ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ភ្នំ​មួយ​កន្លែង​ក្បែរ​ផ្លូវជាតិ​លេខ​៥៩

4 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​នៅ​លើ​កំពូល​កូនភ្នំ​មួយ​កន្លែង ក្បែរ​ផ្លូវជាតិ​លេខ​៥៩ ដែល​ធ្វើ​ឱ្យ​អ្នក​ភូមិ​រស់នៅ​ទីនោះ ម្នាក់​ៗ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​របស់​ខ្លួន ព្រោះ​ភ្លើង​នេះ​បាន​ចាប់ផ្តើម​ឆេះ​តាំងពី​ក្បាល​ល្ងាច រហូត​មក​ដល់​យប់​ជ្រៅ​ទៅ​ហើយ​នៅ​មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ។…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​នៅ​លើ​កំពូល​កូនភ្នំ​មួយ​កន្លែង ក្បែរ​ផ្លូវជាតិ​លេខ​៥៩ ដែល​ធ្វើ​ឱ្យ​អ្នក​ភូមិ​រស់នៅ​ទីនោះ ម្នាក់​ៗ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​របស់​ខ្លួន ព្រោះ​ភ្លើង​នេះ​បាន​ចាប់ផ្តើម​ឆេះ​តាំងពី​ក្បាល​ល្ងាច រហូត​មក​ដល់​យប់​ជ្រៅ​ទៅ​ហើយ​នៅ​មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​កូនភ្នំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី រហូត​ដល់​ម៉ោង​៩ និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ថ្ងៃ​ដដែល ស្ថិត​នៅ​ក្នុងភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ កុ​ល សុខ​ណា ដែល​បើកបរ​រថយន្ត​នៅ​តាម​បណ្តោយ​ដងផ្លូវ​ជាតិ​លេខ​៥៩ ហើយ​បាន​ប្រទះ​ឃើញ​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​កូនភ្នំ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ នា​ព្រលប់​យប់​ថ្ងៃ​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត​ចេញពីផ្ទះ​នៅ​ក្បែរ​ផ្សារ​សាលា​ក្រៅ ឆ្ពោះទៅ​ក្រុងប៉ៃលិន ដើម្បី​នាំ​ក្រុម​គ្រួសារ​ទទួលទាន​អាហារ​នៅ​ក្នុង​ហាង​មួយ​កន្លែង​រហូត​ដល់​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ដដែល​នេះ គាត់​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​នៅ​ឃើញ​ភ្លើង​បន្ត​ឆាបឆេះ​ព្រៃ​កូនភ្នំ​ដដែល ដោយ​រាលដាល​តាំង​ពីលើ​មក​ក្រោម​នៅ​ក្បែរ​ៗ​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​ធ្វើ​ឱ្យ​ពួក​គា​ត្ម់​ម្នាក់​ៗ មានការ​ព្រួយបារម្ភ​ពី​ការ​ឆេះ​ឆ្លង​ចូល​ដល់​ផ្ទះសម្បែង​របស់​ខ្លួន ទើប​ពួក​គាត់​បាន​ត្រៀម​ទឹក​ធុង និង​ទឹក​ទុយោ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន សម្រាប់​បាញ់​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ខាងលើ​នេះ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ឆេះ​ព្រៃ​នេះ មិនដឹង​មូលហេតុ​នោះ​ទេ ប៉ុន្តែ​គេ​ដាក់​ការ​សង្ស័យ​ថា អាច​មក​ពី​ព្រាន​ដើរ​រក​សត្វព្រៃ ឬ​ដើរ​រក​ឃ្មុំ​ព្រៃ លុះ​ដុត​ភ្លើង អត់​បាន​ពន្លត់ ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​រាល​ដល់​ពេញ​ព្រៃ​ភ្នំ និង​ឆេះ​រាល​ចុះ​មក​ក្រោម ដល់​ក្បែរ​ៗ ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង ។ លោក​បញ្ជាក់​ទៀត​ថា ការ​ឆាបឆេះ​នេះ មើលទៅ​ហាក់ដូចជា​មិនសូវ​ជា​មាន​កម្លាំង​ខ្លាំង​ប៉ុន្មាន​នោះ​ទេ ខណៈ​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ក៏​ត្រៀម​រួចរាល់​ជា​ស្រេច ដើម្បី​ចេញ​ទៅ​ជួយ​អន្តរាគមន៍ បើ​ស្ថិត​នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ណាមួយ ។

រហូត​មក​ដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​បាន​បន្ត​រាយការណ៍​ថា ភ្លើង​ឆេះ​ព្រៃ​កូនភ្នំ​ខាងលើ បាន​ស្ងប់ស្ងាត់​បន្តិច​វិញ​ហើយ ខណៈ​ដែល​ព្រៃ​នៅ​ក្បែរ​ៗ នោះ​មិនសូវ​មាន​ច្រើន​ប៉ុន្មាន​ទេ ដោយ​ភាគច្រើន​គឺ​ឆេះ​ស្មៅ​ងាប់​ស្តើង​ៗ​ប៉ុណ្ណោះ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គាត់​ក៏​មិន​ធ្វេសប្រហែស​ដែរ គឺ​ត្រៀម​ការពារ​ផ្ទះ​របស់​ខ្លួន មិន​ឱ្យ​ភ្លើង​ឆេះ​ដល់​នោះ​ឡើយ ដោយ​ម្នាក់​ៗ​មានទឹក​បម្រុង​នៅ​ក្នុង​ពាង និង​នៅ​ក្នុង​ធុង​គ្រប់គ្រាន់​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ