ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ៃលិន ជាច្រើននាក់ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំគ្នាអង្គុយស៊ីឈ្នួល បកសម្បកផ្លែមៀនប៉ៃលិន ដោយឆ្កឹះយកគ្រាប់ចេញ រីឯសាច់ ត្រូវគេច្រកក្នុងថង់ដាក់ចូលក្នុងកន្លែងអប់ ដើម្បីឱ្យថៅកែវេចខ្ចប់ នាំចេញទៅលក់ដូរបន្តនៅក្នុងប្រទេសវៀតណាម។ ប្រជាពលរដ្ឋនាំគ្នាស៊ីឈ្នួលបកសម្បកផ្លែមៀននេះ នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីស្ត្រី ឈ្មោះ ធឿន អាយុ៥០ឆ្នាំ និងឈ្មោះ ម៉ុន អាយុ៦០ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ៖ ពួកគាត់រស់នៅក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងមានអ្នកផ្សេងៗទៀត បានធ្វើចំណាកស្រុក ចូលមកពីខេត្តផ្សេងៗ ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យជាដើម ដោយបាននាំគ្នាស៊ីឈ្នួលបកសម្បកផ្លែមៀនប៉ៃលិន អស់រយៈពេលជាយូរខែមកហើយ ក៏ទទួលបានប្រាក់កម្រៃដើម្បីទិញស្បៀងអាហារសម្រាប់ជីវភាពគ្រួសារ ។
ពួកគាត់បានបន្តទៀតថា ការស៊ីឈ្នួលបកសម្បកផ្លែមៀនប៉ៃលិន ក្នុង១កញ្ឆេ ទម្ងន់២៧គីឡូក្រាម ទទួលបានប្រាក់កម្រៃ ១៦,០០០រៀល ដោយពួកគាត់ម្នាក់ៗ អាចបកបានក្នុង១ថ្ងៃ ត្រឹមតែ២ ទៅ៣ កញ្ឆេប៉ុណ្ណោះ ព្រោះការធ្វើការងារនេះ ពិតជាចំណាយពេលយូរខ្លាំងណាស់ ទម្រាំតែបាន១កញ្ឆេៗ ។ ការទទួលផ្លែមៀនប៉ៃលិននេះ ជារៀងរាល់ថ្ងៃ ថៅកែដើរទិញនៅតាមចំការនានា ទូទាំងខេត្តប៉ៃលិន រួចយកទៅដាក់ឱ្យពួកគាត់ធ្វើការបកសម្បក ។
ពួកគាត់បញ្ជាក់ថា ការធ្វើការងារនេះ ពិតជាលំបាក ដោយពួកគាត់ម្នាក់ៗ ត្រូវប្រើក្រណាត់ រុំម្រាមដៃ ព្រោះបកយូរៗ ទៅទឹកផ្លែមៀនប៉ៃលិន អាចនឹងស៊ីស្បែកដៃ បណ្តាលឱ្យរលាក ឬដាច់រលាត់ស្បែក ធ្វើឱ្យឈឺចុកចាប់ និងហើមដៃ ធ្វើការលែងកើតផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់ពិតជាខិតខំប្រឹងប្រែងតស៊ូជាប់ជានិច្ច ដោយមិនហ៊ានឈប់សម្រាកច្រើនពេកនោះទេ ក្រែងធ្វើការមិនរួចរាល់មិនអាចទទួលបានប្រាក់កម្រៃឡើយ។ ថៅកែជនជាតិវៀតណាមនេះ ត្រូវការកម្មករជាច្រើននាក់ទៀត ដើម្បីជួយធ្វើការងារនេះឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីប្រមូលផលិតផលសម្រេចដឹកយកទៅប្រទេសវៀតណាម និងបន្តទៅដល់ប្រទេសចិនផងដែរ ។
តាមពិតទៅ ពួកគាត់បានទទួលដំណឹងពីថៅកែ ថា ផ្លែមៀនប៉ៃលិន ដែលបានបករួច គឺគេយកទៅដាក់ក្នុងរោងចក្រ ផលិតជាគ្រឿងកំប៉ុង ទុកបរិភោគបានយូរ និងយកទៅច្នៃវេចខ្ចប់ធ្វើជាគ្រឿងបង្អែមផ្សេងៗទៀត ដើម្បីដាក់លក់ដូរនៅលើទីផ្សារ ទទួលបានប្រាក់កម្រៃខ្ពស់ ។
រីឯថៅកែ ក៏បានជួលកន្លែងដីផ្ទះប្រជាពលរដ្ឋឱ្យកម្មករទាំងអស់ស្នាក់នៅធ្វើការងារតាំងពីព្រឹកព្រលឹម រហូតដល់ពេលល្ងាច ទើបនាំគ្នាធ្វើដំណើរទៅផ្ទះរៀងៗខ្លួន ខណៈពេល ដែលផ្លែមៀន ត្រូវបកមិនខ្វះឡើយ ពេលអស់នឹងត្រូវរថយន្តដឹកចូលមកជាបន្តបន្ទាប់រហូតដល់ពួកគាត់បករួចរាល់បានច្រើន ក៏លើកដឹកយកទៅលក់ម្តង ៕















ចែករំលែកព័តមាននេះ