ខេត្តស្វាយរៀង ៖ ហួសចិត្ត ក្មេងប្រុសម្នាក់ ជិះម៉ូតូហុងដាសេ១២៥ មួយគ្រឿង ទៅផ្តួលនៅជិតរបងវត្ត ហើយបង្ហូរសាំងដុតម៉ូតូឆេះយ៉ាងសន្ធោសន្ធៅនៅសល់តែគ្រោងឆ្អឹង ។
ករណីនេះ បានកើតឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចខាងកើតរបងវត្តសន្តិភាព ហៅវត្តខ្លាហើរ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឃើញក្មេងប្រុសម្នាក់ អាយុប្រមាណជា១៤ឆ្នាំ ឬ១៥ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ និងមានក្មេងប្រុសម្នាក់ទៀត អាយុប្រមាណ១៣ឆ្នាំ បានជិះកង់អាគុយ ១គ្រឿង ឌុបក្មេងប្រុសម្នាក់អាយុប្រមាណជា១០ឆ្នាំ ជិះតាមពីក្រោយ ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែក្មេងប្រុសបង្កហេតុនោះ បានឈប់ម៉ូតូហុងដា រួចផ្តួលម៉ូតូទៅលើចិញ្ចើមថ្នល់ រួចបង្ហូរសាំងពីម៉ូតូ ហើយកេះដែកកេះ ដុតម៉ូតូចោលតែម្តង ។ ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅម៉ូតូ១គ្រឿងឆេះអស់ នៅសល់តែគ្រោងឆ្អឹង ប្រជាពលរដ្ឋនៅជិតនោះ បានត្រឹមតែឈរមើល និងថតរូបភាពតែប៉ុណ្ណោះ ។ សមត្ថកិច្ច ដាក់ការសង្ស័យថា ក្មេងបង្កម្នាក់នេះ ទំនងជាបែកថ្នាំ (គ្រឿងញៀន)ហើយ បានជាមានចរិតបែបនេះ ៕


ចែករំលែកព័តមាននេះ