ខេត្តកំពង់ចាម ៖ គណៈកម្មការចម្រុះបានចុះត្រួតពិនិត្យដីលំនៅឋានមួយកន្លែង ស្ថិតក្នុងភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដោយសារតែម្ចាស់ដីបានសាងសង់សំណង់រឹងមាំ គឺរបងបេតុងរំលោភចូលដីចំណីទន្លេ ហើយដីនេះ មិនមានប្លង់ថែមទៀត អាជ្ញាធរបានដាក់ឱសានវាទរយៈពេល៧ថ្ងៃ តម្រូវឲ្យម្ចាស់វាយរបងថ្មចេញវិញ ។

អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃបានប្រាប់ឲ្យដឹងតាមទូរសព្ទ កាលពីល្ងាចថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៦ថា ដោយសារតែមើលឃើញដីលំនៅឋានមួយកន្លែងបានសង់បំពានច្បាប់នោះ លោក ទុន ណេត អភិបាលស្រុកកំពង់សៀម លោក ជឹង ម៉េងហុង អភិបាលស្រុក លោកនាយករងរដ្ឋបាលស្រុក មន្ត្រីប៉ុសិ៍រដ្ឋបាលឃុំ ចុះពិនិត្យទីតាំងដីធ្វើរបងដោយគ្មានលិខិតអនុញ្ញាត និងសាងសង់ចូលដីចំណីទន្លេរបស់ម្ចាស់ដី ឈ្មោះ លីម ជាម៉េង នៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ដែលសកម្មភាពនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣ កុម្ភៈ ២០២៦។

មេឃុំកៀនជ្រៃបានបន្តឲ្យដឹងទៀតថា កន្លងមក ម្ចាស់ទីតាំងដីនេះបានឱ្យឡានចាក់ដីចូលទីតាំងរបស់ខ្លួនថែមទាំងបានរៀបចំខឿនបេតុងផ្នែកខាងក្រោយដីទៀត ឃើញបែបនេះបានហៅម្ចាស់មកធ្វើកិច្ចសន្យានៅសាលាឃុំកៀនជ្រៃម្ដងរួចមកហើយ ។ តែក្រោយមក ម្ចាស់ដីនោះ នៅតែបំពានមិនស្ដាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក៏ត្រូវបានហៅទៅធ្វើកិច្ចសន្យានៅសាលាស្រុកកំពង់សៀមម្ដងទៀត ។

លុះមកដល់ពេលថ្មីៗនេះ ស្រាប់តែម្ចាស់ដីបានធ្វើរបងថ្មបេតុងព័ទ្ធជុំវិញដី ដែលពុំមានច្បាប់ និងផ្នែកខាងក្រោយសង់ប៉ះពាល់ដីចំណីទន្លេ ក៏ត្រូវបានលោកអភិបាលស្រុកដឹកនាំមន្ត្រីជំនាញចុះមកធ្វើកិច្ចសន្យាលើកចុងក្រោយ ដោយទុកពេលឱ្យម្ចាស់ដីប្រាំពីរថ្ងៃធ្វើយ៉ាងណាវាយកំទេចរបងថ្មចោលវិញ ។ ជាមួយនោះ បើសិនម្ចាស់ដីមិនធ្វើតាមអាជ្ញាធរនិងចាត់វិធានការតាមច្បាប់ ។

អ្នកស្រីមេឃុំកៀនជ្រៃបញ្ជាក់ថា សម្រាប់ដីលំនៅឋានរបស់ពលរដ្ឋនៅភូមិកៀនជ្រៃក្រៅ ដែលមានផ្ទះនៅប្របតាមដងទន្លេមេគង្គ គឺមានចំនួនប្រមាណ៥០ ទៅ៦០គ្រួសារ ដែលភូមិបាលស្រុកកំពង់សៀម មិនធ្វើប្លង់កម្មសិទ្ធិដីធ្លីជូននោះទេ។ ដោយសារតែការពិនិត្យមើលឃើញថា ច្បាប់ថ្មីដីលំនៅឋានចាប់ពី៥០ម៉ែត្រពីមាត់ទន្លេ ទើបអនុញ្ញាតធ្វើប្លង់ជូន ។ កត្តានេះ បានបង្កឲ្យមានផលវិបាក បើពលរដ្ឋចង់ខ្ចីលុយធនាគារឯកជនក៏ខ្ចីមិនបាន ព្រោះកាលណាខ្ចីលុយត្រូវមានតម្កល់ប្លង់ផ្ទះ ។


ចែករំលែកព័តមាននេះ