ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតវ៉ាថ្មីៗបន្ថែមទៀតប្រឆាំងនឹងសកម្មភាពភាគីថៃក្នុងទីតាំងដណ្តើមកាន់កា.ប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា

2 នាទី មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ប៉ែន បូ​ណា បាន​លើក​ឡើង​អំពី​ការ​តវ៉ា​ថ្មី​ៗ​ទៀត​របស់​កម្ពុជា ប្រឆាំង​នឹង​សកម្មភាព​របស់​ភាគី​ថៃ នៅ​ក្នុង​ទីតាំង​ដែល​ខ្លួន​ដណ្តើម​កាន់កាប់​ដោយ​កម្លាំងយោធា ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ប៉ែន បូ​ណា បាន​លើក​ឡើង​អំពី​ការ​តវ៉ា​ថ្មី​ៗ​ទៀត​របស់​កម្ពុជា ប្រឆាំង​នឹង​សកម្មភាព​របស់​ភាគី​ថៃ នៅ​ក្នុង​ទីតាំង​ដែល​ខ្លួន​ដណ្តើម​កាន់កាប់​ដោយ​កម្លាំងយោធា ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​តវ៉ា​យ៉ាង​ខ្លាំង និង​ជា​ផ្លូវការ​ប្រឆាំង​នឹង​ទស្សនកិច្ច​ត្រួតពិនិត្យ​ទីតាំង ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​អនុព័ន្ធយោធា​បរទេស​មួយ​ក្រុម និង​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ដឹកនាំ​ដោយ​ប្រធាន​ចារកម្ម​កងទ័ព​ថៃ នៅ​សណ្ឋាគារ​ពីរ​កន្លែង ស្ថិត​នៅ​ក្នុងស្រុក​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ទស្សនកិច្ច​ពិនិត្យ​ទីតាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការ​រំ​លោ​.​ភលើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ។

សូម​បញ្ជាក់​ថា សណ្ឋាគារ និង​ទីតាំង ដែល​ត្រូវ​បាន​ធ្វើ​ទស្សនកិច្ច​ត្រួតពិនិត្យ​នោះ ស្ថិត​នៅ​ចម្ងាយ​៣៩៧ ម៉ែត្រ​ពី​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ដែល​ស្ថិត​នៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​១៥​។ តំបន់​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រើ​កម្លាំង និង​កាន់កាប់​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ ក្នុងអំឡុងពេល​នៃ​ការ​វាយលុក​របស់​ពួក​គេ​មក​លើ​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​៧-២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​បដិសេធ និង​ជំទាស់​យ៉ាង​ដាច់អហង្ការ​ចំពោះ​ប្រ​តិ ប​ត្តិ​ការ ដែល​ធ្វើ​ឡើង​ដោយ​កង​កម្លាំងយោធា​ថៃ រួម​ទាំង​ការ​អនុវត្ត​អធិបតេយ្យ​របស់​ថៃ ដោយ​ខុសច្បាប់​តាម​រយៈ​ការ​រៀបចំ​ទស្សនកិច្ច​ដូចដែល​បាន​រៀបរាប់​ខាងលើ ដែល​ជា​ការ​រំ​លោ​.​ភលើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន និង​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​ស្របច្បាប់​នូវ​ការ​កាន់កាប់​របស់​ខ្លួន​លើ​ទឹកដី​អធិបតេយ្យ​របស់​កម្ពុជា ។

ទន្ទឹម​នឹង​ការ​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​សកម្មភាព​របស់​ប្រទេស​ថៃ រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ជាប់ខ្ជួន និង​ឥត​ងាករេ​របស់​ខ្លួន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ជម្លោះព្រំដែន​ទាំងអស់​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់​របស់​ខ្លួន​តាម​រយៈ​មធ្យោបាយ សន្តិភាព ស្រប​តាម​ច្បាប់​អន្តរជាតិ ហើយ​កម្ពុជា នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល ក៏​បាន​លើក​ឡើង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦​ដែរ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​តវ៉ា​យ៉ាង​ដាច់អហង្ការ​ទៅ​កាន់​ក្រសួង​វប្បធម៌​ថៃ ពាក់ព័ន្ធ​នឹង​សកម្មភាព​នានា ដែល​អាជ្ញាធរ​ថៃ​បាន​អនុវត្ត​នៅ​តាម​តំបន់​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ ប្រាប់​ភាគី​ថៃ​ឡើង​វិញ​ថា ទីតាំង​ប្រាសាទ​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ទាំងស្រុង ដូចដែល​បាន​កំណត់​យ៉ាង​ច្បាស់​ដោយ​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ និង​នៅ​តែ​មាន​សុពលភាព​ស្រប​តាម​ច្បាប់​អន្តរជាតិ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍ នៃ​ការ​ខូចខាត​ធ្ងន់ធ្ងរ និង​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​នៃ​ប្រាសាទ​តា​ក្របី ដែល​ជាទី​កន្លែង​សក្ការៈ ដែល​មាន​តម្លៃ​ខាង​វប្បធម៌​ដ៏​សំខាន់​ជា​ដួង​ព្រលឹង​របស់​ប្រជាជន​ខ្មែរ និង​ជា​បេ​តិក ភណ្ឌ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​ថែរក្សា​អស់​រយៈពេល​រាប់​សតវត្សរ៍​មក​ហើយ​។

ដូច្នេះ កម្ពុជា​មិន​អាច​ទទួលយក​បាន​ឡើយ​នូវ​ការ​ប្រើប្រាស់​កម្លាំង​ណាមួយ​ប្រឆាំង​ទៅ​នឹង​តំបន់​វប្បធម៌ និង​បុរាណវិទ្យា សកម្មភាព​ស្តារ​ឡើង​វិញ អភិរក្ស ចុះបញ្ជី ឬ​ការ​សាងសង់​ណាមួយ​ដែល​អនុ​វ ត្ត​ដោយ​ឯកតោភាគី ដោយ​គ្មាន​ការ​យល់ព្រម​ពី​ភាគី​កម្ពុជា ឬ​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់ ឬ​បំផ្លាញ​ស្ថានភាព​ផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និង​វប្បធម៌​នៃ​តំបន់​ទាំងនេះ​។

ក្រសួង​ក៏​បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំងអស់​នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ហើយ​ត្រូវ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា និង​ដោះស្រាយ​បញ្ហា ពាក់ព័ន្ធ​ទាំងអស់​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ និង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ របស់​កម្ពុជា ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ភាព​ស្របច្បាប់ និង​គោលការណ៍​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ មុខ​សកម្មភាព​រំលោភ​បំពាន​មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា និង​កំពុង​ជំរុញ ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ត្រង់​ចំណុច​ទី​៣ ដែល​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈ​កម្ម ការ​ចំរុះ​ព្រំដែន​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខ័​ណ្ឌ​សីមា​ព្រំដែន​ឱ្យ​បាន​ឆាប់រហ័ស​បំផុត​ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព យូរអង្វែង​តាម​បណ្តោយ​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ