រាជធានីភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ CMAC និងអង្កការ JMAS របស់ជប៉ុន បានធ្វើសហប្រតិបត្តិការជាមួយគ្នា ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម លើផ្ទៃដីទំហំប្រមាណជាង៣០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្នុងរយៈពេល១២ខែ ពោលគឺចាប់ពីថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧ ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម និងលោកបណ្ឌិត UNRAN Shigeyuki ប្រធានអង្គការ JMAS ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិ បត្តិការភាពជាដៃគូ រវាងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងអង្គការ JMAS ក្នុងការអនុវត្តគម្រោងបោសសម្អាត គ្រាប់បែកចង្កោម សម្រាប់រយៈពេល១២ខែ ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៧ ដែលនឹងត្រូវបោសសម្អាតគ្រាប់បែកចង្កោមលើផ្ទៃដីទំហំប្រមាណជាង៣០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលមានថវិកាគម្រោងចំនួន១៨៤.៤៧១ដុល្លារសហរដ្ឋអាមេរិក និងថវិកាក្នុងគម្រោងមួយចំនួនទៀត អង្គការ JMAS ជួយអភិវឌ្ឍន៍សហគមន៍ ដោយផ្ទាល់ ។
សូមបញ្ជាក់ថា អង្គភាព CMAC និងអង្គការ JMAS បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីន និងអភិវឌ្ឍន៍សហគមន៍ក្រោយបោសម្អាតមីនរួច តាំងពីឆ្នាំ២០០២ ពោលគឺមានរយៈជាង២៤ឆ្នាំហើយ ។
កិច្ចសហការរវាងអង្គភាពទាំង២ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសុខសុវត្ថិភាព និងកសាងសេដ្ឋកិច្ចសង្គម ជូនប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងខេត្តគោលដៅមួយចំនួន ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ជាដើម ៕



ចែករំលែកព័តមាននេះ