ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិនហៅ​អាណាព្យាបាល​សិស្ស​ធ្វើ​កិច្ចសន្យា​ឱ្យ​ដាក់​ម៉ូតូ​ក្នុង​របង​សាលា និង​អប់រំ​មិន​ឱ្យ​លួច​ជក់បារី

7 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​មានការ​ព្រួយបារម្ភ និង​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​សាលា ខណៈ​ដែល​បាន​សង្កេត​តាមដាន​អស់​រយៈពេល​ជា​យូរថ្ងៃ ថ្នាក់ដឹកនាំ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន បាន​រក​ឃើញ​ថា សិស្សសាលា​មួយ​ចំនួន បាន​ចត​ម៉ូតូ​នៅ​ក្រៅរបង​សាលា ដែល​ជា​ហេតុ​នាំ​ឱ្យ​ជួប​ហានិភ័យ…

ខេត្ត​ប៉ៃលិន ៖ ដោយ​មានការ​ព្រួយបារម្ភ និង​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​សាលា ខណៈ​ដែល​បាន​សង្កេត​តាមដាន​អស់​រយៈពេល​ជា​យូរថ្ងៃ ថ្នាក់ដឹកនាំ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន បាន​រក​ឃើញ​ថា សិស្សសាលា​មួយ​ចំនួន បាន​ចត​ម៉ូតូ​នៅ​ក្រៅរបង​សាលា ដែល​ជា​ហេតុ​នាំ​ឱ្យ​ជួប​ហានិភ័យ អាច​ឱ្យ​សិស្ស​គេច​ម៉ោង​សិក្សា​ចេញ​ទៅ​ដើរ​លេង និង​ប្រឈម​ការ​បាត់បង់​ដោយ​គ្មាន​អ្នកគ្រប់គ្រង​។

ចំណែក​សិស្ស​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​លួច​ជក់បារី អេ​ឡិច​ត្រូ​និក ដែល​ជា​ទម្លាប់​មិនល្អ នាំ​ឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​វ័យក្មេង ទើប​កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៦ សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិន បាន​សហ​ការណ៍​ជាមួយនឹង​ថ្នាក់ដឹកនាំ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត ប៉ៃលិន បាន​កោះហៅ​អាណាព្យាបាល ដើម្បី​មក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រាងចាល ចំពោះ​សិស្ស​ដែល​ចត​ទុក​ម៉ូតូ​ក្រៅរបង​សាលារៀន ប្រមាណ​ជាង​២០​នាក់ ក្នុង​គោលបំណង បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង​។


បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោកគ្រូ យ៉ា​ន់ ពុ​ច នាយករង​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ា​ខែកុម្ភៈ​នេះ​ថា ៖ លោក​សំណូម ពរ​ដល់​បង​ៗ និង​ប្អូន​ៗ ដែល​ជា​អាណា​ព្យា បាល​សិស្ស សូម​ជួយ​ជម្រុញ​បន្ថែម ដោយ​ធ្វើ​កិច្ចសន្យា​លើក​ទី​១ មិន​ឱ្យ​បន្ត​ចត​ម៉ូតូ​នៅ​ខាងក្រៅ​របង​សាលា​បន្ត​ទៀត គឺ​ទាមទារ​ឱ្យ​សិស្ស​ទាំងអស់​ចត​ក្នុង​បរិវេណ​សាលា ខណៈ​ដែល​បង់ថ្លៃ​ឱ្យ​សា​សា​ត្រឹមតែ​២០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​។

លោក​នាយករង​វិទ្យាល័យ បាន​បន្ត​ទៀត​ថា បើសិនជា​សិស្ស​មិន​ចត​ម៉ូតូ​ក្នុង​របង​សាលារៀន​ទេ គឺ​នៅ​ពេល​ណាមួយ​ពួក​គេ​អាច​នឹង​គេច​ម៉ោង​សិក្សា​ចេញ​ទៅ​ដើរ​លេង​នៅ​ខាងក្រៅ​ជាមួយ​មិត្តភក្តិ ដែល​អាច​នឹង​មាន​គ្រោះថ្នាក់​អ្វី​កើតឡើង​ជាយ​កថា​ហេតុ ព្រោះ​អាណាព្យាបាល​នៅផ្ទះ​ទុកចិត្ត​និង​សង្ឃឹមថា កូន​ៗ​ទៅ​រៀន​ឯ​សាលា​មិន​បំពាន​វិន័យ​ឡើយ​។ ម្យ៉ាងវិញទៀត ការ​ចត​ទុក​ម៉ូតូ​ចោល​ក្រៅរបង​សាលា អាច​ធ្វើ​ឱ្យ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​បន្លំ​លួច​យក​ម៉ូតូ ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ ក៏​អាច​នឹង​កើតឡើង​ផង​ដែរ​។


លើស​ពី​នេះ សិស្ស​មួយ​ចំនួន​ដែល​ចត​ម៉ូតូ​ខាងក្រៅ​របង​សាលារៀន ក៏​បាន​លួចលាក់​នាំ​គ្នា​ជក់បារី​អេ​ឡិច​ត្រូ​និក ខុសច្បាប់ ហើយ​ត្រូវ​តែ​ឈប់​ប្រើប្រាស់​ទាំងអស់​គ្នា ព្រោះ​អាច​នឹង​បង្ក​បញ្ហាគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ជា​ពិសេស​អាច​ធ្វើ​ឱ្យ​រលាក​សួត និង​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ព្រោះ​វ័យ​នេះ ជា​ពេល​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​។ បើសិនជា​សិស្ស​ណាមួយ​នៅ​បន្ត​ចត​ម៉ូតូ​នៅ​ខាងក្រៅ​ទៀត មិន​ធ្វើ​តាម​កិច្ចសន្យា​របស់​សាលា​ទេ ថ្នាក់ដឹកនាំ​សាលារៀន​នឹង​ដកហូត ម៉ូតូ​យក​ទៅ​ទុក​នៅ​ការិយាល័យ​នគរបាល​ក្រុងប៉ៃលិន ហើយ​ត្រូវ​ផាកពិន័យ​ថែម​ទៀត​ផង​។

ចំណែក​អាណាព្យាបាល​នៃ​សិស្ស​ដែល​ចត​ម៉ូតូ​នៅ​ខាងក្រៅ​របង​សាលា ក៏​បាន​អរគុណ​ដល់​លោកគ្រូ និង​នគរបាល ក្រុងប៉ៃលិន ដែល​បាន​ផ្តល់​ដំណឹង​នេះ​ជូន​ពួក​គាត់​ទាន់​ពេលវេលា ដើម្បី​ឱ្យ​គាត់​បន្ត​អប់រំ​កូន​ៗ របស់​ខ្លួន កុំឱ្យ​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ​សាលា​បន្ត​ទៀត ហើយនឹង​ជម្រុញ​ឱ្យ​ពួក​គេ ត្រូវ​តែ​ខិតខំ​រៀនសូត្រ ដើម្បី​អនាគត​ខ្លួនឯង​។

លើស​ពី​នេះ​ទៀត ពួក​គាត់​នៅ​ឯ​ផ្ទះ​ខិតខំ​ប្រឹងប្រែង​រក​ថវិកា​ទាំង​ត្រដាបត្រដួស ដើម្បី​ទិញ​ម៉ូតូ និង​សន្សំទុក​ឱ្យ​កូន​ៗ​យក​ទៅ​រៀនសូត្រ​ឱ្យ​បាន​ចេះ​ដឹង មិន​ចង់ឱ្យ​ពួក​គេ គេច​ម៉ោង​សិក្សា​ដើរ​លេង​ជួបជុំ​មិត្តភក្តិ​ដែល​មិនល្អ នាំ​ឱ្យ​ខូចអនាគត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ