ទីក្រុងអាប៊ូដាប៊ី៖ គណៈប្រតិភូរបស់អ៊ុយក្រែន និងរុស្ស៊ីចាប់ផ្ដើមការចរចាត្រីភាគីជាលើកទី២នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។ ការជួបគ្នារយៈពេល២ថ្ងៃនេះធ្វើឡើងបន្ទាប់ពីលោកត្រាំប្រកាសថារុស្ស៊ីឆ្លៀតកេងចំណេញពីការអំពាវនាវរបស់លោកឱ្យមានបទឈប់បាញ់នៅរដូវរងា។ លោកថារុស្ស៊ីឆ្លៀតឱកាសនេះដឹកជញ្ជូនគ្រាប់រំសេវទៅស្តុកទុកនៅទីតាំងសំខាន់ៗដើម្បីត្រៀមវាយអ៊ុយក្រែន។ ជាក់ស្ដែងកាលពីយប់មិញ រុស្ស៊ីវាយប្រហារដោយមីស៊ីល និងដ្រូនយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រធានក្រុមចរចាខាងភាគីអ៊ុយក្រែន លោករ៉ូស្ទេម អ៊ូម៉េរ៉ូស (Rustem Umerov) បង្ហោះសារនៅលើតេឡេក្រាមថាការចរចាគ្នាជាថ្មីបានចាប់ផ្ដើមហើយនៅក្នុងទម្រង់ត្រីភាគី អ៊ុយក្រែន អាមេរិក និងរុស្ស៊ី។ លោកថ្លែងថាក្រុមការងារទាំងបីនេះនឹងជួបគ្នាទ្វេភាគីដាច់ដោយឡែកៗពីគ្នាដើម្បីពិភាក្សាអំពីដំណើរការចរចាទទួលបានលទ្ធផលអ្វីខ្លះ និងបន្ទាប់មកជួបគ្នាត្រីភាគីដើម្បីកំណត់ថាតើត្រូវប្រកាន់យកនូវគោលជំហរបែបណាជាបន្តទៀត។

ភាគីទាំង២នៅតែមិនទាន់ឯកភាពគ្នាលើចំណុចគន្លឹះសំខាន់ៗ
រយៈពេលមួយឆ្នាំកន្លងទៅនេះ រដ្ឋបាលរបស់លោកដូណាល់ត្រាំបានជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ីព្យាយាមធ្វើសម្បទានឱ្យគ្នាទៅវិញទៅមកដើម្បីចរចាឆាប់ត្រូវរ៉ូវគ្នា។ ប៉ុន្តែតាមរយៈការជួបគ្នាប៉ុន្មានដងកន្លងទៅនេះ គេអាចសន្និដ្ឋានថាភាគីជម្លោះទាំង២នៅតែមិនទាន់ឯកភាពគ្នាទៅលើចំណុចគន្លឹះសំខាន់ៗនៅឡើយទេ។ បញ្ហាដ៏រសើបបំផុតដែលអ៊ុយក្រែនមិនយល់ព្រមគឺការទាមទាររបស់រុស្ស៊ីឱ្យអ៊ុយក្រែនដកកងទ័ពថយចេញពីតំបន់ខ្លះដើម្បីប្រគល់ទៅឱ្យរុស្ស៊ី។

ចំណុចមួយទៀតគឺសិទ្ធិគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរនៅហ្សាប៉ូរីហ្សៀដែលជារោងចក្រធំជាងគេនៅទ្វីបអឺរ៉ុប។ រោងចក្រនេះស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។ រុស្ស៊ីចង់ឱ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ដូញែត។ ក្នុងនោះក៏រួមទាំងតំបន់ទីក្រុងមួយចំនួនដែលការពារយ៉ាងរឹងមាំ។ នេះជាមូលដ្ឋានដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន។ រុស្ស៊ីទាមទារត្រង់ចំណុចនេះដើម្បីជាបុរេលក្ខខណ្ឌមុននឹងខ្លួនយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាព។

អ៊ុយក្រែនថ្លែងថាភាគីទាំង២គួរតែឈប់ផ្ទុះអាវុធ ហើយកងទ័ពទាំងសងខាងដែលកំពុងឈរជើងនៅទីតាំងណាត្រូវបន្តឈរជើងនៅទីតាំងនោះដដែល។ ម៉្យាងទៀត ការទាមទារឱ្យអ៊ុយក្រែនដកកងទ័ពជាឯកតោភាគីអ៊ុយក្រែនមិនយល់ព្រមជាដាច់ខាត។ បច្ចុប្បន្ននេះ រុស្ស៊ីកានកាប់ទឹកដីអ៊ុយក្រែនប្រហែល២០%។ ចំនួននេះគិតទាំងតំបន់គ្រីម៉េដែលរុស្ស៊ីកាត់ខ្វៀលយកតាំងពីឆ្នាំ២០១៤ និងផ្នែកខ្លះនៃតំបន់ដុនបាស់ស្ថិតនៅភាគខាងកើត៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ