ប្រទេសចិន ៖ ប្រទេសចិននឹងហាមឃាត់ការលក់រថយន្តប្រើប្រាស់ដៃទ្វារបង្កប់ ដោយអនុវត្តចាប់ពីឆ្នាំ ២០២៧ ដែលនឹងធ្វើឱ្យមហាយក្សអាស៊ីមួយនេះ ក្លាយជាប្រទេសដំបូងគេលើពិភពលោក ឈប់ប្រើប្រាស់ដៃទ្វារប្រភេទនេះ ខណៈដៃទ្វារប្រភេទនេះ ត្រូវបានរចនាឡើងដំបូងដោយក្រុមហ៊ុនផលិតអាមេរិក Tesla របស់មហាសេដ្ឋី Elon Musk ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ នេះបើតាមប្រភពពី Reuters និង BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ការរចនាដៃទ្វារបង្កប់ ដែលដំណើរការតាមរយៈការបញ្ជាតេឡេពីចម្ងាយ ឬទូរស័ព្ទចល័ត ឬចុចដោយដៃផ្ទាល់ (ស្នាមម្រាមដៃ) កំពុងប្រឈមមុខនឹងការត្រួតពិនិត្យពីអ្នកឃ្លាំមើលសុវត្ថិភាពជុំវិញពិភពលោកយ៉ាងម៉ត់ចត់ រួមទាំងនៅសហរដ្ឋអាមេរិក និងប្រទេសចិន លើហានិភ័យសុវត្ថិភាពដែលអាចកើតមាន។
កាលពីឆ្នាំមុន ទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតលើកំហុសឆ្គងមួយលើការគ្រប់គ្រងទ្វារសង្គ្រោះបន្ទាន់របស់រថយន្ត Tesla Model 3។ ក្រុមហ៊ុន Tesla ដែលមិនបានធ្វើអត្ថាធិប្បាយលើការស៊ើបអង្កេតនៅពេលនោះ ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយកាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ ផងដែរ។ នេះបើតាម Reuters ចេញផ្សាយ។
ក្រសួងឧស្សាហកម្មចិន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសថា ស្ថិតក្រោមតម្រូវការបច្ចេកទេសសុវត្ថិភាពថ្មីរបស់ខ្លួន ទ្វាររថយន្តនីមួយៗគួរតែត្រូវបានបំពាក់ដោយដៃទាញទាំងខាងក្រៅ និងខាងក្នុងរថយន្ត។ គោលនយោបាយថ្មីរបស់ចិនបានកំណត់ច្បាប់សម្រាប់ដៃទ្វារទាញត្រូវតែស្ថិតនៅខាងក្រៅរថយន្ត និងរបៀបដែលដំណើរការត្រូវធានាថា អាចបើកបានក្នុងករណីមានគ្រោះថ្នាក់។ ច្បាប់ក៏តម្រូវឱ្យដៃទាញខាងក្នុងអាចមើលឃើញយ៉ាងច្បាស់ផងដែរ។ ក្រសួងបានបញ្ជាក់ថា ម៉ូដែលរថយន្តថ្មីត្រូវតែកែប្រែការរចនាដៃទ្វារជាមួយបទប្បញ្ញត្តិថ្មី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។
ការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើល កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីខែតុលា ឆ្នាំ២០២៥ បានរាយការណ៍ថា អ្នកបើកបររថយន្តចិន Xiaomi SU7 Ultra បានស្លាប់ក្នុងគ្រោះថ្នាក់ដ៏រន្ធត់មួយ បន្ទាប់ពីអ្នកនៅក្បែរកន្លែងកើតហេតុមិនអាចបើកទ្វាររថយន្ត ដើម្បីទាញជនរងគ្រោះចេញពីរថយន្តដែលកំពុងឆាបឆេះបាន។ ក្រុមហ៊ុន Xiaomi ដែលមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើហេតុការណ៍នៅពេលនោះ ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ កាលពីថ្ងៃទី៣ ខែកុម្ភៈ ផងដែរ។ នេះបើតាមការចេញផ្សាយពី Reuters៕


JPEGmini
ចែករំលែកព័តមាននេះ