សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសសម្រាប់បន្ថែមរសជាតិម្ហូបប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ឃ្លាំង” សារធាតុចិញ្ចឹមដ៏សម្បូរបែប រួមមានវីតាមីន និងជាតិរ៉ែខនិកសំខាន់ៗជាច្រើន។ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ដែលជាពេលមេរោគឆ្លងរីករាលដាលខ្លាំង ការញ៉ាំខ្ទឹមសអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកបានយ៉ាងប្រសើរ តាមរយៈសារធាតុសំខាន់ៗដូចជា៖
សារធាតុ Allicin ដែលមានក្នុងខ្ទឹមស (បញ្ចេញឥទ្ធិពលនៅពេលយើងចិញ្ច្រាំ ឬបុក) មានសមត្ថភាពប្រឆាំងបាក់តេរី ជួយកាត់បន្ថយការតឹងច្រមុះ បញ្ចេញស្លេស្ម និងកាត់បន្ថយការក្អក។ លើសពីនេះ ខ្ទឹមសសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន B6 និង C ដែលជួយឱ្យរាងកាយងើបពីជំងឺបានឆាប់រហ័ស និងមានជាតិ Allyl sulfide ដែលជួយប្រឆាំងនឹងការរលាក និងការពារកោសិកាពីការបំផ្លាញ។
ទោះបីជាការញ៉ាំខ្ទឹមសឆៅក្នុងបរិមាណតិចតួចជារៀងរាល់ថ្ងៃផ្ដល់ផលល្អក៏ដោយ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនហួសប្រមាណឡើយ ព្រោះវាអាចបង្កផលរំខានដូចជា ក្រហាយទ្រូង រលាកមាត់ ហើមពោះ ចង្អោរ រាករូស និងបង្កឱ្យមានក្លិនខ្លួនមិនល្អ។ សម្រាប់អ្នកដែលមិនធ្លាប់ញ៉ាំ ឬមានស្បែកងាយប្រតិកម្ម ខ្ទឹមសអាចធ្វើឱ្យរមាស់ ឬរលាកបំពង់ក ហើយវាក៏អាចមានប្រតិកម្មជាមួយថ្នាំពេទ្យមួយចំនួនផងដែរ។
ដូច្នេះ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំប្រចាំកាយ លោកអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដោយសុវត្ថិភាពបំផុត៕
ចែករំលែកព័តមាននេះ