សម្ដេចតេជោ ប្រធានព្រឹទ្ធសភាអញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាអញ្ជើញពិសាអាហារពេលព្រឹកជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ។
នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសាអាហារពេលព្រឹកជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសឯកឧត្តម និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការកសាងនិងរក្សាសន្តិភាព ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕


ចែករំលែកព័តមាននេះ