ទីក្រុងមូស្គូ៖ ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បានឃាត់ខ្លួនជនបរទេសម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការវាយប្រហារដោយគ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ទីក្រុងមូស្គូ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានឧបករណ៍បំផ្ទុះច្នៃរួចជាស្រេចដែលមានផ្ទុកជាតិផ្ទុះទម្ងន់ ៥ គីឡូក្រាម និងទូរស័ព្ទដៃដែលមានភស្តុតាងឆ្លើយឆ្លងជាមួយភ្នាក់ងារអ៊ុយក្រែន។ អាជ្ញាធររុស្ស៊ីអះអាងថា ជនសង្ស័យរូបនេះធ្វើសកម្មភាពតាមការណែនាំរបស់អង្គការភេរវកម្មអ៊ុយក្រែន ដើម្បីបង្កវិនាសកម្ម និងភាពចលាចលនៅក្នុងទឹកដីរុស្ស៊ី។
ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានចូលដល់ដំណាក់កាលតានតឹង ហេដ្ឋារចនាសម្ព័ន្ធថាមពលបានក្លាយជាគោលដៅយុទ្ធសាស្ត្រចម្បងសម្រាប់ការវាយប្រហារសងសឹកគ្នាទៅវិញទៅមក។ រុស្ស៊ីតែងតែចោទប្រកាន់ថា អ៊ុយក្រែនបានប្រើប្រាស់បណ្ដាញចារកម្ម និងជួលជនបរទេសឱ្យធ្វើសកម្មភាពវិនាសកម្មផ្ទៃក្នុង ដើម្បីកាត់ផ្ដាច់ប្រភពថាមពល និងបង្កការភ័យខ្លាចដល់ប្រជាជនស៊ីវិល ខណៈដែលអ៊ុយក្រែនតែងតែបដិសេធរាល់ការចោទប្រកាន់ទាំងនេះ៕
ចែករំលែកព័តមាននេះ