វៀតណាមចាត់ការម្ចាស់ក្រុមហ៊ុន២ ករណីផ្សេងគ្នា ពាក់ព័ន្ធនឹងការផលិតសារាយសមុទ្រ និងកាហ្វេក្លែងក្លាយ
វៀតណាម ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតបទល្មើសពុករលួយ សេដ្ឋកិច្ច ការរត់ពន្ធ និងបរិស្ថាន (ប៉ូលិសសេដ្ឋកិច្ច)…
វៀតណាម ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតបទល្មើសពុករលួយ សេដ្ឋកិច្ច ការរត់ពន្ធ និងបរិស្ថាន (ប៉ូលិសសេដ្ឋកិច្ច)…
វៀតណាម ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតបទល្មើសពុករលួយ សេដ្ឋកិច្ច ការរត់ពន្ធ និងបរិស្ថាន (ប៉ូលិសសេដ្ឋកិច្ច) នៃស្នងការដ្ឋាននគរបាលក្រុងដាណាង សហការជាមួយអយ្យការប្រជាជនតំបន់ IV បានសម្រេចចាត់ការលើសំណុំរឿងព្រហ្មទណ្ឌចំនួន ២ផ្សេងគ្នា ពាក់ព័ន្ធនឹងការផលិត និងចែកចាយអាហារក្លែងក្លាយ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ។

១.សារាយសមុទ្រក្រៀមក្លែងក្លាយ ប៉ូលិសបានរកឃើញផលិតផលសារាយសមុទ្រជាច្រើន ដែលមានបិទស្លាក ផលិតនៅវៀតណាម (Made in Vietnam) ប៉ុន្តែមានតម្លៃទាបខុសធម្មតា និងមានលក់ពេញមួយឆ្នាំ ខណៈដែលផលិតផលធម្មជាតិពិតប្រាកដមានលក់តែតាមរដូវ និងមានតម្លៃខ្ពស់ ។ ការសង្ស័យបានធ្លាក់ទៅលើក្រុមហ៊ុន DANA FOOD Production & Trading Co., Ltd. ស្ថិតក្នុងសង្កាត់ ហ្វា ខាញ់ (Hoa Khanh)។

អាជ្ញាធរបានរកឃើញថា លោក ង្វៀង តាន់ហៀន (Nguyen Tan Hien) អាយុ២៧ឆ្នាំ និងភរិយាឈ្មោះ ដូ ធីធុយចាង (Do Thi Thuy Trang) អាយុ ២៦ឆ្នាំ បានលួចនាំចូលសារាយសមុទ្រពីប្រទេសចិន រួចមកវេចខ្ចប់បន្លំថា ជាផលិតផលវៀតណាមក្រោមម៉ាក DANAFOOD ដើម្បីបោកប្រាស់អ្នកប្រើប្រាស់ ។ ក្នុងប្រតិបត្តិការនោះ ប៉ូលិសបានរឹបអូសសារាយសមុទ្រក្លែងក្លាយជាង ៧,០០០ កញ្ចប់ រួមនឹងសម្ភារៈវេចខ្ចប់រាប់ម៉ឺនសន្លឹកទៀត ។

បច្ចុប្បន្នស្វាមីត្រូវបានឃុំខ្លួន ចំណែកភរិយាត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ។ ២. កាហ្វេម្សៅក្លែងក្លាយ ផ្សំពីម្សៅសណ្តែកសៀង និងសារធាតុគីមី ដោយឡែក កាលពីថ្ងៃទី៦ ខែកុម្ភៈ ប៉ូលិសសេដ្ឋកិច្ចក៏បានបង្ក្រាបករណីផលិតកាហ្វេក្លែងក្លាយដ៏ធំមួយទៀត ។ ចំពេលដែលតម្លៃគ្រាប់កាហ្វេលើទីផ្សារកំពុងហក់ឡើងថ្លៃ ក្រុមហ៊ុន Phuong Nguyen Production and Trading Co., Ltd ដែលគ្រប់គ្រងដោយលោក ង្វៀង វ៉ាន់ហ្វាង (Nguyen Van Hoang) អាយុ ៥០ ឆ្នាំ និងភរិយាឈ្មោះ ង៉ូ ធីបាវវ៉ាង (Ngo Thi Bao Vang) អាយុ៤៨ ឆ្នាំ បែរជាអាចមានកាហ្វេលក់ក្នុងតម្លៃថោកខុសធម្មតា ។

ក្រោយការតាមដាន ប៉ូលិសបានរកឃើញថា ពួកគេបានលួចបើកសិប្បកម្មក្នុងដឿងហែមតូចៗក្នុងសង្កាត់ ថាញ់ ឃេ (Thanh Khe) ដើម្បីយកម្សៅសណ្តែកសៀងមកលាយជាមួយសារធាតុគីមី និងគ្រឿងផ្សំបន្ថែម រួចវេចខ្ចប់ធ្វើជាកាហ្វេម្សៅ ។ ភស្តុតាងដែលរឹបអូសបានរួមមាន កាហ្វេម្សៅក្លែងក្លាយជាង ២ តោន ដែលមានតម្លៃរាប់រយលានដុង ។ ក្រុមនេះបានសារភាពថា ពួកគេបានចែកចាយកាហ្វេក្លែងក្លាយនេះជិត ១ តោនជារៀងរាល់ថ្ងៃ ទៅកាន់អ្នកលក់តាមដងផ្លូវ និងហាងចាប់ហួយនានា។ បច្ចុប្បន្ន អាជ្ញាធរបានឆ្មក់ចូលទីតាំងសរុបចំនួន ៥កន្លែង ទាំងក្នុងក្រុងដាណាង និងទីក្រុងហូជីមិញ ដោយចាប់ខ្លួនម្ចាស់អាជីវកម្ម និងរឹបអូសគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីបន្តនីតិវិធីច្បាប់៕





ចែករំលែកព័តមាននេះ