បុរីវ៉ាទីកង់៖ សម្ដេចសង្ឃលីអូទី១៤មានថេរៈដីកាថាពិភពលោកអាចធ្លាក់ចូលទៅក្នុងស្ថានភាពរត់ប្រណាំងផ្នែកសព្វាវុធជាថ្មីព្រោះសន្ធិសញ្ញានុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ីដែលនៅសេសសល់តែមួយគត់ចុងក្រោយបង្អស់ ឥឡូវនេះជិតផុតសុពលភាពទៅហើយ។ សន្ធិសញ្ញាដែលមានឈ្មោះថាញូស្តាត (New START) នឹងផុតសុពលភាពនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

សម្ដេចបានជំរុញឱ្យប្រទេសមហាអំណាចទាំង២កុំដើរចេញពីសន្ធិសញ្ញានេះនៅពេលមិនទាន់សម្រេចបានកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាថ្មីជំនួស។ សម្ដេចប្រមើលឃើញថាស្ថានភាពពិភពលោកបច្ចុប្បន្ននេះតម្រូវឱ្យយើងទាំងអស់គ្នាធ្វើអ្វីៗគ្រប់យ៉ាងទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីបញ្ចៀសការរត់ប្រណាំងផ្នែកសព្វាវុធ។ ការរត់ប្រណាំងនេះគំរាមកំហែងសន្តិភាពរវាងប្រទេសមួយ និងប្រទេសមួយទៀត។

សម្ដេចលីអូមានថេរៈដីកាបន្តទៀតថាគេចាំបាច់ត្រូវតែធ្វើអ្វីមួយជាបន្ទាន់ដើម្បីលុបបំបាត់ការភ័យខ្លាច និងការមិនជឿទុកចិត្តគ្នា រួចហើយជំនួសមកវិញនូវគោលការណ៍សីលធម៌ដែលអាចនាំយើងទាំងអស់គ្នាឆ្ពោះទៅរកត្រើយសុខសាន្ត។ ពាក់ព័ន្ធនឹងសន្ធិសញ្ញានេះ រុស្ស៊ីចង់បន្តសុពលភាពមួយឆ្នាំទៀត។ លោកត្រាំក៏ប្រកាសគាំទ្រគំនិតនេះដែរកាលពីខែកញ្ញា។ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់គ្មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ។

សន្ធិសញ្ញានេះចុះហត្ថលេខាកាលពីឆ្នាំ២០១០ដោយលោកឌីមីទ្រី មេតវេដេវ និងលោកបារ៉ាក់អូបាម៉ា។ ប៉ុន្តែក្រោយមកនៅអំឡុងកូវីដ១៩ រុស្ស៊ីសម្រេចព្យួរទុកការអនុញ្ញាតឱ្យត្រួតពិនិត្យអាវុធរបស់ខ្លួន។ ចំណែកការចរចាគ្នាដើម្បីបន្តសុពលភាពសន្ធិសញ្ញានេះក៏មិនបានជោគជ័យទៀតដោយសារក្រុមបស្ចិមប្រទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីពីបទវាយប្រហារអ៊ុយក្រែន។

រុស្ស៊ីចោទប្រកាន់ថាអាមេរិកកែប្រែបេសកកម្មត្រួតពិនិត្យនៅលើទឹកដីរបស់ខ្លួន (អាមេរិក)។ កាលពីឆ្នាំ២០២៣ រុស្ស៊ីបង្កកទុកការចូលរួមនៅក្នុងសន្ធិសញ្ញានេះ។ ប៉ុន្តែរុស្ស៊ីបន្តអនុវត្តតាមលក្ខខណ្ឌនៅក្នុងសន្ធិសញ្ញានោះដោយស្ម័គ្រចិត្ត។ កាលពីឆ្នាំមុន រុស្ស៊ីធ្វើតេស្តមីស៊ីលសម្រាប់បាញ់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែរុស្ស៊ីធ្វើតេស្តតែមីស៊ីលប៉ុណ្ណោះ។ ចំណែកក្បាលគ្រាប់នុយក្លេអ៊ែរមិនបានបំពាក់នៅលើនោះទេ។ លោកត្រាំអះអាងថាលោកបានបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿងទៅកៀកនឹងប្រទេសរុស្ស៊ី៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ