រាជធានីភ្នំពេញ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសានក្នុងកម្លាំងមធ្យម ដែលធ្វើឱ្យស្ថានភាពធាតុអាកាសមានលក្ខណៈត្រជាក់ និងស្ងួត ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងអំឡុងពេលនេះ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ រួមមានជួរភ្នំដងរែក និងជួរភ្នំក្រវាញ ជាតំបន់ដែលចុះត្រជាក់ជាងគេបំផុត ដោយសីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ១៩°C លាយឡំដោយខ្យល់បក់មកពីទិសឧត្តរ និងឦសានក្នុងល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។
ដោយឡែក សម្រាប់តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងស្ថិតក្នុងរង្វង់ ២១°C ដែលនៅតែរក្សាភាពត្រជាក់នាពេលយប់ និងព្រលឹមស្រាងៗ ទោះបីជាពេលថ្ងៃត្រង់កម្តៅអាចឡើងដល់ ៣៣°C ក៏ដោយ។
ជារួម ស្ថានភាពធាតុអាកាសទូទាំងប្រទេសក្នុងរយៈពេលនេះ គឺពុំមានភ្លៀងធ្លាក់ឡើយ ដែលផ្តល់ភាពអំណោយផលដល់ការរស់នៅ និងការធ្វើដំណើរ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ខ្ពង់រាប ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះការប្រែប្រួលសីតុណ្ហភាពនេះ៕
ចែករំលែកព័តមាននេះ