ខេត្តមណ្ឌលគិរី ៖ ក្រោយពីបើកដំណើរការការិយាល័យតំណាងប្រចាំខេត្តមណ្ឌលគិរី កាលពាក់កណ្តាលឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បាននិងកំពុងដោះស្រាយវិវាទជូនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្ត រយៈពេល៥ខែ ចំនួនជាង៦០ករណី ដើម្បីនាំយកយុត្តិធម៌ឱ្យកាន់តែខិតជិតមូលដ្ឋាន និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងខេត្ត ។

លោក អៀម ប៊ុនលី ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី បានឱ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្នុងរយៈពេល៥ខែ ការិយាល័យតំណាង អ.ដ.ក. ទទួលបានបណ្តឹង៦៤ករណី និងដោះស្រាយបញ្ចប់ដោយជោគជ័យ ២២ករណី ដែលក្នុងនោះ រួមមាន បណ្តឹងផ្ទាល់ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងនៅការិយាល័យផ្ទាល់ចំនួន៤៦ករណី ។

បណ្តឹងបញ្ជូនសំណុំរឿងដែលបញ្ជូនមកពីអគ្គលេខាធិការដ្ឋាន អ.ដ.ក. មានចំនួន១៨ករណី ។
លទ្ធផលដោះស្រាយ ការិយាល័យបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងទទួលបានការព្រមព្រៀងគ្នា ចំនួន២២ករណី និងសំណុំរឿងបន្ត បច្ចុប្បន្នមានសំណុំរឿងចំនួន៤២ករណីទៀត កំពុងស្ថិតក្នុងដំណាក់កាលចាត់ការ និងដោះស្រាយតាមនីតិវិធី ។

លោក អៀម ប៊ុនលី បន្តថា ក្រៅពីការដោះស្រាយវិវាទ ការិយាល័យក៏បានយកចិត្តទុកដាក់លើការកសាងសមត្ថភាពមន្ត្រី និងការយល់ដឹងជាសាធារណៈផងដែរ ។ យន្តការនៃការបង្កើតការិយាល័យតំណាង អ.ដ.ក. នេះ គឺធ្វើឡើងស្របតាមអនុស្សរណៈយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានរហ័សប្រកបដោយតម្លាភាព និងកាត់បន្ថយការឡើងតុលាការ ។

បច្ចុប្បន្ន ការិយាល័យតំណាង អ.ដ.ក. ខេត្តមណ្ឌលគិរី កំពុងបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីបន្តដោះស្រាយសំណុំរឿងដែលនៅសេសសល់ និងពង្រីកការយល់ដឹងដល់ពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ