វៀតណាម ៖ ប៉ូលីសវៀតណាមបង្ក្រាបខ្សែបណ្តាញផលិត និងចែកចាយថ្នាំលាបពណ៌ រួមទាំងម្សៅបៀកជញ្ជាំងម៉ាក JOTUN ក្លែងក្លាយក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ។
នគរបាលស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច និងបរិស្ថាននៃស្នងការដ្ឋាននគរបាលក្រុងដាណាំង ប្រទេសវៀតណាម បានឆ្មក់ចូលបង្ក្រាបខ្សែបណ្តាញផលិត និងជួញដូរថ្នាំលាបពណ៌ រួមនឹងម្សៅបៀកជញ្ជាំងក្លែងក្លាយម៉ាក JOTUN ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងតំបន់ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ជាច្រើន ដែលបានកត់សម្គាល់ឃើញវត្តមានផលិតផលម៉ាក JOTUN ដាក់លក់ក្នុងតម្លៃថោកខុសធម្មតា ពោល គឺថោកជាងតម្លៃបោះដុំរបស់តំណាងចែកចាយស្របច្បាប់ទៅទៀត ដែលនាំឱ្យមានមន្ទិលសង្ស័យថា វាអាចជាទំនិញក្លែងក្លាយ និងគ្មានគុណភាពតាមស្តង់ដារបច្ចេកទេស ។
តាមរយៈការស្រាវជ្រាវយ៉ាងច្បាស់លាស់ នគរបាលបានកំណត់មុខសញ្ញា គឺក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្ម បាវ ង៉ុក គ្លូប៊ល (Bao Ngoc Global)។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ក្រុមហ៊ុននេះ មិនមែនជាភ្នាក់ងារទទួលបានសិទ្ធិចែកចាយពីក្រុមហ៊ុន JOTUN (ប្រេនដើមពីប្រទេសន័រវែស) នោះទេ ប៉ុន្តែបែរជាមានលទ្ធភាពផ្គត់ផ្គង់ទំនិញក្លែងក្លាយក្នុងបរិមាណយ៉ាងសន្ធឹកសន្ធាប់ទៅកាន់ទីផ្សារ ។
អាជ្ញាធរ បានកំណត់អត្តសញ្ញាណមេខ្លោងជាប្តីប្រពន្ធ គឺឈ្មោះ Lê Thái Bình និងភរិយាឈ្មោះ Mai Thị Thanh Sơn (អាយុ៤២ឆ្នាំដូចគ្នា) រួមជាមួយបុគ្គលិកដៃជើងម្នាក់ឈ្មោះ Lê Thành Nhân ។
ក្រុមឈ្មួញទុច្ចរិតនេះ បានប្រើប្រាស់ល្បិចកលយ៉ាងសាហាវដូចជា ៖ បញ្ជាទិញសំបកធុង និងការ៉ុងម្សៅបៀក ដែលមានម៉ាក JOTUN សុទ្ធពីបណ្តាខេត្តភាគខាងជើង ។ បិទតែម «QR Code» ក្លែងក្លាយ ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យជឿជាក់លើប្រភពដើម ។ យកថ្នាំលាបពណ៌ JOTUN សុទ្ធ ទៅលាយបញ្ចូលគ្នាជាមួយថ្នាំលាបថោកៗប្រភេទផ្សេងទៀតតាមរូបមន្តផ្ទាល់ខ្លួន រួចច្រកចូលធុង បិទជិត ធ្វើឱ្យមើលទៅដូចទំនិញថ្មីចេះ ដើម្បីចែកចាយលើទីផ្សារ ។
ជាលទ្ធផលនៃប្រតិបត្តិការ កាលពីថ្ងៃទី៩ ខែកុម្ភៈ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ថ្នាំលាប និងម្សៅបៀកក្លែងក្លាយ ដែលផលិតរួចរាល់ជាង៥ តោន, សំបកធុង, តែមម៉ាកសញ្ញា និងវត្ថុធាតុដើមសម្រាប់បម្រើឱ្យការផលិតក្លែងក្លាយរាប់ពាន់មុខផ្សេងទៀត ។
បច្ចុប្បន្ន មេខ្លោងជាប្តីត្រូវបានឃាត់ខ្លួន រីឯភរិយា និងបុគ្គលិក ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីលំនៅឋាន ដើម្បីរង់ចាំការស៊ើបអង្កេតពង្រីកសំណុំរឿងបន្ថែម ។
ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយជ្រើសរើសទិញផលិតផលពីភ្នាក់ងារដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ការប្រើប្រាស់ទំនិញថោកខុសធម្មតា មិនត្រឹមតែខាតបង់ថវិកា ប៉ុន្តែអាចប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាព ភាពជាប់លាប់ និងសុវត្ថិភាពនៃសំណង់អគារទាំងមូល ៕
ចែករំលែកព័តមាននេះ