រាជធានីភ្នំពេញ ៖ ម៉ូតូ(កូនទា) ម៉ាកហុងដា TODAY មួយគ្រឿង ម្ចាស់កំពុងតែបើកបរសុខៗ ស្រាប់តែមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៥៥នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចគល់ស្ពាន ព្រះមុនីវង្សផ្នែកខាងកើត សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសាក្សី បានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ(កូនទា) ម៉ាកធូដេ១គ្រឿង បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរឆ្លងស្ពានព្រះមុនីវង្សក្នុងទិសដៅ ពីលិចទៅកើត។ លុះពេលធ្វើដំណើរមកដល់គល់ស្ពានខាងកើត ហើយបត់ឆ្វេងវាងរង្វង់មូល ប្រុងចូលផ្សារច្បារអំពៅ ស្រាប់តែភ្លើងបានឆាប់ឆេះម៉ូតូ ធ្វើឲ្យស្ត្រីរូបនោះ ឈប់ម៉ូតូហើយរត់ចេញ។ ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ច និងប្រជាការពារនាំគ្នា យកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់អស់ជាច្រើនបំពង់ ហើយភ្លើងបានរលត់ទៅវិញ។ ទោះបីជាយ៉ាងណា ម៉ូតូមួយគ្រឿងនោះ ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅសល់តែគ្រោងឆ្អឹងដែកតែប៉ុណ្ណោះ ។
ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ គេសង្ស័យថា បណ្តាលមកពីឆ្លងភ្លើង។ បន្ទាប់ពីកើតមានអគ្គិភ័យឆេះម៉ូតូ ស្ត្រីរូបនោះក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយទុក គ្រោងឆ្អឹងម៉ូតូប្រគល់អោយសមត្ថកិច្ចចាត់ចែង៕




ចែករំលែកព័តមាននេះ