ខេត្តកំពង់ចាម ៖ ស្ទើរតែរាល់យប់ រថយន្តដឹកត្រីតូចធំចេញពីត្រើយខាងកើតទន្លេមេគង្គយកមកដាក់តាមកន្លែងបោះដុំត្រីពីរកន្លែងក្នុងក្រុងកំពង់ចាម ។ ក្រោយពីបានទម្លាក់ត្រីរួចរាល់ រថយន្តទាំងនោះបើកត្រឡប់ទៅវិញបានបង្ហូរទឹកតាមផ្លូវថ្នល់មានក្លិនឆ្អាប ដោយមិនខ្វល់មិនគោរពតាមការណែនាំរបស់អាជ្ញាធរនោះឡើយ ។

លោក រី ដាវិន អភិបាលរងក្រុងកំពង់ចាមបានប្រាប់ឲ្យដឹង នារសៀលថ្ងៃទី៩ កុម្ភៈ ឆ្នាំ ២០២៦ថា ចំពោះរថយន្តដឹកត្រីមកពីតាមតំបន់ផ្សេងៗយកមកដាក់នៅមានពីរទីតាំង ក្នុងនោះ មួយកន្លែងនៅជិតខេធីវី និងមួយកន្លែងទៀតនៅជិតសាលាសង្កាត់បឹងកុក ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ដើម្បីលក់បន្តទៅឲ្យក្រុមអាជីវករលក់ដូរតាមផ្សារមួយចំនួន នៅក្នុងនោះមានដូចជាផ្សារបឹងកុក ផ្សារធំកំពង់ចាម ផ្សារសាមគ្គី និងផ្សារ៧មករា នៅជិតមាត់ទន្លេក្បែរវត្តដីដុះ ។

ជារឿយៗ អាជ្ញាធរធ្លាប់បានណែនាំដល់បងប្អូនដែលរកស៊ីដឹកត្រីតាមរថយន្តធ្វើយ៉ាងណាត្រូវចេះគោរពតាមការណែនាំរបស់អាជ្ញាធរក្រុងកំពង់ចាម ។ ព្រះសង្ឃគង់នៅវត្តបឹងកុកមានថេរដីកាឲ្យដឹងថា កាលពីពេលដែលផ្លូវបេតុងក្នុងវត្តបឹងកុកបានស្ថាបនារួចរាល់ មិនថាយប់ឬថ្ងៃនោះទេ មានរថយន្តដឹកត្រីតូចធំបានកាត់ក្នុងបរិវេណវត្ត ដើម្បីយកទៅដាក់នៅតាមរោងរបស់អាជីវករលក់ដូរបោះដុំត្រីនៅខាងក្រោយវត្តបឹងកុក ។

ដំបូងៗ ពេលយប់ៗ រថយន្តដឹកត្រីបើកកាត់ធ្វើឲ្យព្រះសង្ឃពិបាកសឹង ព្រោះតែថ្លង់និងសំឡេងរថយន្ត តែក្រោយពីព្រះសង្ឃបានរាយការណ៍ជូនទៅសាលាសង្កាត់បឹងកុក បន្ទាប់មកលោកចៅសង្កាត់បានធ្វើលិខិតហៅម្ចាស់អាជីវករបោះដុំត្រីនៅក្រោយវត្តឱ្យមកធ្វើកិច្ចសន្យា ចាប់តាំងពីពេលនោះមក សកម្មភាពការដឹករថយន្តមានភាពថមថយជាងមុន ។ តែរាល់ថ្ងៃនេះ នៅលើផ្លូវបេតុងពេលដែលរថយន្តដឹកត្រី កាត់គឺផ្លូវបេតុងមានសំណើម ដោយសារតែទឹកហូរចេញពីរថយន្តដឹកត្រីនោះតែម្ដង ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាមបានលើកឡើងថា ស្ទើរតែរាល់យប់ មានរថយន្តទឹកត្រីតូចធំបានបើកកាត់តាមផ្លូវជាតិលេខ៧ចាស់ជាប់ស្តាតបាល់ទាត់ ក្រុងកំពង់ចាម ដោយរថយន្តទាំងនោះ បានទម្លាក់ត្រីរួចរាល់ ហើយបានបើកបរក្នុងទិសដៅពីលិចទៅកើត គឺបានបង្ហូរទឹកដែលដឹកត្រីចោលតាមផ្លូវថ្នល់ដោយមានក្លិនឆ្អាបទៀតផង ។ ភាគច្រើនរថយន្តទាំងនោះ បើកត្រឡប់ទៅកាន់គោលដៅវិញ នៅវេលាម៉ោង១០យប់ទៅម៉ោង១១យប់ជាង ដោយនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ គេឃើញមានសកម្មភាពរថយន្តបើកកាត់ជាហូរហែរ រថយន្តបើកកាត់ទៅកើតត្រូវបានគេសង្ស័យយកត្រីមកពីប្រទេសវៀតណាម ។

លោក រី ដាវិន អភិបាលរងក្រុងកំពង់ចាមបានបញ្ជាក់ នារសៀលថ្ងៃទី៩ កុម្ភៈ ថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបែបនេះ រូបលោកនឹងឲ្យមន្ត្រីក្រោមឱវាទធ្វើការស្រាវជ្រាវបានដឹងពីភិនភាគរថយន្តណាមួយច្បាស់លាស់នោះនឹង ហើយម្ចាស់ឱ្យមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះបន្តទៀត ។


ចែករំលែកព័តមាននេះ