ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក្លែងក្លាយ ! នគរបាលវៀតណាមបង្ក្រាបមេ ខ្លោងផលិត និងជួញដូរជីកសិកម្មក្លែងក្លាយទ្រង់ទ្រាយធំ

5 ម៉ោង មុន

វៀតណាម ៖ វៀតណាមទៀតហើយ ម្តងនេះជួញដូរ​ជី​កសិកម្ម​ក្លែងក្លាយ​ក្នុង​ទ្រង់ទ្រាយ​ធំ ។ នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​កាំ​ង​ថឺ ប្រទេស​វៀតនាម ទើបតែ​បង្ក្រាប​បាន​ក្រុម​សង្ស័យ​មួយ​ក្រុម ដែល​មាន​សកម្មភាព​ផលិត និង​ជួញដូរ​ជី​កសិកម្ម​ក្លែងក្លាយ​ក្នុង​ទ្រង់ទ្រាយ​ធំ…

វៀតណាម ៖ វៀតណាមទៀតហើយ ម្តងនេះជួញដូរ​ជី​កសិកម្ម​ក្លែងក្លាយ​ក្នុង​ទ្រង់ទ្រាយ​ធំ ។ នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​កាំ​ង​ថឺ ប្រទេស​វៀតនាម ទើបតែ​បង្ក្រាប​បាន​ក្រុម​សង្ស័យ​មួយ​ក្រុម ដែល​មាន​សកម្មភាព​ផលិត និង​ជួញដូរ​ជី​កសិកម្ម​ក្លែងក្លាយ​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​យ៉ាង​ស្មុគស្មាញ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច និង​បោកប្រាស់​ប្រជា​កសិករ ដែល​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​កសិកម្ម ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​វៀតណាម កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​សម្ងាត់​ពី​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ កម្លាំង​នគរបាល​សេដ្ឋកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ Pick-up មួយ​គ្រឿង ស្លាក​លេខ 63C-160.56 បើកបរ​ដោយ​ឈ្មោះ Tran Phuong Vu អាយុ ៣១​ឆ្នាំ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​ថា​ញ់​ហ្វា (Thanh Hoa) ក្រុង​កាំ​ង​ថឺ ។

ឆ្លងកាត់​ការ​ឆែកឆេរ​សមត្ថកិច្ច​ បាន​រក​ឃើញ​ជី​កសិកម្ម​ជា​ច្រើន​ប្រភេទ ដែល​បិទ​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​ល្បី​ៗ ប៉ុន្តែ​ធាតុ​ពិត​សុទ្ធតែ​ជា​ផលិតផល​ក្លែងក្លាយ ។

វត្ថុ​តាង​ដំបូង​រួម​មាន ៖ ជី​ចម្រុះ PK 40-25 ចំនួន​២៤០ គីឡូក្រាម​, ជីសរីរាង្គ ORGACA CRF1 ចំនួន ៤០០ គីឡូក្រាម និង​ជី​ទឹក​បាញ់​ស្លឹក DOTA KALI40 ចំនួន ២០ លី​ត្រ ។

តាម​ចម្លើយ​សារភាព​របស់​អ្នកបើកបរ ជី​ទាំងនេះ គ្មាន​វិក្កយបត្រ ឬ​ឯកសារ​បញ្ជាក់​ប្រភព​ដើម​ឡើយ ដោយ​វា​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Ba Con Su Tu (​តោ​បី​) ស្ថិត​ក្នុង​ខេត្ត​វិញ​ឡុ​ង (Vinh Long) ដើម្បី​ដឹក​យក​ទៅ​ចែកចាយ​នៅ​ហាង​លក់​សម្ភារ​កសិកម្ម Viet Doan ក្នុង​ក្រុង​កាំ​ង​ថឺ ក្នុង​តម្លៃ ៤០​លាន​ដុ​ង ។

ដោយ​សង្កេត​ឃើញ​ថា ជា​ករណី​ស្មុគស្មាញ សមត្ថកិច្ច​បាន​ពង្រីក​ការ​ស៊ើបអង្កេត ដោយ​ចុះ​ឆែកឆេរ និង​ដកហូត​ទំនិញ​ពី​ហាង Viet Doan, ហាង Toan Tuyen ក្នុង​ក្រុង​កាំ​ង​ថឺ​, ទីតាំង​ពាក់ព័ន្ធ​ចំនួន ២ កន្លែង​ទៀត ​ក្នុង​ខេត្ត​វិញ​ឡុ​ង រួម​ទាំង​ក្រុមហ៊ុន​កសិកម្ម​មួយ​នៅ​ខេត្ត​ដុ​ង​ថាប់ (Dong Thap) ផង​ដែរ ។

ជា​រួម ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នៅ​តាម​ទីតាំង​ពាក់ព័ន្ធ​ក្នុង​ក្រុង និង​ខេត្ត​ទាំង​៣​នេះ សមត្ថកិច្ច​បាន​រឹបអូស ៖ ជី​កសិកម្ម​ប្រភេទ​ម្សៅ​/​គ្រាប់ ៖ ៤.៥៩៨ គីឡូក្រាម​។ ជី​កសិកម្ម​ប្រភេទ​ទឹក​៖ ១.៣៣៥ លី​ត្រ​។ សម្ភារៈ​បម្រើ​ការ​ផលិត​៖ គ្រឿងចក្រ​, សំបក​វេច​ខ្ចប់​, វត្ថុធាតុដើម និង​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​។ តម្លៃ​សរុប​នៃ​វត្ថុ​តាង ៖ ប៉ាន់​ប្រមាណ​ជាង ១,៨ ប៊ី​លាន​ដុ​ង ។

យោង​តាម​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន ដែល​រង​ការ​បន្លំ​ស្លាក​សញ្ញា រួម​មាន ក្រុមហ៊ុន Dong Tay និង​ក្រុមហ៊ុន Carton បានឱ្យ​ដឹង​ថា ពួក​គេ​មិន​ដែល​មាន​កិច្ចសន្យា​ផលិត ឬ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Ba Con Su Tu ប្រើប្រាស់​ម៉ាក​សញ្ញា​របស់​ខ្លួន​ឡើយ ។

ជាក់ស្តែង ចាប់តាំងពី​ខែមេសា ឆ្នាំ​២០២៥ មក មេខ្លោង​ឈ្មោះ Nguyen Van Thiet បាន​បង្កើត​ក្រុមហ៊ុន​ចំនួន ៤​បន្លំ​ភ្នែក​សមត្ថកិច្ច ដែល​សុទ្ធតែ​គ្មាន​អាជ្ញាប័ណ្ណ​ផលិត​ជី​ត្រឹមត្រូវ ។

ដោយឡែក ភរិយា​របស់​មេខ្លោង​ឈ្មោះ Tran Thi Trieu បាន​ប្រើប្រាស់​បណ្តាញ​សង្គម TikTok ដើម្បី​ធ្វើការ Livestream លក់​ផលិតផល​ក្លែងក្លាយ​ទាំងនោះ ។

បច្ចុប្បន្ន នគរបាល​ក្រុង​កាំ​ង​ថឺ កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត ដើម្បី​ផ្ដន្ទាទោស​ជនល្មើស​តាម​ច្បាប់ និង​ដើម្បី​ការពារ​ស្ថិរភាព​ទីផ្សារ​កសិកម្ម​ក្នុង​តំបន់​៕

កែសម្រួលដោយ