ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគ​បាល​ចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​តទៅ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ដោយសារ​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​ចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពីចរាចរណ៍​ផ្លូវគោក​ឡើង​វិញ ​ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​តទៅ​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​របស់​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​។ ប្រភព​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ​ ៖​ ដោយសារ​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​ចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពីចរាចរណ៍​ផ្លូវគោក​ឡើង​វិញ ​ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​តទៅ​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​របស់​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​។

ប្រភព​បាន​លើក​ឡើង​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថា ក្នុង​រយៈពេល១៦០​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកក្កដា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥) ក្នុងអំឡុងពេល​មាន​ជម្លោះ ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំ ដែន​កម្ពុជា​-​ថៃ ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ត្រូវ​បាន​បន្ធូរបន្ថយ​មួយ​រយៈ​ ។

អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​នោះ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​៣៤​លើក ស្មើ​៣% អ្នក​ស្លាប់​កើន​៦២​នាក់ ស្មើ​១០% និង​អ្នក​របួស​កើន​២០៩​នាក់ ស្មើ​១៥% បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤​ ។

ជា​ពិសេស​ រយៈពេល១​ខែមករា ដើមឆ្នាំ​២០២៦ ធៀប​នឹង​ខែមករា ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​កើន​៤២​លើក ស្មើ​១៩% អ្នក​ស្លាប់​កើន​២៥​នាក់ ស្មើ​១៨% និង​អ្នក​របួស​កើន​៦៤​នាក់ ស្មើ​២៣%​។ មូលហេតុ​បង្ក​គ្រោះថ្នាក់​រួម​មាន ការ​បើកបរ​ល្មើស​ល្បឿន​៤៧% មិន​គោរព​សិទ្ធិ​២១% មិន​ប្រកាន់​ស្តាំ​១០% ប្រជែង​គ្រោះថ្នាក់​៧% បត់​គ្រោះថ្នាក់​៦% ស្រវឹង​៣% សញ្ញា​ចរាចរណ៍​២% កត្តា​យាន​១% ងងុយ​១% និង​កត្តា​ផ្លូវ​១% ។

ប្រភព​បាន​បញ្ជាក់​ថា​៖​ដើម្បី​បន្ត​រួមចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល ទី​៧​នៃ​រដ្ឋសភា និង​ផែនការ​ទស្សវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​២០២០-២០៣០ ឱ្យ​សម្រេច​បាន ជោគជ័យ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួម​ធ្វើ​ឱ្យ​ដងផ្លូវ អ្នកបើកបរ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​កាន់តែ​មាន​សុវត្ថិភាព​និង​សណ្តាប់​ល្អ​នៅ​គ្រប់​ទីកន្លែង ជំរុញ​ឱ្យ​សាធារណជន មានការ​យល់​ដឹង​អំពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​ការ​ជួយ​កាត់​បន្ថយ​ចំនួន គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​អ្នក​ស្លាប់ ចំនួន​អ្នក​របួស ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន​ឱ្យ​បាន ជា​អតិបរមា ។

ក្នុង​ន័យ​ខាងលើ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នឹង​ចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ ​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​តទៅ​ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិមាន​សង្ឃឹម​និង​ជឿជាក់​ថា ​គ្រប់​ក្រសួង ស្ថាប័ន​ទាំង​ក្នុង​វិស័យ សាធារណៈ ឯកជន សង្គម​ស៊ី​វិល និង​សាធារណជន​គ្រប់​រូប​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ នឹង​ចូលរួម​ចំណែក​យ៉ាង សកម្ម​ដោយ​ស្មារតី​ស្វ័​យ​ម្ចាស់​ការ ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​កាត់​បន្ថយ​នូវ​ព្យសនកម្មផ្សេង​ៗ​ដោយសារ​គ្រោះថ្នាក់ ស្រប​តាម​ផែនការ​ដែល​បាន​គ្រោងទុក និង​នាំ​មក​នូវ​សុវត្ថិភាព​កាន់តែ​ល្អ​ប្រសើរ ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​កាលៈទេសៈ និង​ស្រប​តាម​ពាក្យស្លោក ថ្ងៃនេះ ​ថ្ងៃស្អែក ​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ