ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ឱ្យ​​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់មួយនៅ​រាជធានី​ភ្នំពេញ បញ្ឈប់​ដុត​កម្ទេច​ក្រណាត់ និង​សម្អាត​ឡ​ចំហាយ​ឱ្យ​បាន​ត្រឹមត្រូវ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​ បាន​ចាត់វិធានការ​ច្បាប់ ​និង​បច្ចេកទេស​បរិស្ថានលើ​ក្រុមហ៊ុន រេ​ន ហេង ហ្គា​មេន ខូ​អិ​ល​ធី​ឌី ជា​ប្រ​ភេទ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​ បាន​ចាត់វិធានការ​ច្បាប់ ​និង​បច្ចេកទេស​បរិស្ថានលើ​ក្រុមហ៊ុន រេ​ន ហេង ហ្គា​មេន ខូ​អិ​ល​ធី​ឌី ជា​ប្រ​ភេទ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ស្ថិត​នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់​ពី​បាន​រក​ឃើញ​ថា ​ក្រុមហ៊ុនធ្វើការ​ការ​ដុត​កម្ទេច​ក្រណាត់ និង​មិន​ទាន់​រៀបចំ​ប្រព័ន្ធ​សម្អាត​ផ្សែង​ចេញពី​ឡ​ចំហាយ​ឱ្យ​បាន​ត្រឹមត្រូវ នាំ​ឱ្យ​មានការ​បំពុល​ខ្យល់ និង​ប៉ះពាល់​ដល់​គុណភាព​បរិស្ថាន​នៅ​ជុំវិញ ​។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​ ក៏​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត បញ្ឈប់​ការ​ដុត​កម្ទេច​ក្រណាត់​ ក្នុង​ឡ​ចំហាយ​ជា​ដាច់ខាត ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ និងត្រូវ​ទទួល​រង​ពិន័យ​អន្ដរការណ៍ យោង​តាម​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ មាត្រា​១៦១ មាត្រា​១៧៣ និង​មាត្រា​៦៦៨ និង​អនុក្រឹត្យ​លេខ​៤២ ស្ដី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ខ្យល់​។ ក្រុមហ៊ុន ​ត្រូវ​ផ្ដល់​សំណង​ផល​ប៉ះពាល់​សុខភាព​សាធារណៈ និង​ការ​ខូចខាត​បរិស្ថាន តាម​ការ​វាយតម្លៃ​ជាក់ស្ដែង​ពី​មន្ត្រី​ជំនាញ​។ លើស​ពី​នេះ ក្រុមហ៊ុន ​ត្រូវ​រៀបចំ​បំពាក់​ប្រ​ព័​ន្ធ​សម្អាត​ផ្សែង​ចេញពី​ឡ​ចំហាយ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវធ្វើ​កិច្ចសន្យា​ដឹក​ជញ្ជូន​សំណល់​រឹង​ឧស្សាហកម្ម ជាមួយ​ក្រុមហ៊ុន​ ដែល​ទទួលស្គាល់​ពី​ក្រសួងបរិស្ថាន​ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រុមការងារ​អធិការកិច្ច នៃ​អគ្គ​នាយ​ដ្ឋា​ន​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​មន្ត្រី​ នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ករណី​មាន​ផ្សែង​ខ្មៅ ​ហុយ​ចេញពី​បំពង់ផ្សែង​ឡ​ចំហាយ​របស់​ក្រុមហ៊ុន​ខាងលើ​។ ក្រុមការងារ ​បាន​រក​ឃើញ​នៅ​ក្រៅ​បរិវេណ​រោ​ងចក្រ បំពង់ផ្សែង​ឡ​ចំហាយ​មាន​ហុយផ្សែង​ខ្មៅ តែ​ពុំ​មាន​ក្លិន​ឈ្ងៀមទេ ​។
ដោយឡែក​នៅ​ក្នុង​បរិវេណ​រោងចក្រ ក្រុមការងារ​បាន​រក​ឃើញ មាន​ឡ​ចំហាយ ១​គ្រឿង កម្លាំង១៥០០​គ​.​ក្រ​/​ម៉ោង ដែ​លើ​ប្រើប្រាស់​អុស​ដុត ២​ម៉ែត្រគូប​/​ថ្ងៃ និង​កម្ទេច​ក្រណាត់​ជា​មធ្យម ៥​គ​.​ក្រ​/​ថ្ងៃ​។ ក្រុមការងារ​បាន​យក​ឧបករណ៍​ត្រួតពិនិត្យ​សារធាតុបំពុល​ខ្យល់​ចេញពី​បំពង់ផ្សែង​ឡ​ចំហាយ ជាល​ទ្ឋ​ផល​ឃើញ​ថា ៖ CO = 4281ppm, ការ​បញ្ចេញ​សារធាតុបំពុល​ខ្យល់​ចេញពី​បំពង់ផ្សែង​ឡ​ចំហាយ មាន​លើស​ស្តង់ដា បើ​ប្រៀបធៀប​ទៅ​នឹង​ស្តង់ដា​បញ្ចេញ​សារធាតុបំពុល​ខ្យល់ CO = 1000ppm​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន បាន​ដំណើរ​ផលិត ដោយ​មិន​បាន​បំពាក់​ប្រ​ព័​ន្ឋ​សម្អាត​ផ្សែង​ចេញពី​ឡ​ចំហាយ គ្មាន​កិច្ចសន្យា​ដឹក​ជញ្ជូន​សំណល់​រឹង​ឧស្សាហកម្ម និង​គ្មាន​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ