ​។

លោក​បញ្ជាក់​ថា វេទិកា​ការងារ​នេះ មាន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ យុវជន និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣,៧១៣​នាក់ បាន​អញ្ជើញ​ចូលរួម​ស្វែងរក ​ការងារ​ធ្វើ​ក៏​ដូច​ជា​ស្វែង​យល់​បន្ថែម ​អំពី​អត្ថប្រយោជន៍​ នៃ​របប​សន្តិសុខ​សង្គម និង​ឱកាស​ចូល​រៀន ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ។

ក្នុង​ឱកាស​នោះ មាន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៩៦​នាក់ (​តួលេខ​បឋម​) ដែល​ទទួល​បានការ​ងារ​ពី​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ធំ​ៗ​ចំនួន ៧​ដែល​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ឱកាស​ការងារ និង​ជ្រើសរើស​កម្លាំង​ពលកម្ម​ដល់​មូលដ្ឋាន​ផ្ទាល់​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់ លោក ស៊ុន មេ​សា ​។

អ្នកនាំពាក្យ​រូប​នេះ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ពលរដ្ឋ​ខ្មែរ​ដែល​ខក​ខានមិនបាន​ចូលរួម​ក្នុង​វេទិកា​នេះ សូម​ទាក់ទង​មក​លេខ ១២៩៧ ដែល​មាន​មន្ត្រី​ក្រសួង​ការងារ​នៅ​រង់ចាំ​ទទួល​ទូរ​សព្ទ ៧​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍ ដើម្បី​ផ្ដល់​ជូន​នូវ​ឱកាស​ការងារ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ ។

សូម​រំ​ឮ​កថា មក​ទល់​ពេល​នេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​វេទិកា​ការងារ​សរុប​ចំនួន ៥៨៧​លើក ខណៈ​ពលរដ្ឋ​ខ្មែរ និង​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ជាង ៦២​ម៉ឺន​នាក់​ទទួល​បានការ​ងារ​ធ្វើ​ ៕ អត្ថបទសហការ