ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ណាស់ ! ម្សៅរំដេងក្លែងក្លាយ ចែកចាយពេញទីផ្សារ និងរោងចក្រនៅវៀតណាម

6 ម៉ោង មុន

ខេត្ត​បាក់​និ​ញ ៖ អាជ្ញាធរ​វៀតណាម​បង្ក្រាប​ទីតាំង​ផលិត «​ម្សៅ​រំដេង​ក្លែងក្លាយ​» ដែល​យក​មើម​ចេក​មក​កិន​លាយ​ជាមួយ​ថ្នាំ​ជ្រលក់​ពណ៌​ក្រណាត់ ដែល​ជា​សារធាតុ​គីមី​ហាមឃាត់​ដាច់ខាត​ក្នុង​ចំណីអាហារ ។ ម្សៅ​រំដេង​ក្លែងក្លាយ​សម្រាប់​ប្រលាក់សាច់​ទាំងនេះ ត្រូវ​បាន​ចែកចាយ​លើ​ទីផ្សារ និង​ផ្គត់ផ្គង់​ទៅ​តាម​រោងចក្រ…

ខេត្ត​បាក់​និ​ញ ៖ អាជ្ញាធរ​វៀតណាម​បង្ក្រាប​ទីតាំង​ផលិត «​ម្សៅ​រំដេង​ក្លែងក្លាយ​» ដែល​យក​មើម​ចេក​មក​កិន​លាយ​ជាមួយ​ថ្នាំ​ជ្រលក់​ពណ៌​ក្រណាត់ ដែល​ជា​សារធាតុ​គីមី​ហាមឃាត់​ដាច់ខាត​ក្នុង​ចំណីអាហារ ។

ម្សៅ​រំដេង​ក្លែងក្លាយ​សម្រាប់​ប្រលាក់សាច់​ទាំងនេះ ត្រូវ​បាន​ចែកចាយ​លើ​ទីផ្សារ និង​ផ្គត់ផ្គង់​ទៅ​តាម​រោងចក្រ ក្នុង​ចំនួន​រាប់​តោន​មក​ហើយ ។

អាជ្ញាធរ​ខេត្ត​បាក់​និ​ញ ទើបតែ​បាន​វាយ​ខ្នោះ​ម្ចាស់​សិប្បកម្ម​ផលិត​ម្សៅ​រំដេង​ម្នាក់ ក្រោយ​ពី​ស្រាវជ្រាវ​រក​ឃើញ​ការ​ពិត​ថា ម្សៅ​រំដេង​ទាំងនោះ គឺជា​ម្សៅ​រំដេង​ក្លែងក្លាយ ដែល​ពោរពេញ​ទៅ​ដោយសារ​ធាតុគីមី បង្ក​ហានិភ័យ​មហារីក​ខ្ពស់​បំផុត​ដល់​អ្នក​បរិភោគ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦ នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាក់​និ​ញ បាន​សម្រេច​ចោទប្រកាន់ និង​ឃាត់ខ្លួន​បុរស​ខាងលើ ដែល​មានឈ្មោះ Nguyen Văn Vinh ពី​បទ​រំ​លោ​.​ភលើ​បទបញ្ញត្តិ​សុវត្ថិភាព​ចំណីអាហារ​យ៉ាងធ្ងន់ធ្ងរ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រូប​នេះ បានឱ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០២៤ មក រូបគេ​បាន​ដើរ​ទិញ​មើម​ចេក​ស្រស់ និង​រំដេង​ពី​អ្នក​ភូមិ​យក​មក​កិន​លាយ​គ្នា ដើម្បី​កាត់​បន្ថយ​ដើមទុន​ផលិត និង​កើប​ប្រាក់​ចំណេញ​បាន​ច្រើន ។ ដើម្បី​ឱ្យ​ម្សៅ​រំដេង​ក្លែងក្លាយ​នេះ​មាន​ពណ៌​លឿង​ស្រស់​ឆើតឆាយ ស្រ​ដៀង​នឹង​រំដេង​សុទ្ធ និង​ទុក​បាន​យូរ ជនសង្ស័យ​បាន​លួច​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ដ៏​គ្រោះថ្នាក់​ចំនួន​ពីរ​ប្រភេទ គឺ ៖

– ល័​ក្ខ​ពណ៌​លឿង ឬ Auramine O ៖ ជា​ប្រភេទ​ថ្នាំ​ជ្រលក់​ពណ៌​ក្រណាត់ និង​ក្រដាស ដែល​ជា​សារធាតុ​គីមីឧស្សាហកម្ម ។ សារធាតុ​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ជា​ភ្នាក់ងារ​បង្ក​ហានិភ័យ​ជំងឺមហារីក​ខ្ពស់​បំផុត និង​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​មិន​ឱ្យ​ប្រើ​ក្នុង​ចំណីអាហារ ។

-ម្សៅ​ខាត់​ស សូ​ដ្យូ​ម ហ៊ី​ដ្រូ​ស៊ុ​ល​ហ្វី​ត (Sodium Hydrosulfite)៖ ជា​សារធាតុ​ដែល​មាន​ប្រតិកម្ម​គីមី​ខ្លាំង ដើម្បី​រក្សា​ផលិតផល​ទាំងនោះ​កុំឱ្យ​រលួយ និង​អាច​រក្សា​ទុក​បាន​យូរ ។ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​នគរបាល​សេដ្ឋកិច្ច​បាន​រឹបអូស ម្សៅ​រំដេង​ក្លែងក្លាយ ដែល​ជា​ផលិតផល​សម្រេច​បាន​ចំនួន​ជិត​២​តោន ។

អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​បំផុត​នោះ គឺ ក្នុង​មួយ​ថ្ងៃ​ៗ​ទីតាំង​នេះ ចែកចាយ​ផលិតផល​ដែល​ពោរពេញ​ទៅ​ដោយសារ​ធាតុគីមី​ពុល​ទាំងនេះ​ប្រមាណ​៣០០​គីឡូក្រាម ទៅ​កាន់​គោលដៅ​ធំ​ៗ​ដូច​ជា ៖ ១. ផ្សា​របោះ​ដុំ និង​ផ្សារ​ប្រពៃណី​ទូទៅ ៖ សម្រាប់​លក់​ឱ្យ​ពលរដ្ឋ​ទិញ​យក​ទៅ​ស្ល​ស្លុក ឬ​ប្រលាក់សាច់​តាម​ផ្ទះ ។ ២. តំបន់ឧស្សាហកម្ម​៖ ផ្គត់ផ្គង់​ឱ្យ​បណ្ដា​ក្រុមហ៊ុន​កែ​ច្នៃ​អាហារ ដើម្បី​រៀបចំ​ជា​អាហារ​សម្រាប់​កម្មករ​រោងចក្រ​រាប់​ពាន់​នាក់​ដែល​បរិភោគ​ប្រចាំ​ថ្ងៃ ។

អាជ្ញាធរ​វៀតណាម បាន​បញ្ជាក់​ថា សារធាតុ​ល័​ក្ខ​គីមី​ជ្រលក់​ក្រណាត់​ដែល​ជនសង្ស័យ​ប្រើប្រាស់ គឺ​ស៊ី​បំផ្លាញ​សុខភាព​ពី​ខាងក្នុង​យ៉ាង​សាហាវ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​ស៊ើបអង្កេត​ស្វែងរក​បណ្តាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

កែសម្រួលដោយ