ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងកំពង់ចាម៖ ក្រោយគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ រដ្ឋបាលខេត្ត និងក្រសួងធនធានទឹកសហការគ្នាប្រែក្លាយតំបន់នោះទៅជា «សួនតេជោធិបតី»​ដ៏ស្រស់ស្អាត

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​ធម្មជាតិ​បណ្ដាល​ឱ្យ​បាក់​សួនច្បារ​ច្រាំង​ទន្លេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម គឺ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទឹកទន្លេ ដែល​មានបណ្ដោយ​ប្រមាណ​ជិត​១០០​ម៉ែត្រ ។ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ឯកឧត្តម ថោ…

ខេត្តកំពង់ចាម ៖ គ្រោះ​ធម្មជាតិ​បណ្ដាល​ឱ្យ​បាក់​សួនច្បារ​ច្រាំង​ទន្លេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម គឺ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទឹកទន្លេ ដែល​មានបណ្ដោយ​ប្រមាណ​ជិត​១០០​ម៉ែត្រ ។ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត ព្រមទាំង​ក្រុមបច្ចេកទេស បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សកម្មភាព​ការ​ស្ថាបនា​ច្រាំង​ទន្លេ​ដោយ​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០២៦ ក្នុង​នោះ ត្រូវ​បាន​ពង្រីក​ចាក់​ដី​បន្ថែម​មាន​លក្ខណៈ​ធំ​ទូលាយ​ងាយស្រួល​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ប្រែ​ក្លាយជា​កន្លែង​ទេសចរណ៍ ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចំពោះ​ទីតាំង​ដែល​មាន​សួនច្បារ​រួម​និង​ខឿន​បេតុង​ច្រាំង​ទន្លេ ដែល​បាន​បាក់​នៅ​ក្រោយ​អតីត​សាលាសង្កាត់​កំពង់ចាម គឺ​តាម​រយៈ​ក្រុម​ជំនាញ​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក​ពិនិត្យ​ឃើញ​ថា កន្លែង​បាក់​នេះ​គឺ​មាន​ចរន្តទឹក​ហូរ​គួ​ច​មាន​អន្លង់​ជ្រៅ ទើប​ជា​ហេតុ​បណ្ដាល​ឲ្យ​បាក់​នា​កណ្ដាលអធ្រាត្រ​កន្លង​ទៅ​ថ្មី​ៗ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម រូប​លោក​ក៏​បាន​ប្រញាប់​ចុះ​ពិនិត្យ រួម​ជាមួយ​មន្ត្រី​ជំនាញ​ធនធានទឹក ដើម្បី​មាន​វិធានការ​អន្តរាគមន៍​ស្ថាបនា​ជា​បន្ទាន់ ។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ទីតាំង​ដែល​បាក់​ស្រុត​ច្រាំង​ទន្លេ​នេះ គឺ​រដ្ឋបាល​ខេត្ត​បានឱ្យ​កម្លាំង​សមត្ថកិច្ច​យាម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​បាន​ដាក់​បា​រ៉ា​ស់​មិន​ឱ្យ​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវថ្នល់​មាត់ទន្លេ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ ។

ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០២៦ រូប​លោក​រួម​ទាំង​មន្ត្រី​មួយ​ចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​បាក់​ស្រុត នៅ​មាត់ទន្លេ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​រួម​ទាំង​ក្រុមបច្ចេកទេស ក្នុង​ជំហាន​ដំបូង​បាន​បូម​ខ្សាច់​ដាក់​ក្នុង​ថង់​ធំ​ៗ ដើម្បី​ទប់​ជើងទេ​ខាងក្រោម​កុំ​ឲ្យ​បាក់​បន្ត​ទៀត ។

ក្រោម​កិច្ចសហការ​រវាង​រដ្ឋបាល​ខេត្តកំពង់ចាម ជាមួយនឹង​ក្រសួង​ធនធានទឹក គឺ​បាន​អភិវឌ្ឍន៍​កន្លែង​បាក់​ច្រាំង​នេះ​ឲ្យ​ធំ​ជាង​មុន​គឺ​ពង្រីក​ចាក់​ដី​បង្កើត​សួន​តេ​ជោ​ធិ​បតី ដែល​មាន​ទំហំ​ប្រមាណ​៣​ហិ​កតា ហើយ​ច្រាំង​ទន្លេ​ដែល​ជួសជុល​ថ្មី គឺ​ចាប់ពី​ចំណុច​ស្ថានីយ​បូមទឹក​របស់​រដ្ឋាករ​ខេត្ត​ទៅ​ត្រង់​ដល់​កំពុង​រង់ចាំ ដើម្បី​ឲ្យ​ខ្សែទឹក​រត់​ត្រង់ ។ ជាមួយ​នោះ មាន​កន្លែង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​កំពង់ចាម អាច​ហាត់ប្រាណ ព្រមទាំង​បង្កើត​ជា​សួន​បៃតង​ទេសចរណ៍​ស្រស់​ស្អាត សម្រាប់​ទាក់ទាញ​មនុស្ស​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​មក​កម្សាន្ត​លេង​នៅ​ក្រុង​កំពង់ចាម ។


ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​បញ្ជាក់​ថា លើក​នេះ ក្រុម​ជំនាញ​វិស្វករ​នៃ​ក្រសួង​ធនធានទឹក​មានការ​សិក្សា​ល្អិតល្អន់ ហើយ​ឌី​ហ្សា​ញ​ក្នុង​ការ​ស្ថាបនា​ច្រាំង​ទន្លេ​នេះ​ឲ្យ​បាន​ជាប់​ល្អ​មានគុណ​ភាព និង​ប្រើប្រាស់​បាន​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត ។ ជាមួយ​នោះ​មិន​ឱ្យ​មាន​ខ្សែទឹក​ហូរ​កួច​ដូច​កាលពីមុន​ទៀត​ទេ ដើម្បី​ធានា​បាន​នៅ​សុវត្ថិភាព ។

តាម​ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ស្ថាបនា​ច្រាំង​ទន្លេ​ថ្មី​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​លើស​១០​លាន​ដុល្លារ ប្រែ​ក្លាយទៅជា​សួនច្បារ​ស្រស់​ស្អាត​គួរ​ឱ្យ​គយគន់ ។ សំណង់​ច្រាំង​បាក់​នេះ ត្រូវ​បាន​សាងសង់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១២ មក​ដល់​សព្វថ្ងៃ​គឺ​មាន​រយៈពេល​ជាង​១៤​ឆ្នាំ​នេះ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ