ស្ពានឆ្លងទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី ៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងលេចចេញជារូបរាង
- កណ្តាល
ខេត្តកណ្តាល ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៣៩,២៩% គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុនអនុវត្តការងារឱ្យស្របតាមផែនការ ដោយធានាឱ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណភាព ។

ក្រុមហ៊ុនសាងសង់សន្យា និងបេ្ដជ្ញាចិត្តមោះមុត អនុវត្តន៍ការងារឱ្យកាន់តែប្រសើរឡើង ជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ដោយធ្វើការសហការ ពន្លឿនការសាងសង់ស្ពានមេគង្គនេះ ឱ្យបានកាន់តែឆាប់រហ័សព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងទៀតថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី ៣) និងផ្លូវជាតិលេខ ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់ ។

ប្រភពដដែលឱ្យដឹងបន្ថែមទៀតថា គម្រោងនេះមានប្រវែងសរុប ៣,៧គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ និងការងារវិស្វកម្មបន្ទាប់បន្សំ ។ ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ដោយមានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង ព្រមទាំងមានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ ៕






ចែករំលែកព័តមាននេះ