ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែង លើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកជ្រូករស់ចំនួន ១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពុងស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត ។
ក្រោយពីមន្ត្រីជំនាញ បានពិនិត្យជាក់ស្តែង ឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញ បាននាំយកវត្ថុតាំងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ