ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកអប់ក្លែងក្លាយ ៖ ឆែកឆេរឃ្លាំង៤កន្លែងរកឃើញទឹកអប់ក្លែងក្លាយជាង១០,០០០ដបនៅ វៀតណាម

4 ម៉ោង មុន

វៀតណាម ៖ បើ​លោក​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើប្រាស់​ទឹកអប់​ជា​ប្រចាំ សូម​ប្រយ័ត្ន​ឱ្យ​មែនទែន​ជាមួយនឹង​ទឹកអប់​យីហោ (Brand) ល្បី​ៗ ប៉ុន្តែ​តម្លៃ​ថោក​ៗ ព្រោះ​របស់​ល្អ​មិន​ដែល​ថោក បើ​ថោក​ពេក ច្បាស់​ណាស់​ថា…

វៀតណាម ៖ បើ​លោក​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើប្រាស់​ទឹកអប់​ជា​ប្រចាំ សូម​ប្រយ័ត្ន​ឱ្យ​មែនទែន​ជាមួយនឹង​ទឹកអប់​យីហោ (Brand) ល្បី​ៗ ប៉ុន្តែ​តម្លៃ​ថោក​ៗ ព្រោះ​របស់​ល្អ​មិន​ដែល​ថោក បើ​ថោក​ពេក ច្បាស់​ណាស់​ថា ពួក​វា​ជា​ទឹកអប់​ក្លែងក្លាយ ហើយ​នៅ​ពេល​ដែល​យើង​យក​វា​មក​បាញ់​លើ​រាង​កាយ វា​អាច​នឹង​ក្លាយទៅជា​ថ្នាំពុល បំផ្លាញ​សុខភាព​របស់​លោក​អ្នក​បន្តិច​ម្តង​ៗ ។

ជាក់ស្តែង កម្លាំង​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ហូ​ជី​មិ​ញ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​ទំនិញ​ក្លែងក្លាយ​ចំនួន​៤ កន្លែង​ផ្សេង​គ្នា និង​ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​ទឹកអប់​ក្លែងក្លាយ​យីហោ​ល្បី​ៗ​រាប់​ម៉ឺន​ដប ។

តាម​រយៈ​ការ​ស៊ើបអង្កេត ក្រុមការងារ​ចម្រុះ​បាន​ឆ្មក់​ចូល​ឆែកឆេរ​ឃ្លាំងទំនិញ​នៅ​សង្កាត់​លី​ញ​សួន (Linh Xuan) និង​សង្កាត់​ថុ​ង​តី​ហូ​យ (Thong Tay Hoi) ដោយ​បាន​រក​ឃើញ​ភស្តុ​តាង​ជាក់ស្តែង និង​ឈាន​ដល់​ការ​ចាប់ខ្លួន​មនុស្ស ៤​នាក់ ៖ ១. ឡេ ធី គី​ម ទៀន (Le Thi Kim Tuyen) អាយុ ៣៦ ឆ្នាំ ២. ឡេ ធី ហ្វា​យ ហៀ​ប (Le Thi Hoai Hiep) អាយុ ៣៥​ឆ្នាំ ៣. ង្វៀ​ន ធី ធុ​យ ហៀន (Nguyen Thi Thuy Hien) អាយុ ៣២ ឆ្នាំ ៤. ថៃ វី ឃឿ​ង (Thai Vi Khuong) អាយុ​៣៩ ឆ្នាំ ។

ជនសង្ស័យ​បាន​សារភាព​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២៥ មក ពួក​គេ​បាន​នាំ​ចេញ​ទឹកអប់​ក្លែងក្លាយ​បន្លំ​ស្លាក​យីហោ​ល្បី​ៗ​ជាង ១០,០០០ ដប​ទៅ​កាន់​ទីផ្សារ ។ បើ​គិត​ជា​តម្លៃ​ទំនិញ​សុទ្ធ ទឹកអប់​ទាំងនេះ​មាន​តម្លៃ​រហូត​ដល់​១០ ពាន់​លាន​ដុ​ង (​ប្រហែល ៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៤​នាក់ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត និង​ពង្រីក​មុខសញ្ញា​បន្ថែម​ទៀត ។ សមត្ថកិច្ច​បាន​ព្រមាន​ថា ទឹកអប់​ក្លែងក្លាយ​ទាំងនេះ មិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​គុណភាព​ឡើយ ។ វា​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ជា​ពិសេស​ប្រសិនបើ​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ វា​អាច​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​ដ៏​គ្រោះថ្នាក់​ផ្សេង​ៗ ។

យោង​តាម​អ្នកជំនាញ បាន​អះអាង​ថា ទឹកអប់​ក្លែងក្លាយ​មិនមែន​គ្រាន់តែ​ហើរ​ក្លិន​ឆាប់​បាត់​នោះ​ទេ ប៉ុន្តែ​វា​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី ដែល​អាច​ប៉ះពាល់​ពេញ​មួយ​ជីវិត ដូច​ជា ៖ មហារីក​ស្បែក និង​អា​ឡែ​ស៊ី ៖ សារធាតុ​ផ្សំ​គ្មាន​ការ​ត្រួតពិនិត្យ អាច​ធ្វើ​ឱ្យ​ស្បែក​រោល រមាស់ រលាក ឬ​បង្ក​ជា​ជំងឺមហារីក​ស្បែក​ក្នុង​រយៈពេល​វែង ។ ប៉ះពាល់​ផ្លូវដង្ហើម ៖ ក្លិន​ដែល​ផលិត​ពីសារ​ធាតុគីមី​ថោក​ៗ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សួត បង្ក​ជា​ជំងឺហឺត និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ។ សារធាតុពុល​ក្នុង​ឈាម ៖ សារធាតុ​គីមី​ខ្លះ​អាច​ជ្រាប​ចូល​តាម​រន្ធ​ញើស ចូល​ទៅ​ក្នុង​ចរន្តឈាម បង្ក​គ្រោះថ្នាក់​ដល់​សរីរាង្គ​ខាងក្នុង ។

ដូច្នេះ ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដូចដែល​បាន​រៀបរាប់ លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ គួរ​ជ្រើសរើស​ផលិតផល​ដែល​មាន​ប្រភព និង​សុពលភាព​ច្បាស់លាស់ ។

ចូរ​ចាំ​ថា ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ឆ្លាត​វៃ សូមកុំ​ជ្រើសរើស​ទំនិញ​ដែល​ថោក​ហួស​ពី​ការ​ពិត ។ សុខភាព​របស់​អ្នកមាន​តម្លៃ​ថ្លៃ​ជាង​ទឹកអប់​មួយ​ដប ។ បើ​ចង់​ក្រអូប​បែប​មាន​ទំនុកចិត្ត ត្រូវ​រក​ទិញ​នៅ​ហាង​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​មាន​ប្រភព​ច្បាស់លាស់ ៕

កែសម្រួលដោយ