បុណ្យ ឬបាប? ការព្រលែងត្រីខ្វះការយល់ដឹង កំពុងក្លាយជាការសម្លា.ប់សត្វដោយអចេតនា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការធ្វើបុណ្យព្រលែងសត្វ ដើម្បីរំដោះគ្រោះ ជាជំនឿដ៏ស៊ប់របស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែពេលខ្លះចិត្តបុណ្យរបស់យើងអាចនឹងក្លាយជាការធ្វើបាបទៅវិញ ប្រសិនបើធ្វើឡើងដោយខ្វះការស្វែងយល់ឱ្យបានច្បាស់លាស់ ដូចជា ករណីព្រលែងអណ្តើក ក្នុងកសិដ្ឋានអង្គរជាដើម ។

ជាក់ស្តែងថ្មីៗនេះ ស្រះទឹកដ៏ពិសិដ្ឋទាំងពីរក្នុងវត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង កំពុងតែប្រកាសអាសន្ន ដោយសារបរិមាណត្រីច្រើនលើសចំណុះរហូតធ្វើឱ្យត្រីងាប់ជាបន្តបន្ទាប់ ។
យោងតាមការបង្ហោះចែករំលែកពីគណនីហ្វេសបុកឈ្មោះ Tola Fishery ដែលជាមន្ត្រីបច្ចេកទេសវារីវប្បកម្ម បានលើកឡើងនូវសារដាស់តឿនយ៉ាងទទូចដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងមហាជនទាំងអស់ឱ្យផ្អាកការយកត្រីទៅលែង និងផ្អាកការផ្តល់ចំណីក្នុងស្រះវត្តគល់ទទឹងជាបណ្តោះអាសន្ន ដើម្បីសង្គ្រោះប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ។

សំណួរសួរថា ហេតុអ្វីបានជាការធ្វើបុណ្យក្លាយជាបាបទៅវិញ? តាមការពិនិត្យជាក់ស្តែង មន្ត្រីបច្ចេកទេសរូបនេះ បានបង្ហាញមូលហេតុសំខាន់ៗចំនួន៥ ដែលកំពុងសម្លា.ប់ត្រី ក្នុងស្រះវត្តគល់ទទឹង ៖ ១. បរិមាណត្រីក្នុងស្រះមានចំនួនច្រើនលើសពីសមត្ថភាពផ្ទុករបស់ទឹក ដែលនាំឱ្យខ្វះអុកស៊ីហ្សែន ។ ២. ការផ្តល់ចំណីច្រើនហួសកម្រិតដែលត្រីស៊ីមិនអស់បណ្តាលឱ្យកាកសំណល់ទាំងនោះរលួយខូចគុណភាពទឹក ។ ៣. ពុទ្ធបរិស័ទតែងបោះផ្កា ឬផ្កាឈូកចូលទៅក្នុងស្រះជាញឹកញាប់ ដែលវារលួយបំពុលបរិស្ថានក្នុងទឹក ។ ៤. ការបង្ហូរទឹកកខ្វក់ និងកាកសំណល់ផ្ទះបាយចូលក្នុងស្រះក៏ជាកត្តាបំផ្លាញជីវិតសត្វទឹកផងដែរ ។ ៥. ការយកត្រីដែលខ្សោយ ឬមានរបួសទៅលែង គឺជាការនាំមេរោគទៅចម្លងដល់ត្រី ដែលកំពុងរស់នៅសុខសប្បាយក្នុងស្រះស្រាប់ ។

ដោយមើលឃើញប្រភពបញ្ហាដែលបានលើកឡើងខាងលើ ដើម្បីឱ្យត្រីនៅក្នុងស្រះវត្តគល់ទទឹងមានសុខភាពល្អ និងរស់រានមានជីវិតឡើងវិញ លោក Tola Fishery បានសំណូមពរឱ្យពុទ្ធបរិស័ទទាំងអស់ ៖ ផ្អាកការយកសត្វទឹក ឬត្រីទៅលែងបន្ថែមទៀត ។ ផ្អាកការផ្តល់ចំណី ជាបណ្តោះអាសន្ន ដើម្បីទុកពេលឱ្យគុណភាពទឹកកែប្រែមកជាល្អប្រសើរវិញ ។

អាស្រ័យហេតុនេះ សូមបងប្អូនពុទ្ធបរិស័ទមេត្តាជ្រាប និងចូលរួមសហការ ដើម្បីឱ្យការធ្វើបុណ្យលែងត្រីរបស់យើង ក្លាយជាបុណ្យកុសលពិតប្រាកដ និងមិនមែនជាការបង្កគ្រោះថ្នាក់ដល់ជីវិតសត្វដោយអចេតនាឡើយ ។ តើលោកអ្នកយល់យ៉ាងណាដែរចំពោះបញ្ហានេះ?










<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ