ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​វៀតណាម​០៣​នាក់​ ​ឆក់​ទូរសព្ទ​ជនជាតិ​ចិន បាន​សម្រេច​នៅ​ក្រុង​បា​វិត

8 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​ ឃាត់ខ្លួន​ជនសង្ស័យ​ ០៣​នាក់ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ពីជនជាតិ​ចិន​ ចំនួន​០២គ្រឿង​ បាន​សម្រេច​ ក៏​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ភ្លាម​ៗ​ ។​…

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​ ឃាត់ខ្លួន​ជនសង្ស័យ​ ០៣​នាក់ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ពីជនជាតិ​ចិន​ ចំនួន​០២គ្រឿង​ បាន​សម្រេច​ ក៏​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ភ្លាម​ៗ​ ។​

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​មាន​០៣​នាក់​ ៖
ទី​១.​ឈ្មោះ ​ង្វៀ​ង ត្រឿ​ង​ណា​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ទីក្រុង​ហូ​ជី​មិ​ញ​(​អ្នក​ធ្វើ​សកម្មភាព​ឆក់​)​ ។
ទី​២.​ឈ្មោះ ​លឿង ទឹង​អា​ញ់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្រុក​តឹង​ហុង ខេត្ត​ដុ​ង​ថាប់​ប្រទេស​វៀតណាម (​បក្ខពួក​) ។
និង​ទី​៣.​ឈ្មោះ ​លឿង ហ្វា​កសាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្រុក​ឡុ​ង​សៀង ខេត្ត​អាងយ៉ាង (​បក្ខពួក​) ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ឈិ​ន វៃ​ជា (CHEN WEIJIE) ភេទ​ប្រុស អាយុ​៤៧ឆ្នាំ ​ជនជាតិ​ចិន មុខរបរ​មេការ​សំណង់ មាន​ទីលំនៅ​ខេត្ត​ហ្គ​ង​តុង ប្រទេស​ចិន បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ​។

សមត្ថកិច្ច​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត បាន​ទទួល​ពាក្យបណ្តឹង​០១​ច្បាប់ ​ពី​ជន​រង​គ្រោះ​ឈ្មោះ ឈិ​ន វៃ​ជា (CHEN WEIJIE) ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ​ជនជាតិ​ចិន មុខរបរ​មេការ​សំណង់ មាន​ទីលំនៅ​ខេត្ត​ហ្គ​ង​តុង ប្រទេស​ចិន បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ (​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស​) ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​រប​ខ្លួន​ចំនួន​០២ គ្រឿង​(​ម៉ាក IPHONE 17 ពណ៌​ទឹកក្រូច និង IPHONE 16 ពណ៌​ខ្មៅ​) កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំនុច​ផ្សារ​រាត្រី​១ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ភ្លាម សមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ ។

យោង​ការ​ពិនិត្យ​តាម​ប្រព័ន្ធ​កា​មេ​រ៉ា​សុវត្ថិភាព នៅ​ជុំវិញ​កន្លែង​កើតហេតុ សមត្ថកិច្ចក៏បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​បក្ខពួក លុះ​រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ សមត្ថកិច្ច​ជំនាញ​ប្រទះ​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ទាំង​បី​នាក់ នៅ​ជាមួយ​គ្នា រួម​នឹង​ម៉ូតូ ​(​ធ្វើ​សកម្មភាព​) នៅ​ត្រង់​ចំណុច​ខាងក្រោយ​ផ្សារ​អន្តរជាតិ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ក៏បាន​ឃាត់ រួច​នាំ​មក​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បា​វិត ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​សង្ស័យ​ឈ្មោះ ង្វៀ​ង ត្រឿ​ង​ណា​ម បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ចំនួន​០២គ្រឿង ពី​ជន​រង​គ្រោះ​ប្រាកដ​មែន ហើយ​ខ្លួន​បាន​យក​ទៅ​ទុក​នៅ​បន្ទប់​ជួល នៅ​ខាង​ម្តុំ​កាស៊ីណូ​សៀង​ហៃ ( ស្រុក​ច​ន្ទ្រា​) ខេត្តស្វាយរៀង ។

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​យើង​បាន​សុំ​គោលការណ៍​ពី​លោក​អធិការ ដើម្បី​គម្លាត​ដែន​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សំរោង ដើម្បី​ស្វែងរក​វត្ថុ​តាង​(​ទូរសព្ទ​) ។

សម្ភា​រៈ​ដែល​សមត្ថកិច្ច​យើង​ដកហូត​រួម​មាន ៖ ទូរសព្ទ I Phone 17 ពណ៌​ទឹកក្រូច ចំនួន​០១​គ្រឿង ទូរស័ព្ទ I Phone 16 ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​។ ​បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ