ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ៖ មន្ត្រី​ជិត​២​ម៉ឺន​នាក់​ បាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) បាន​ឲ្យ​ដឹង​ថា ចំពោះ​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មាន​មន្ត្រី​ចំនួន ១៩,៩៤៩ រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ…

រាជធានី​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) បាន​ឲ្យ​ដឹង​ថា ចំពោះ​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មាន​មន្ត្រី​ចំនួន ១៩,៩៤៩ រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​ការ​ប្រកាស​តាម​របប ២​ឆ្នាំ (២០២៦) មាន​ចំនួន ១៩,៧០៥ រូប និង​មន្ត្រី​ទើប​ទទួល​បានការ​តែងតាំង​ថ្មី​ចំនួន ៤១រូប​, មន្ត្រី​ចំនួន ០៣រូប បាន​ប្រកាស​ក្រោយ​បញ្ឈប់​ពីមុខ​តំណែង ដោយឡែក​មន្ត្រី ២០០រូប​ទៀត បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដោយ​មូលហេតុ​លាឈប់ ឬ​ចប់​អាណត្តិ និង​ចូល​និវត្តន៍​ ​នេះ​បើ​តាមឯកឧត្តម យិ​ន​ទៀង ពុទ្ធិ​រិ​ទ្ធ ប្រធាន​ស្តីទី ​ACU​ នៅកិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (​ក​.​ជ​.​ប​.​ព​.) លើក​ទី​៦ អាណត្តិ​ទី​៤ នា​រសៀល​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦​ ។

ពាក់ព័ន្ធ​នឹង​ការងារ​ពាក្យ​ប្ដឹង​វិញ ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង​ ដែល​មាន​ក្នុង​ខែមករា សរុប ចំនួន ១៦ពាក្យ​ប្តឹង ​។

ក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្តម យិ​ន​ទៀង ពុទ្ធិ​រ៉ា ឧបការី ACU បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​លើ​បទល្មើស​ជាក់​ស្តែ នៃ​ការ​ប្រឡង​ជំនួស​ចូល​រៀន​សាលា​ពេទ្យ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។

ក្រោយ​ពី​បាន​ស្តាប់​ ដោយ​យកចិត្តទុកដាក់​នូវ​របាយការណ៍​របស់ ឯកឧត្តម យិ​ន​ទៀង ពុទ្ធិ​រិ​ទ្ធ ប្រធាន​ស្តីទី ​ACU ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ពិភាក្សា លើក​សំណួរ និង​បាន​ផ្តល់​អនុសាសន៍​ល្អ​ៗ ចំពោះការ​រាយការណ៍ ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ដល់​អង្គភាព លើ​កិច្ចការ​ផ្សេង​ៗ​ទៀត ដែល​អង្គភាព​កំពុង​ចាប់អារម្មណ៍ និង​កំពុង​អនុវត្ត​នៅ​ពេល​នេះ និង​នៅ​ពេល​ខាង​មុខ​ ។

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ គាំទ្រ ACU​ លើ​ប្រតិបត្តិការ​ឃាត់ ទប់ស្កាត់​ការ​ប្រឡង​ជំនួស ដែល​ប្រតិបត្តិការ​នេះ​មិនមែន​សំដៅ​ចង់​ចាប់​អ្នក​ណា​ទេ តែ​ជា​គោលការណ៍​ច្បាប់​មុខងារ​បង្ការ​ទប់ស្កាត់​របស់ ACU​ ដើម្បី​សម្រេច​គោលដៅ​ពិតប្រាកដ​របស់​ច្បាប់ គឺ​លុប​បាតុភាព​ប្រឡង​ជំនួស​ឱ្យ​បាន​ទាំងស្រុង​ ។

ការងារ​បង្ការ និង​ទប់ស្កាត់​អំពើ​ពុក​រលួយ ACU បាន​ចូលរួម​សង្កេតការណ៍ ក្នុង​ដំណើរការ​ប្រឡង​ជ្រើសរើស​ចំនួន ៣ (១) ការ​ប្រឡង ជ្រើសរើស​បេក្ខជន ចូល​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦ ដែល​បាន​រៀបចំ​ដោយ ក្រសួងសុខាភិបាល (២) ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា សម្រាប់​បម្រើ​ការ​នៅ​សាលា​ខេត្តកណ្តាល ដែល​បាន រៀបចំ​ដោយ សាលា​ខេត្តកណ្តាល (៣) ការ​ប្រឡង​ជ្រើសរើស​និស្សិត​ចូល​រៀន​ថ្នាក់​ឆ្នាំ​ទី​១ កម្រិត បរិញ្ញាបត្រ​រង នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល ដែល​បាន​រៀបចំ​ដោយ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ