វៀតណាម ៖ តាមរយៈប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ កម្លាំងនគរបាលសេដ្ឋកិច្ចនៃខេត្តថាញ់ហ្វា (Thanh Hoa) សហការជាមួយក្រសួងនគរបាលវៀតណាម បានវាយបំបែកសំបុកក្រុមផលិត និងចែកចាយផលិតផល តាមអនឡាញខ្នាតយក្សចំនួន ២កន្លែង ដែលបានចែកចាយឱសថ និងអាហារបំប៉នក្លែងក្លាយផ្ទុកសារធាតុហាមឃាត់ បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកប្រើប្រាស់នៅទូទាំងប្រទេស ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Net និងទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលក្រុមឈ្នួញទុច្ចរិតទាំងនេះ បានរៀបចំផែនការយ៉ាងហ្មត់ចត់ ដើម្បីបោកប្រាស់ទំនុកចិត្តអតិថិជន ។ ពួកគេបានប្រើប្រាស់វិធីសាស្ត្រជួលមនុស្សឱ្យធ្វើការ Livestream លក់ផលិតផលចេញពីក្រៅប្រទេស ដើម្បីបន្លំភ្នែកអ្នកប្រើប្រាស់ថា ជាទំនិញនាំចូលសុទ្ធ ប៉ុន្តែធាតុពិត រោងចក្រផលិតត្រូវបានលាក់ខ្លួននៅក្នុងតំបន់ដាច់ស្រយាល ឆ្ងាយពីភ្នែកសមត្ថកិច្ច និងប្រើប្រាស់កម្មករជាសាច់ញាតិជិតដិត ដើម្បីរក្សាការសម្ងាត់បំផុត ។
បណ្តាញក្រុមទុច្ចរិតនេះ បានទាញយកផលចំណេញលើតម្រូវការសុខភាពរបស់មនុស្សចាស់ និងស្ត្រី ដោយលក់ឱសថព្យាបាលសន្លាក់ និងផលិតផលសម្រស់ក្លែងក្លាយជាច្រើនមុខ រួមមាន ៖ ឡេខាត់ស្បែក, ថ្នាំសម្រកទម្ងន់, Collagen, DHA និងថ្នាំបង្កើនកម្ពស់ជាដើម ។
អ្វីដែលគួរឱ្យតក់ស្លុតបំផុតនោះ តាមរយៈការវិភាគពីមន្ទីរពិសោធន៍បានរកឃើញថា ផលិតផលសម្រកទម្ងន់មួយចំនួនមានផ្ទុកសារធាតុ Sibutramine (ស៊ី-ប៊ុយ-ត្រា-មីន) ដែលជាសារធាតុហាមឃាត់ដាច់ខាត ព្រោះវាបង្កឱ្យអ្នកប្រើប្រាស់ប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល និងខ្សោយបេះដូងភ្លាមៗ ក្រោយប្រើប្រាស់ ។
ក្នុងប្រតិបត្តិការឆែកឆេរទីតាំងសរុបជាង១០ កន្លែង ចាប់ពីទីក្រុងហាណូយ រហូតដល់ទីក្រុងហូជីមិញ សមត្ថកិច្ចបានសម្រេច ៖ ឃាត់ខ្លួនជនសង្ស័យ ៖ ចំនួន២៦នាក់ (ដឹកនាំដោយមេខ្លោងឈ្មោះ ង្វៀន ម៉ាញ់ធូ, ង្វៀន វ៉ាន់ស្វឹន និងង្វៀន ដុកមិញ) ។
ចំពោះរឹបអូសវត្ថុតាង ៖ ឱសថសម្រេចជាង៧,១៧០ប្រអប់, គ្រាប់ថ្នាំជាង២.៥ លានគ្រាប់ និងវត្ថុធាតុដើមជិត២២.៥ តោន ។
គួរកត់សម្គាល់ថា គិតចាប់ពីដើមឆ្នាំ២០២៤ មក បណ្តាញអនឡាញទុច្ចរិតនេះ ប្រមូលប្រាក់ចំណេញខុសច្បាប់បានជាង៥០ពាន់លានដុង ឬប្រហែល ២លានដុល្លារអាមេរិក។
បើតាមការប៉ាន់ស្មាន បរិមាណវត្ថុធាតុដើមដែលសមត្ថកិច្ចដកហូតបាន ប្រសិនបើផលិតចេញជាទំនិញសម្រេចអាចមានតម្លៃរហូតដល់១៥០ពាន់លានដុងបន្ថែមទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង២៦នាក់ ត្រូវបានចោទប្រកាន់ពីបទផលិត និងជួញដូរទំនិញក្លែងក្លាយជាប្រភេទអាហារ និងឱសថ ។ អាជ្ញាធរវៀតណាម ក៏បានចេញសេចក្តីអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះផលិតផលដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលគ្មានប្រភពច្បាស់លាស់ ទោះបីជាមានការអះអាងថាជាទំនិញនាំចូលក៏ដោយ៕


ចែករំលែកព័តមាននេះ