អភិបាលស្រុកថាឡាបរិវ៉ាត់ បកស្រាយជុំវិញបញ្ហាកា.ប់ឈើធ្វើទូក «ង» និងការឆ្លៀតឱកាសរបស់ក្រុមឈ្មួញខិលខូច
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក សាយ កុសល…
ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក សាយ កុសល…
ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក សាយ កុសល អភិបាលស្រុកថាឡា
បរិវ៉ាត់ ខេត្តស្ទឹងត្រែង បានបង្ហោះសារបញ្ជាក់យ៉ាងច្បាស់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវ
ការ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ និងការយល់ច្រឡំមួយចំនួនពាក់ព័ន្ធនឹងករណីការកាប់ឈើ
យកមកធ្វើទូក «ង» ក្នុងមូលដ្ឋានរបស់លោក ។
ខ្លឹមសារដើមរបស់លោកអភិបាលស្រុកនៅក្នុងសារនោះ លោកអភិបាលស្រុកបានបង្ហាញក្ដីអាណិតអាសូរចំពោះដើមឈើធំៗដែលត្រូវបានកាប់បំផ្លាញក្រោមលេស «ធ្វើទូកង» ប៉ុន្តែជាក់ស្ដែងបែរជាគ្មានម្ចាស់ទទួលខុសត្រូវនៅពេលមានបញ្ហាផ្លូវច្បាប់កើតឡើង ។
លោកបានសរសេរថា ៖ «អាណិតឈើទាំងនេះណាស់ ពេលមានបញ្ហាអត់មានម្ចាស់អត់មានអ្នកណាទទួលស្គាល់ ទាំងអស់… ពេលកាប់អុចធូបសុំថាធ្វើទូក (ង) ដល់ឥឡូវមិនដឹងថាត្រូវធ្វើអីទេ» ។ លោកក៏បានសង្កត់ធ្ងន់ថា អាជ្ញាធរមិនបានហាមឃាត់ការថែរក្សាវប្បធម៌ទូក «ង» នោះទេ ប៉ុន្តែត្រូវតែមានច្បាប់ទម្លាប់ត្រឹមត្រូវ ៖ «បើស្គាល់ឈើខ្លួន ដាក់ពាក្យស្នើសុំវិញបាន ដោយភ្ជាប់ជាមួយលិខិតអនុញ្ញាតធ្វើទូក (ង) ផង គឺបានហើយ ងាយស្រួលទេ សាមញ្ញៗ កុំឱ្យគេយល់ច្រឡំទៀត» ។
ការវែកញែក ៖ គោលដៅពិតគឺក្រុម «ត្រីងៀតឆ្លៀតពង» យោងតាមការវិភាគលើខ្លឹមសារ និងស្ថានភាពជាក់ស្ដែង ការលើកឡើងរបស់លោក សាយ កុសល គឺសំដៅទៅលើក្រុមឈ្មួញខិលខូចដែលប្រើរូបភាព «វប្បធម៌» ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬដែលហៅថា «ត្រីងៀតឆ្លៀតពង» ។ និយាយអោយងាយយល់សុំច្បាប់កាប់ឈើ ០៣ ដើម កាប់ ៥ដើម (សំណើ ៥ ធ្វើ ៨) ។
ជាក់ស្តែងមានករណីខ្លះ សុំច្បាប់ក្នុងនាមទូកឈ្មោះម្យ៉ាង ប៉ុន្តែពេលធ្វើរួចបែរ ដាក់ឈ្មោះផ្សេងទៅវិញ ដែលបង្ហាញពីភាពមិនប្រក្រតីនៃតម្លាភាព ។ ប្រើលេសធ្វើទូកតាំងពីរដូវប្រាំងដល់រដូវវស្សា ដើម្បីមានឱកាសចូលព្រៃកាប់ឈើដោយខុសច្បាប់ជាបន្តបន្ទាប់ ។
ពាក់ព័ន្ធនឹងវីដេអូខ្លីៗដែលត្រូវបានកាត់តចែកចាយលើបណ្ដាញសង្គម លោកអភិបាលស្រុកបានបញ្ជាក់ថា លោកមិនបានមានប្រសាសន៍ថា «ការធ្វើទូកង គឺជាការបំផ្លាញព្រៃឈើ» នោះទេ ។ ផ្ទុយទៅវិញ លោកគាំទ្រជានិច្ចចំពោះមរតកវប្បធម៌ខ្មែរ ប៉ុន្តែលោកប្រឆាំងនឹងការយកវប្បធម៌មកធ្វើជាខែលបាំងសកម្មភាពល្មើសច្បាប់ ។
ចំពោះការរិះគន់ ឬការជេរប្រមាថពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន លោក សាយ កុសល បានបង្ហាញនូវចិត្តអត់ធ្មត់ដោយបញ្ជាក់ថា លោកមិនប្រកាន់ទោសពៃរ៍ឡើយ ព្រោះលោកយល់ថា នោះមកពីការមិនទាន់យល់ច្បាស់ពីសភាពការណ៍ពិត ។
អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មានមួយចំនួនតូច គួរពិចារណាឱ្យបានល្អិតល្អន់ និងស្វែងយល់ពីអង្គហេតុឱ្យគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការរិះគន់ ឬចែកចាយព័ត៌មានដែលអាចបង្កឱ្យមានភាពចលាចល និងការយល់ច្រឡំក្នុងសង្គម ៕








ចែករំលែកព័តមាននេះ