ខេត្តពោធិ៍សាត់ ៖ លោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានជម្រុញដល់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់ ត្រូវអនុវត្តការងារតាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលដាក់ចុះ ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ផ្អែកតាមអភិក្រមទាំង០៥គឺ ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ធ្វើយ៉ាងណា ដើម្បីធានាដល់ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។
ការលើកឡើងបែបនេះ គឺនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧញ៉ាឃ្លាំងមឿង ដោយមានការអញ្ជើញចូលរួមពីលោក ហៀម ឃួន អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តផងដែរ ។
កិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានអនុម័តទៅលើខ្លឹមសារមួយចំនួនមាន ៖
១- ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
៣- ពិនិត្យនិងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែមករាឆ្នាំ២០២៦។
៤- របាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។
៥- បញ្ហាផ្សេងៗ និង៦.ពិនិត្យនិងអនុម័តស្ដីពីការតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត។
ក្នុងឱកាសនោះ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ឃុំ សង្កាត់ បានលើកឡើងនូវបញ្ហាមួយចំនួន ដែលមើលឃើញជាក់ស្ដែង និងកើតមាននៅតាមមូលដ្ឋានរបស់ខ្លួន ដូចជាសិស្សសាលាជិះម៉ូតូលឿន មិនពាក់មួកសុវត្ថិភាព បណ្ដាលឲ្យជួបគ្រោះថ្នាក់ជាយថាហេតុ។ បញ្ហាគ្រឿងញៀន និងសកម្មភាពក្មេងទំនើង ហាក់បីដូចជាកម្រើកឡើងវិញ។ ការយល់ខុសរបស់ប្អូនៗយុវវ័យ អំពីអត្តន័យថ្ងៃ១៤កុម្ភៈ ដែលជាថ្ងៃ នៃសេចក្ដីស្រលាញ់, ព្រមទាំងបានសំណូមពរការរៀបចំសណ្ដាប់ធ្នាប់ផ្សារ សូមកុំឲ្យដូចវែកចក ធ្វើយ៉ាងណារក្សាបាននូវរបៀបរៀបរយ និងអនាម័យបរិស្ថានស្អាតជារៀងរហូត ។
រាល់ការលើកឡើងនូវរាល់បញ្ហាទាំងអស់នេះ បានត្រូវលោក ហៀម ឃួន អភិបាលរងខេត្ត តំណាងអភិបាល នៃគណៈអភិបាលខេត្ត បកស្រាយជូន និងដាក់ផែនការ ដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច បន្តអនុវត្តនិងទប់ស្កាត់ឲ្យខាងតែបាន។ លោកសូមឲ្យភូមិឃុំ យកចិត្តទុកដាក់ ទប់ស្កាត់ភ្លើងឆេះព្រៃ, ពិនិត្យមើលប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតាមមូលដ្ឋានរបស់ខ្លួន ចៀសវាងទុកពួកគាត់ចោល ដែលយើងមិនបានដឹងហើយមិនបានដោះស្រាយ។ ជាមួយគ្នានេះ រាល់ព័ត៌មាន ដែលបង្ហោះនៅលើបណ្ដាញសង្គម ត្រូវស្រាវជ្រាវរកប្រភព និងពិនិត្យឲ្យបានច្បាស់លាស់ មុននឹងចែករំលែក ចៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានមានមិនពិត ដែលនាំឲ្យបំពុលសង្គម ។
ចុងបញ្ចប់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ដែលលោកដឹកនាំធ្វើឲ្យខេត្តពោធិ៍សាត់ មានការរីកចម្រើន ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រពីថ្នាក់លើ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់គ្រប់ៗគ្នា។ លោកបានណែនាំបន្ថែមទៀត ដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងអនុវត្ត នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ជាពិសេសការបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរកម្ម និងបទល្មើសគ្រប់ប្រភេទឲ្យខាងតែបាន ៕



ចែករំលែកព័តមាននេះ