ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្តៅ​រវាង​សហរដ្ឋអាមេរិក និង​អឺ​រ៉​ង់ ជំរុញ​ឱ្យ​តម្លៃ​មាស​អន្តរជាតិ​ស្ទុះ​ងើបឡើង​វិញ

2 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​វិញ នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ការ​ស្ទុះ​ងើបឡើង​វិញ​នេះ ដោយសារ​តម្រូវការ​កើនឡើង​ខ្លាំង…

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​វិញ នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ការ​ស្ទុះ​ងើបឡើង​វិញ​នេះ ដោយសារ​តម្រូវការ​កើនឡើង​ខ្លាំង ខណៈ​ដែល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ឡើងក​ម្តៅ​វិញ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​រ៉​ង់​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទី​ភ្នា​ក់​សារព័ត៌មាន Reuters ។

មាស​អន្តរជាតិ​បាន​ហក់​ឡើង​ដល់ ៥ ០៨៩ ដុល្លារ​ក្នុង​១​អោន ឬ ៦ ១៣១ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ មុន​រក្សា​តម្លៃ​នៅ​ត្រឹម ៥ ០៧៥ ដុល្លារ​/​អោន ឬ ៦ ១១៤ ដុល្លារ​/​តម្លឹង គិត​ត្រឹម​ម៉ោង ២ នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​)​។ មាស​អន្តរជាតិ​បាន​បំបែក​កំណត់​ត្រា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន ៥ ៥៩៤ ដុល្លារ​/​អោន ឬ ៦ ៧៣៩ ដុល្លារ​/​តម្លឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​។

អ្នកវិភាគ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន IndusInd Securities បាន​លើក​ឡើង មាស​បាន​ឡើងថ្លៃ​វិញ​ដល់​កម្រិត​សំខាន់ ៥ ០០០ ដុល្លារ​/​អោន ដោយសារ​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ បន្ទាប់​ពី​យោធា​អា​មេ​រិ​កបាន​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ី​រ៉​ង់​។ យោង​តាម​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បានឱ្យ​ដឹង​ថា យោធា​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ បាន​បាញ់​ទម្លាក់​ដ្រូ​ន​១​គ្រឿង​របស់​អ៊ី​រ៉​ង់ ដែល​បាន​ហោះ​ចូល​ទៅ​ជិត​នាវា​ផ្ទុក​យន្តហោះ Abraham Lincoln នៅ​សមុទ្រ​អា​រ៉ាប់​។ ដ្បិត​ការ​ចរចា​នុយក្លេអ៊ែរ​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អូ​ម៉​ង់ នា​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​។

ងាក​ទៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ឯណោះ​វិញ កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការ​ចំណាយ​មួយ ដើម្បី​បញ្ចប់​ការ​បិទ​ដំណើរ​រដ្ឋាភិបាល​អា​មេ​រិ​កមួយ​ផ្នែក ដែល​បាន​ពន្យារពេល​ការ​ចេញផ្សាយ​របាយការណ៍​ទិន្នន័យ​ការងារ​សំខាន់​ៗ នៅ​ស​ប្តា​ហ៍​នេះ​។ ស្រប​ពេល​វិនិយោគិន​រំពឹង​ថា​នឹង​មានការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) យ៉ាង​ហោច​ណាស់ ២ លើក នៅ​ឆ្នាំ ២០២៦​។

មាស​ដែល​មិន​ផ្តល់​ការ​ប្រាក់ ជា​ធម្មតា​តម្លៃ​តែង​កើនឡើង អំឡុង​ពេល​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​សកល និង​អត្រា​ការ​ប្រាក់​ទាប​។ លោហៈ​ដ៏​មាន​តម្លៃ​មួយ​នេះ គឺជា​ទ្រព្យសកម្ម​ដ៏​មាន​សុវត្ថិភាព​បំផុត អំឡុង​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​សកល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ