សង្គ្រាមអ៊ុយក្រែន ៖ នាយប់ថ្ងៃទី២ មកទី៣ កុម្ភៈ រុស្ស៊ីបានវាយប្រហារខ្លាំងក្លាបំផុតលើអ៊ុយក្រែន ដោយដ្រូននិងមីស៊ីលបណ្ដាលឲ្យមនុស្សច្រើនពាន់នាក់ ត្រូវរស់ដោយវេទនាជាមួយការដាច់ភ្លើង គ្មានម៉ាស៊ីនកម្ដៅពេលធាតុអាកាសកំពុងតែត្រជាក់បំផុត ។

ការវាយប្រហារខ្លាំងក្លាបំផុតនាដើមឆ្នាំនេះ ត្រូវបានរុស្ស៊ីធ្វើមុនការចរចាត្រីភាគីដោយផ្ទាល់រវាងអ៊ុយក្រែន រុស្ស៊ី និងអាមេរិកនៅក្រុងអាប៊ូដាប៊ី ដើម្បីប៉ុនប៉ងបញ្ចប់សង្គ្រាមដែលកើតមាន៤ឆ្នាំមកហើយ ។
តាមកងទ័ពអាកាសអ៊ុយក្រែនថា កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលដល់៧១គ្រាប់ និងប្រើដ្រូនវាយប្រហារដល់៤៥០គ្រឿង ។ ការវាយប្រហារទាំងនោះ ប៉ះពាល់តំបន់៨ផ្សេងគ្នា ពិសេស ក្រុងគៀវ ក្រុងខាគៀវ ក្រុងអូដេសា និងក្រុងវីននីតត្យា ។ តាមអាជ្ញាធរអ៊ុយក្រែនថា ការវាយប្រហារទាំងនោះ បណ្ដាលឲ្យមនុស្សយ៉ាងតិច១០នាក់រងរបួស ។ ការវាយប្រហារទាំងនេះធ្វើឡើងប៉ុន្មានម៉ោងមុនការមកដល់ក្រុងគៀវរបស់អគ្គលេខាធិការអូតង់លោកMARK RUTTE ដែលវាយតម្លៃថា ការវាយប្រហារចុងក្រោយទាំងនេះរបស់រុស្ស៊ីមិនបង្ហាញពីបំណងចង់បានសន្តិភាពពិតប្រាកដរបស់ក្រុងមូស្គូឡើយ ។
ការវាយប្រហារទាំងនោះសំដៅជាពិសេស បណ្ដាតំបន់ប្រជាជនរស់នៅនិងបណ្ដាញថាមពលរបស់ប្រទេស ជាមួយគោលដៅឲ្យជនស៊ីវិលគ្មានអគ្គិសនីប្រើ ដាច់ម៉ាស៊ីនកម្ដៅ ដាច់ទឹកពេលរដូវរងា ។ ការវាយប្រហារដែលសំដៅផ្នែកថាមពលអ៊ុយក្រែននេះ កើតមានក្រោយភាពស្ងប់ស្ងៀមមួយសប្ដាហ៍តាមសំណើរបស់លោកដូណាល់ត្រាំ ។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបរិហារថា នោះជាការវាយប្រហារទាំងងងើល ប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយប្រើមីស៊ីលបាលីស្ទិកច្រើនគ្រាប់បំផុត ។ លោកក៏ចោទរុស្ស៊ីផងដែរថា ឆ្លៀតយកការផ្អាកវាយប្រហារ ដើម្បីប្រមូលមីស៊ីលបាលីស្ទិកឲ្យបានច្រើនគ្រាប់និងរង់ចាំបណ្ដាថ្ងៃ ដែលធាតុអាកាសត្រជាក់ខ្លាំងបំផុតដល់២០អង្សាសេក្រោមសូន្យ ទើបវាយប្រហារ ។ ប្រធានាធិបតីអ៊ុយក្រែនស្នើដល់បណ្ដាសម្ព័ន្ធមិត្តលោកខាងលិច ឲ្យផ្ដល់ថែមទៀតប្រព័ន្ធការពារអាកាស និងធ្វើការគាបសង្កត់កម្រិតខ្ពស់បំផុតលើរុស្ស៊ី ដើម្បីឲ្យបញ្ចប់សង្គ្រាម ។

នៅក្រុងគៀវការវាយប្រហារបណ្ដាលឲ្យខូចខាតនិងឆេះបណ្ដាអគារស្នាក់នៅ និងស្ថានីយចាក់ប្រេងមួយ បណ្ដាលឲ្យមនុស្ស៥នាក់រងរបួស ។ ការវាយប្រហាររបស់រុស្ស៊ីប៉ះពាល់ដល់បណ្ដាមជ្ឈមណ្ឌលអគ្គិសនីធ្វើអាជីវកម្មដោយក្រុមហ៊ុនDTEK ជាក្រុមហ៊ុនថាមពលឯកជនធំបំផុតរបស់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ