ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន សប្បាយ​រីករាយ​ក្នុង​ការ​ប្រមូល​ផលដំណាំ​ដំឡូង​មី ខណៈ​ដែល​ទីផ្សារ​ឡើង​ខ្ពស់​​មិន​ធ្លាប់​មាន​ពី​មុន

1 នាទី មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ ដែល​ប្រកប​មុខរបរ​ដាំដំឡូង​មី​ នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ប្រញាប់​ធ្វើការ​ប្រមូល​ផល​មើមដំឡូង ​នៅ​តាម​ចំការ​របស់​ខ្លួន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ ដែល​ប្រកប​មុខរបរ​ដាំដំឡូង​មី​ នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ប្រញាប់​ធ្វើការ​ប្រមូល​ផល​មើមដំឡូង ​នៅ​តាម​ចំការ​របស់​ខ្លួន ដើម្បី​ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​តាម​ស្តង់​នានា​ក្នុង​ខេត្ត ព្រោះ​តម្លៃ​ទីផ្សារ​ពេល​នេះ ពិតជា​ស្ទុះ​ហក់​ឡើង​ខ្ពស់​ខ្លាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម ឈៅ ជា​កសិករ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា នៅ​ឆ្នាំ​២០២៥​កន្លង​ទៅ លោក​បាន​ដាំដំឡូង​មី ​ចំនួន​១០​ហិ​កតា នៅ​លើ​ដីចំការ​របស់​ខ្លួន គឺ​តាំងពី​ដាំ​រហូត​មក​ដល់​ប្រមូល​ផល​ជិត​១​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក៏​ត្រូវ​ដល់​ពេលវេលា​ត្រូវ​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​ នៅ​តាម​ស្តង់​ក្នុង​ក្រុងប៉ៃលិន ដើម្បី​យក​ថវិកា​សង​ជំពាក់​បំណុល​គេ​ ។

លោក​បាន​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ លោក​ពិតជា​សប្បាយ​រីករាយ​ ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ឃើញ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ស្រស់​ពិតជា​ហក់​ឡើង​ខ្ពស់ត្រដែត រហូត​ដល់​១​គីឡូក្រាម ឈ្មួញ​ហ៊ាន​ទិញ​ តម្លៃ ​២៨០ ​ទៅ​២៩០​រៀល ខណៈ​ដែល​ពី​មុន​ឈ្មួញ​ ហ៊ាន​ទិញ​ត្រឹមតែ ​១​គីឡូក្រាម​ ១៥០ ​ទៅ​២៥០​រៀល​ប៉ុណ្ណោះ ដែល​ពិតជា​ធ្វើ​ឱ្យ​លោក និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត ទូ​ទាំង​ខេត្ត​ប៉ៃលិន មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ស្ទើរតែ​មិន​ជឿ​នោះ​ឡើយ ហើយ​ម្នាក់​ៗ​ខិតខំ​ធ្វើការ​ប្រមូល​ផល ​ដោយ​មិន​ខ្លាច​នឿយហត់​នោះ​ឡើយ ដោយ​អស់ពី​កន្លែង​មួយ​ចូល​ទៅ​ប្រមូល​ផល​នៅ​ក្នុង​ចំការ​មួយ​ផ្សេង​ទៀត​។ ទោះបីជា​យ៉ាងណា​ លោក​ក៏​បាន​ប្រមូល​ផល​ដឹក​លក់​នៅ​ថ្ងៃនេះ បាន​ចំនួន​៤ ​ទៅ​៥​រថយន្ត​ហើយ​ដែរ ក៏​នៅ​សល់​ជា​ច្រើន​ហិ​កតា​ទៀត ត្រូវ​ប្រមូល​ផល​ជា​បន្តបន្ទាប់​ ។

លោក​បាន​បញ្ជាក់​ទៀត​ថា តម្លៃ​ទីផ្សារ​ដំឡូង​មីនា​ពេល​នេះ ពិតជា​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដោយ​នឹក​ស្មាន​មិន​ដល់​ថា អាច​ស្ទុះ​ហក់​ឡើង​រហូត​ដល់​១​គីឡូក្រាម​ជិត​៣០០​រៀល​ទាល់តែ​សោះ ព្រោះ​តម្លៃ​នេះ​បាន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ ខិតខំ​ស្ទុះស្ទារ​ដើរ​រក​កម្មករ​ចូល​ទៅ​ប្រមូល​ផល​នៅ​ក្នុង​ចំការ​រៀង​ៗ​ខ្លួន ទាំង​ទឹកមុខ​ញញឹម​ពព្រាយ​បិទ​មាត់​មិន​ជិត​នោះ​ឡើយ ​។

លោក​បាន​បន្ថែម​ទៀត​ថា ក្នុង​ការ​ប្រមូល​ផល ត្រូវ​ជួល​កម្មករ ទាំង​ថ្លៃ​ដក​ដំឡូង ទាំង​ថ្លៃ​លើកដាក់​លើ​រថយន្ត គឺ​១​តោន ផ្តល់​កម្រៃ​ឱ្យ​កម្មករ​អស់​ចំនួន​៦​ម៉ឺន​រៀល ដែល​ជា​ថ្លៃ​ឈ្នួល​ជួល​ថ្លៃ​ជាង​សព្វមួយដង គឺ​ពី​មុន​ថ្លៃ​ឈ្នួល​ត្រឹមតែ​១​តោន​អស់​ថ្លៃ​៣​ទៅ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ទោះបីជា​ការ​ជួល​កម្មករ​អស់​ថ្លៃ​ខ្ពស់​បន្តិច​មែន តែ​ការ​លក់ដូរ​មើមដំឡូង​ឥឡូវនេះ ពិតជា​បាន​ប្រាក់​កម្រៃ​ខ្ពស់​ជាង​មុន​ៗ ។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ ម៉ៅ ភេទ​ប្រុស បានឱ្យ​ដឹង​ដែរ​ថា លោក​បាន​ដាំដំឡូង​មី​ចំនួន​៥​ហិ​កតា នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ហើយ​ក៏​បាន​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​លក់ដូរ​នៅ​តាម​ស្តង់ ហើយ​លោក​ពិតជា​រីករាយ​យ៉ាង​ខ្លាំង ដោយ​ឃើញ​តម្លៃ​ទីផ្សារ​មើមដំឡូង​នា​ដើមឆ្នាំ​ថ្មី​នេះ ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​សម្គ​ល់​។ លោក​បន្ត​ទៀត​ថា បើ​តម្លៃ​ទីផ្សារ​នេះ នៅ​ឋេ​រ​ជាប់​ជា​និច្ច មិនដឹង​ជា​ម្នាក់​ៗ​សប្បាយ​រីករាយ​ក្នុង​ដួងចិត្ត​ប៉ុណ្ណា​នោះ​ទេ ព្រោះ​ជា​តម្លៃ​ហួស​ពី​ការ​នឹក​ស្មាន ក៏​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែរ​។ លោក​ក៏​ជឿជាក់​ថា ក្រោយ​ពេល​ប្រមូល​ផល​ដំឡូង​មី​លក់​រួច អាច​នឹង​សង​ជំពាក់​គេ​គ្រប់គ្រាន់ ក៏​អាច​នឹង​សល់​ខ្លះ​ទុក​សម្រាប់​បន្ត​ធ្វើ​ដើមទុន​ដាំដំឡូង​សម្រាប់​រដូវ​កាល​ថ្មី​បន្ត​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ